សមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូសឈើប្រណិតបានជិត៥០ដុំនៅទីតាំងមួយកន្លែងជិតប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង 

ខេត្តស្ទឹងត្រែង៖ ឈើប្រណិតជិត៥០ដុំ មានតម្លៃច្រើនពាន់ដុល្លារ បានរងការបង្ក្រាប និងរឹបអូស ពីមន្ត្រីព្រៃឈើដុងក្រឡ នាព្រឹកថ្ងៃ៨កក្កដា២០១៧នេះ នៅជិតប៉ុស្តិ៍រដ្ឋបាលនគរ បាល សង្កាត់សាមគ្គី ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មន្ត្រីព្រៃឈើសង្កាត់ដុងក្រឡបាននិយាយថា ក្រុមមន្ត្រីជំនាញបានចុះទៅបង្ក្រាប និងរឹបអូសឈើប្រណិតប្រភេទធ្នង់ បានចំនួន៤៤ដុំ ជារបស់ក្រុមឈ្មួញដែលលួចដឹកជញ្ជូនតាមម៉ូតូនៅពេលយប់ស្ងាត់ យកមកស្តុកទុកនៅទីតាំងមួយកន្លែង ជិតប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គី ដើម្បីលក់ទៅឲ្យឈ្មួញក្រុមផ្សេងទៀត ដែលដឹកជញ្ជូនតាមរថយន្តសាំយ៉ុង នាំយកទៅលក់ឆ្លងខេត្ត។

លោកថា ក្រោយពីដឹងកន្លែងលាក់ទុកឈើនោះមក មន្ត្រីព្រៃឈើដុងក្រឡបានចុះទៅបង្ក្រាប និងរឹបអូសយកមកទុកជាសម្បត្តិរដ្ឋ ហើយឈើប្រណិតប្រភេទឈើធ្នង់ចំនួន៤៤ដុំ ត្រូវបានដឹកជញ្ជូនយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង។

ជុំវិញនឹងជំនួញឈើប្រណិតនោះដែរ សេចក្តីរាយការបានបង្ហើបឲ្យដឹងថា បើទោះបីនៅគ្រានេះ សកម្មភាពដឹកជញ្ជូនឈើធ្វើជំនួញពីក្រុមឈ្មួញបានស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែ ឈ្មួញមួយក្រុមតូច នៅតែធ្វើសកម្មភាពប្រមូលទិញឈើ ដោយបំបែករូបភាពពីការដឹកជញ្ជូនតាមរថយន្តតូចធំគ្រប់ប្រភេទ មកដឹកជញ្ជូនតាមម៉ូតូយកមកស្តុកទុក ហើយឈើទាំងនោះត្រូវគេដឹកជញ្ជូនតាមរថយន្តសាំយ៉ុង បន្លំធ្វើជារថយន្តតាស៊ី ចេញពីខេត្តស្ទឹងត្រែងទាំងថ្ងៃទាំងយប់ ដោយគ្មានក្រែងរអែងសមត្ថកិច្ច និងអាជ្ញាធរបន្តិចសោះឡើយ។

មន្ត្រីរាជការតូចតាច និងប្រជាលរដ្ឋមួយភាគក្នុងខេត្តស្ទឹងត្រែង បានស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់ប្រភេទ គួរតែចាត់វិធានការតឹងរឹង ដើម្បីចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពដឹកឈើតាមរថយន្តសាំយ៉ុងនោះផង ដើម្បីជៀសវាងពាក្យថា អស់លោកជាកន្ទេលធំបន្លំដេក៕

Loading...