សមត្ថកិច្ចជំនាញឃាត់គោយន្តកន្ត្រៃដឹកឈើរបស់ឈ្មួញដែលធ្លាប់តុលាការហៅធ្វើកិច្ចសន្យាអិយបញ្ឈប់

ខេត្តកំពង់ស្ពឺ៖ គោយន្តកន្តៃដឹកឈើមួយគ្រឿងដែលគេស្គាល់ច្បាស់ថា ជារបស់ឈ្មួញល្បីឈ្មោះមួយរូប(ញ៉ាវ) ដែលកន្លងទៅធ្លាប់មានរឿងអាស្រូវ តុលាការខេត្តកោះហៅធ្វើកិច្ចសន្យាបញ្ឈប់លែងអោយ បន្តការរកស៊ីប្រព្រឹត្តបទល្មើសម្តង ជាពីរដងរួចមកហើយ ប៉ុន្តែបុគ្គលរូបនេះ អាងថាខ្លួនមានសម្ព័ន្ធភាពជាមួយមន្ត្រីនគរបាលស្រុកថ្ពងមួយរូប ដែលជាកូនបង្កើតរបស់លោកអធិការនគរបាលស្រុកតែម្តង ទើបហ៊ានប្រព្រឹត្តបទល្មើស លួចលាក់មិនរាងចាលទាល់តែសោះ ទើបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នេះកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបបាននៅក្នុងភូមិក្រាំងធ្នង់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមការអោយដឹងពីសមត្ថកិច្ចជំនាញថា នៅមុនពេលឃាត់ គោយន្តរបស់ឈ្មោះដឹកបទល្មើសព្រៃឈើនេះ គេស្គាល់ច្បាស់ថាឈ្មោះសូ ប្រុស ហៅ សូ ញ៉ាវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរដឹកឈើលក់ រស់នៅភូមិពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមេឈ្មួញវ័យក្មេងរូបនេះធ្លាប់មានរឿងអាស្រូវ ហើយតុលាការខេត្តកំពង់ស្ពឺ ធ្លាប់ហៅធ្វើកិច្ចសន្យាអោយឈប់ បន្តរកស៊ីបទល្មើសបំផ្លិចបំផ្លាញព្រៃឈើ ហើយកាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ កន្លងទៅមេឈ្មួញឈ្មោះសូ ប្រុស ហៅសូ ញ៉ាវ រូបនោះត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបបាននៅក្នុងឃុំអមលាំង ស្រុកថ្ពង ពេលនោះស្រាប់តែលេចមុខ មន្ត្រីនគរបាលចំនួន៣រូប ក្នុងនោះម្នាក់គេស្គាល់ច្បាស់ថាជាកូនបង្កើតរបស់លោក អធិការនគរបាលស្រុកថ្ពង ដោយមានការយោគយល់ ជាសមត្ថកិច្ចដូចគ្នាទើប មេឈ្មួញសូ ញ៉ាវ រូបនោះរួចទាំងគោយន្តនិងរួចខ្លួនរហូតគឃ្លើន ហ៊ានប្រព្រឹត្តបទល្មើសព្រៃឈើដដែល មិនខ្លាចញញើតសមត្ថកិច្ចនិងអាជ្ញាធរជំនាញទាល់តែសោះ។រហូតដល់សមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើសង្កាត់ត្រពាំងជោ សហការជាមួយមន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ធ្វើការឃាត់បានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។អ្វីដែលគួរអោយចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលនោះគឺ ក្រោយពីឃាត់គោយន្តមេឈ្មួញ សូ ប្រុស ហៅសូ ញ៉ាវ រូបនោះស្រាប់តែលេចមុខ កូនប្រុសលោកអធិការនគរបាលស្រុកថ្ពងនិងមន្ត្រីនគរបាល២រូប ផ្សេងទៀតមកអន្តរាគមន៍ និយាយថាឈើ១គោយន្តនេះ មេឈ្មួញឈ្មោះញ៉ាវ ដឹកអោយ លោកអធិការនគរបាលស្រុកយកទៅធ្វើផ្ទះជា លេស ដើម្បីមករំដោះគោយន្តដែលជាមធ្យោបាយដឹកបទល្មើសព្រៃឈើ។ក្រោយមកមន្ត្រីជំនាញនិយាយថា ប្រសិនបើឈើនេះជាឈើរបស់លោកអធិការនគរបាលស្រុកមែននោះ សូមធ្វើការទំនាក់ទំនងទៅលោកស្នងការនគរបាលខេត្តកំពង់ស្ពឺទៅ ទើបជំនាញអនុញ្ញាតអោយ ភ្លាមៗនោះស្រាប់តែមន្ត្រីនគរបាលស្រុកថ្ពង ៣នាក់ដែលគេស្គាល់ច្បាស់ថាជាមិត្តភក្តិ ជាមួយនិងបក្ខពួក ជាមួយមេឈ្មួញ បទល្មើសបំផ្លិចបំផ្លាញព្រៃឈើនោះបានចេញទៅបាត់អស់។

ទង្វើររបស់មេឈ្មួញសូ ញ៉ាវ រូបនេះបញ្ជាក់អោយឃើញថា រូបគេមិនខ្លាចញញើតច្បាប់សោះឡើយ សូម្បីតែជំនាញ ពីព្រោះរូបគេ ពេលមានរឿងរ៉ាវម្តងៗ តែងតែលេចមុខកូនប្រុសលោកអធិការនគរបាលស្រុកថ្ពង អន្តរាគមន៍រាល់លើក ប៉ុន្តែលើកនេះមកដល់ស្រុកឱរ៉ាល់ ត្រូវអស់លក្ខណ៍ហើយ។

តាមការបញ្ជាក់ពីសមត្ថកិច្ចថា មេឈ្មួញឈ្មោះ សូ ញ៉ាវ រូបនេះរកស៊ីប្រព្រឹត្តបទល្មើសបំផ្លិចបំផ្លាញព្រៃឈើជាយូរឆ្នាំណាស់មកហើយ នៅយប់ថ្ងៃកើតហេតុ មេឈ្មួញរូបនោះបានដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃ ចេញពីស្រែកិនយកមកស្តុបទុកក្នុងផ្ទះរបស់ខ្លួន ពេលបានឈើគ្រប់ចំនួនហើយដឹកបន្តចេញពីផ្ទះ ឆ្លងកាត់តាមច្រក ក្រុមហ៊ុន(HLH)ចំការអំពៅរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ដោយធ្វើការឃុបឃិតគ្នាជាមួយ សន្តិសុខយាមនៅចំការអំពៅនេះ ជាថ្នូរនិងលុយមិនក្រោម២០ម៉ឺននោះទេក្នុង១គោយន្ត៕

 

Loading...