សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែងបញ្ជូនជនសង្ស័យប្រុសស្រី២នាក់និងគ្រឿងញៀនជិតមួយពាន់គ្រាប់ទៅតុលាការ

ខេត្តស្ទឹងត្រែងៈ ថ្នាំញៀនប្រម៉ាណជិត១ពាន់គ្រាប់ និងជនសង្ស័យប្រុសស្រី២នាក់ត្រូវបានកម្លាំងនគរបាលបាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងឃាត់ខ្លួន បាននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ នារសៀលថ្ងៃ១៦ វិច្ឆកា ២០១៧នេះ។

ការចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់សាធាតុញៀនដោយខុសច្បាប់ខាងលើនោះបានប្រព្រឹត្តិឡើងកាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៥ខែវិច្ឆកាឆ្នាំ២០១៧ស្ថិតនៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។

ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដា្ឋននគរបាលខេត្តស្ទឹងត្រែងលោក ចែមផានិត បានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានទាំង២នាក់ខាងលើនោះ១.ឈ្មោះ វណ្ណាឃឹម អាយុ ៥១ឆ្នាំភេទស្រី ជនជាតិខ្មែរ មុខរបរលក់ដូរ ។២.ឈ្មោះ ស៊ីម៉ន គីឡែន អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំង២រស់នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។

លោកថា គ្រឿងញៀនដែលបង្ក្រាបនិងដកហូតបាននោះជាប្រភេទមេតំហ្វេតាមីន(WY)មានចំនួន៩៧៦គ្រាប់ទំងន់ស្មើនិង១០០,២ក្រាម ព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងគ្រឿងញៀនជិត១ពាន់គ្រាប់ កំពុងឃាត់ខ្លួនរៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តនារសៀលថ្ងៃនេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់
៕ ឡុងកាន់សំនៀង

Loading...