សមត្ថកិច្ចដកហូតគ្រឿងចក្រមួយគ្រឿងធ្វើសកម្មភាពបទល្មើសកាយប្រឡាយព្រំយកដីព្រៃរដ្ឋនិងប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ

ស្ទឹងត្រែង:សមត្ថកិច្ចឃាត់គ្រឿងចក្រមួយគ្រឿងពាក់ព័ន្ធករណីកាយប្រឡាយព្រំដើម្បីយកដីព្រៃរដ្ឋអត់ប្លង់កម្មសិទ្ធិចេញដោយសុរិយោដីខេត្តមានទំហំជាង 50 ហិកតាក្នុងឃុំថាឡាបរិវ៉ាត់ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

កម្លាំងនគរបាលឃាត់គ្រឿងចក្រមួយគ្រឿងនិងបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើស្រុកកសាងសំណុំរឿងបន្តកាលពីថ្ងៃទី 18 ខែតុលា។រហូតមកដល់ថ្ងៃទី22ខែតុលាឆ្នាំ2020នេះជំនាញរដ្ឋបាលព្រៃឈើផ្នែកស្រុកថាឡាបរិវ៉ាត់មិនទាន់បានធ្វើការដឹកជញ្ជូនគ្រឿងចក្រមករក្សាទុកនៅឡើយទេ។

លោកវ៉ាសុខានាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថាគ្រឿងចក្រដែលខាងកម្លាំងនគរបាលឃាត់នោះពុំទាន់បានយកចេញមកទេដោយសារគ្រឿងចក្របើកចេញពីកន្លែងទីតាំងចម្ងាយជាង 500 ម៉ែត្របានខូច។ម្យ៉ាងទៀតដោយសារស្ថានភាពផ្លូវក្នុងរដូវធ្លាក់ភ្លៀងលំបាកខ្លាំង។

ប្រភពព័ត៌មានបានឲដឹងថាគ្រឿងចក្រពីរគ្រឿងគ្រោងសម្អាតព្រៃយកដីពីរកន្លែងផ្សេងគ្នាមានទំហំប្រមាណជា 80ហិចតានៅភូមិសាស្ត្រឃុំថាឡាបរិវ៉ាត់ស្រុកថាឡាបរិវ៉ាត់។នៅក្នុងនោះគ្រឿងចក្រមួយគ្រឿងកំពុងតែឈួសផ្លូវចូលនិងមួយគ្រឿងទៀតបានកាយប្រឡាយព្រំលើផ្ទៃដីជាង 50 ហិកតារួចរាល់ហើយ។

ដីជាង50 ហិចតាដែលគ្រឿងចក្រមួយគ្រឿងកាយព្រំដើម្បីឈូសឆាយសម្អាតព្រៃនោះទំនងមិនទាន់មានប្លង់កាន់កាប់ចេញដោយសុរិយោដីខេត្តនៅឡើយទេពីព្រោះថាដីនៅព្រៃពុំទាន់មានដំណាំសោះ។រីឯម្ចាស់ដីគឺជាអ្នកភ្នំពេញជិះរថយន្តទំនើបមួយគ្រឿងចេញចូលមើលការខុសត្រូវ។តែពេលឃើញសមត្ថកិច្ចក៏បើករថយន្តគេចបាត់។

ដំបូងមេការម្នាក់ឈ្មោះឌីបានយកគ្រឿងចក្រចំនួន២គ្រឿងទៅសម្អាតព្រៃពីរកន្លែងនៅចំណុចខាងលើ។ប៉ុន្តែសកម្មភាពជាក់ស្តែងគ្រឿងចក្រមួយគ្រឿងទើបបានកាយព្រំលើផ្ទៃដីទំហំជាង50ហិចតាហើយ។ហេតុនេះកម្លាំងសមត្ថកិច្ចដកហូតយកគ្រឿងចក្រតែមួយគ្រឿងទេពីព្រោះថាបានធ្វើសកម្មភាពបទល្មើសជាក់ស្តែងនិងប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើពិនិត្យបន្ត។ដោយឡែកមួយគ្រឿងទៀតមិនទាន់ធ្វើសកម្មភាពនៅឡើយទេ។តែគេបានឃើញធ្វើផ្លូវចូលទៅកាន់ដីទំហំជាង 50 ហិកតា។មេការគ្រឿងចក្រឈ្មោះឌីបាទអួតខ្លួនថាគ្រឿងចក្រដែលកំពុងតែកាយនោះគឺធ្វើផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះហើយក៏បានសុំអនុញ្ញាតពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានរួចហើយដែរ។ថែមទាំងអួតថាម្ចាស់ដីមានខ្នងធំណាស់នៅក្រុងភ្នំពេញ៕

 

 

Loading...