សមត្ថកិច្ចនៅក្នុងខេត្តរតនគិរីរុញរាក្នុងការចុះបង្រ្កាបបទល្មើសព្រៃឈើរាប់រយកំណាត់ ទុកឲ្យឱកាសឈ្មួញរំដោះឈើចេញ

ខេត្តរតនគិរី៖ ឈើរាប់រយកំណាត់ដែលមានមុខកាត់ឡាំងបួនជ្រុង ជាប្រភេទឈើ គគីរ និងសុក្រម មានប្រវែងបួនសង់ទីម៉ែត្រ ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនយកទៅលាក់ទុកត្រង់ចំណុចខាងក្រោយសាលាឃុំវើនសៃ និងឃុំប៉ាកកាឡាន់ ស្ថិតក្នុងស្រុកវើនសៃនៃខេត្តរតនគិរី ។

ប្រភពពីស្រុកវើនសៃបានឲ្យដឹងថា កាលពីដើមខែវិច្ចិកាឆ្នាំ២០១៨នេះ គេសង្កេតឃើញមានមេឈ្មួញមួយក្រុមដែលគៀងគរទៅបំផុសឲ្យប្រជាពលរដ្ធក្នុងស្រុកវើនសៃទៅកាប់យកឈើនៅក្នុងតំបន់ដែនជម្រកសត្វទោច ស្ថិតនៅចន្លោះព្រំប្រទល់ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង នឹងស្រុកវើនសៃ ខេត្តរតនគិរី គឺ ដើម្បីឲ្យប្រជាពលរដ្ឋ ចូលទៅកាប់យកឈើនៅក្នុងតំបន់នោះមកលក់ឲ្យពួកគេ ក្រោយពីកាប់ឈើបានឈ្មួញទាំងនោះបានបញ្ជាឲ្យប្រជាពលលរដ្ឋដឹកតាមគោយន្តកន្ត្រៃយកមកលាក់ទុកនៅទីតាំងខាងលើនេះ ដើម្បីត្រៀមរងចាំឱកាសល្អនឹងដឹកជញ្ជូនចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិអូរយ៉ាដាវ ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ឈ្មួញមានគំរោងត្រៀមប្រមូលទិញឈើពីប្រជាពលរដ្ឋក្នុងស្រុកវើនសៃ ចំនួនជាងពីររយម៉ែត្រគូបក្នុងពេលដាច់ទឹកភ្លៀងខាងមុខនេះ ។

ការប្រមូលទិញឈើដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះដែរ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីដែនជម្រកសត្វទោចនេះតែម្តងក្រោមការគ្រប់គ្រងដោយលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី ។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី សារព័ត៌មានយើងពុំុំអាចសុំការបំភ្លឺបានទេកាលពីល្ងាចថ្ងៃទី២៧ខែវិច្ចិកានេះ តាមទូរស័ព្ទពុំអាចទំនាក់ទំនងបាន ។

ជុំវិញបញ្ហាខាងលើនេះ សារព័ត៌មានយើងបានសុំការអន្តរាគមន៍ពីលោក ចង លិបទែក មេបញ្ជាការកងរាជអាវុធហត្ថស្រុកវើនសៃ កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០១៨តាមទូរស័ព្ទ ដើម្បីធ្វើការបង្ក្រាបឲ្យទាន់ពេលវេលា ប៉ុន្តែលោកបែរជាឆ្លើយយ៉ាងខ្លីថា ឲ្យប្រាប់ទៅលោកអភិបាលស្រុកនិងមេព្រៃទៅ ។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១៨នេះ លោកក៏បានបញ្ជាក់ប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទឲ្យដឹងដែរថា លោកនឹងឲ្យកូនចៅចុះទៅមើលប៉ុន្តែរហូតមកទល់ម៉ោង៤នឹង០០នាទីល្ងាចទៅហើយពុំឃើញមានមន្ត្រីអាវុធហត្ថរូបណាម្នាក់ចុះទៅពិនិត្យដល់ទីតាំងស្តុកឈើទាំងនោះឡើយ។

ការយឺតយ៉ាវពីក្រុមសមត្ថកិច្ចពាក់ព័ន្ធក្្នងការចុះបង្រ្កាបបទល្មើសព្រៃឈើជាក់ស្តែងខាងលើនេះដែរ ផ្តើមចេញឲ្យមានការរិះគន់ពីមជ្ឈដ្ធានទូទាំងស្រុកវើនសៃ ជាពិសេសប្រជាពលរដ្ឋក្នុងក្រុងបានលុងទាំងមូលដាក់ការសង្ស័យថា មន្ត្រីតាមមូលដ្ធានមួយចំនួនទទួលផលប្រយោជន៍ពីក្រុមឈ្មួញទើបរុញរាធ្វេសប្រហែសក្នុងការបង្ក្រាបឲ្យទាន់ពេលវេលា ហាក់ដូចជាទុកឱកាសឲ្យក្រុមឈ្មួញជម្លៀសឈើទាំងអស់នោះចេញ ទង្វើនេះគឺអនុវត្តផ្ទុយពីបទបញ្ជារបស់រាជរដ្ធាភិបាល ដែលតែងតែជរុញមន្ត្ត្រីថ្នាក់ក្រោមឲ្យចូលរួមយកចិត្តទុកដាក់ការពារព្រៃឈើដែលនៅសេសសល់ឲ្យនៅគង់វង្ស ៕ ជាយដែន

 

Loading...