សមត្ថកិច្ចចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បើកយុទ្ធនាការចុះត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញ និងរថយន្តកុងតឺនរ័ នៅគោលដៅដើមទី មុនអនុញ្ញាតឱ្យចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩តទៅ សមត្ថកិច្ចចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បើកយុទ្ធនាការចុះត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញ និងរថយន្តកុងតឺនរ័ នៅគោលដៅដើមទី មុនអនុញ្ញាតឱ្យចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ទាក់ទិនបញ្ហានេះ លោក ឈុន ហុង អគ្គនាយករងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី យ៉ើ យ៉ាន់ណូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ទទួលបន្ទុកការងារប្រចាំកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានឲ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ណែនាំ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់ចេញកាលពីពេលថ្មីៗនេះ និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានណែនាំ និងរំលឹកដល់កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តព្រះសីហនុ ត្រូវបន្តបើកយុទ្ធនាការត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញ និងរថយន្តកុងតឺន័រ ឱ្យបានជាច្រាំ ប្រយោជន៍ ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ។ ដោយផ្តោតសំខាន់ ពិនិត្យទៅលើលក្ខណៈបច្ចេកទេស របស់យានយន្ត ត្រួតពិនិត្យប័ណ្ណបើកបរ និងត្រួតពិនិត្យលក្ខណៈសម្បត្តិ របស់អ្នកបើកបររថយន្តដឹកទំនិញធុនធំ ឬរថយន្តកុថតឺន័រ ទាំងនោះផងដែរ។

ផ្តើមពីបញ្ហានេះ ទើបកម្លាំងសមត្ថកិច្ចស្ថាប័នចម្រុះខេត្តព្រះសីហនុ បានសហការគ្នា ចុះអនុវត្តការណែនាំខាងលើព្រមៗគ្នា ចាប់ពីចំណុចគោលដៅដើមទី រួមមាន គោលដៅទី១. ត្រួតពិនិត្យនៅកំពង់ផែស្វយ័តភ្នំពេញ និង គោលដៅទី២. ត្រួតពិនិត្យនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ចុងក្រោយ លោកឧត្តមសេនីយ៍ត្រី យ៉ើ យ៉ាន់ណូ បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរទាំងអស់ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា។ ជាងនេះទៀត ត្រូវត្រួតពិនិត្យសុខភាពបុកគ្គលិកជាអ្នកបើកបរ រថយន្តដឹកទំនិញរបស់ខ្លួនឱ្យបានជាប្រចាំ ដោយមិនត្រូវបើកបរស្ថិតក្នុងភាពស្រវឹង ជាពិសេសមិនត្រូវឱ្យមានជាប់ពាក់ព័ន្ធ ការប្រើប្រាស់គ្រឿងញៀន ឬមានសារធាតុញៀននៅក្នុងឈាមជាដាច់ខាត៕

Loading...