សមត្ថកិច្ចចម្រុះ អន្តរក្រសួង របស់ គ.ប.ផ.ក បានចុះបង្ក្រាបទីតាំងសិប្បកម្ម លីងកាហ្វេ និងសណ្តែក យីហោ ឈ្មោះថុន ណាត ដែលអន់គុណភាព និងខុសច្បាប់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ភ្នំពេញ៖ នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច របស់ គណៈម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចុះបង្ក្រាបទីតាំងសិប្បកម្ម លីងកាហ្វេ និងសណ្តែក យីហោ ឈ្មោះថុន ណាត ដែលអន់គុណភាព និងខុសច្បាប់ ស្ថិតនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ការចុះបង្ក្រាបនេះ មានការសម្របសម្រួលដោយលោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី និងតំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល។ ក្រោយពីការចុះត្រួតពិនិត្យ គណៈកម្មាធិការអន្តរក្រសួង របស់ គ.ប.ផ.ក. បានរកឃើញផលិតផលអន់គុណភាព និងខុសច្បាប់ជាច្រើនមុខរួមមាន ៖
១-គ្រាប់សណ្តែកសៀង ចំនួន៦០បាវ, ២-គ្រាប់កាហ្វេលេខ១ ចំនួន០៦បាវ, ៣-គ្រាប់កាហ្វេលេខ២ ចំនួន១០បាវ, ៤-កាហ្វេលីងរួច ចំនួន០៦បាវ, ៥-ម៉ាស៊ីនលាយប៊ឺ ចំនួន០១គ្រឿង, ៦-ម៉ាស៊ីនលាយស្ករ ចំនួន០១គ្រឿង, ៧-កាហ្វេច្រកជាកញ្ចប់រួច ចំនួន៣០កញ្ចប់, ៨-ប៊ឺរ ចំនួន០៦ធុង, ៩-មេក្លិនសំរាប់លាយកាហ្វេ ចំនួន១២ធុង, ១០-ទឹកត្រី ចំនួន០៣កាដុង, ១១-ស្រាស ចំនួន ០១កាន, កាហ្វេផលិតរួច ចំនួន ១៤កញ្ចាប់ (កាហ្វេខ្មែរធម្មជាតិ) ។ ក្នុងនោះក៏មានគ្រឿងសំរាប់លាយកាហ្វេមួយចំនួន៖ ប៊ឺរ, ទឹកស្ករ CARAMEL, មេក្លិនសំរាប់លាយកាហ្វេ, ល័ក្ខពណ៌, ស្ករស, អំបិល, ទឹកត្រី, ស្រាស, ប៊ីចេង, ទឹក,ដោះគោ, សណ្តែកសៀង។
ក្រោយពីការត្រួតពិនិត្យរួច សមត្ថកិច្ចចម្រុះ អន្តរក្រសួង របស់ គ.ប.ផ.ក ពិនិត្យឃើញថាទីតាំងសិប្បកម្ម
លីងកាហ្វេ និងសណ្តែកនេះមានកំហុសជាច្រើន៖
– មិនមានលើកស្លាកយីហោ
-ពុំមានចុះបញ្ជីផលិតផល(ចបផ)
-គ្មានវិញ្ញាបនប័ត្រត្រួតពិនិត្យគុណភាព
-នៅលើសំបកវិចខ្ចប់កាហ្វេមិនមានដាក់អាសយដ្ចាន និងរបៀបប្រើប្រាស់
-នៅលើសំបកវិចខ្ជប់កាហ្វេដាក់កាហ្វេសុទ្ធ១០០% ដែលនៅក្នុងការវិចខ្ជប់នោះលាយសារធាតុផ្សំជាច្រេីន
– ទីតាំងគ្មានអនាម័យ

ក្រៅពីសម្ភារៈវត្ថុតាងខាងលើនេះ សមត្ថកិច្ចពុំបានដកហូត រឺធ្វើអោយខូចខាតរបស់របរអ្វីទេ ហើយព្រះរាជអាជ្ញាបានអនុញ្ញាតឲ្យ សមត្ថកិច្ចចម្រុះ ឃ្លុំបេបិទទីតាំង និងអញ្ជើញម្ចាស់ទីតាំងខាងលើមកបំភ្លឺពាក់ពន្ធ័ករណីខាងលើ នៅលេខាធិការដ្ឋាន នៃគ.ប.ផ.ក. ដើម្បីអនុវត្តតាមនីតិវិធី​ នៃច្បាប់​ ជាបន្ត៕

 

Loading...