សមត្ថកិច្ចបញ្ជូនជនសង្ស័យពីរនាក់ ជួញដូរគ្រឿងញៀនពីប្រទេសឡាវ ចូលមកកម្ពុជា រួមទាំងគ្រឿងញៀនមានទម្ងន់ ២០០គីឡូក្រាម ទៅតុលាការខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ សមត្ថកិច្ចបាន បញ្ជូនជនសង្ស័យពីរនាក់ ជួញដូរគ្រឿងញៀនពីប្រទេសឡាវ ចូលមកកម្ពុជា រួមទាំងគ្រឿងញៀនមានទម្ងន់ ២០០គីឡូក្រាម ទៅតុលាការខេត្តព្រះវិហារ ។

បុរសសង្ស័យជួញដូរគ្រឿងញៀនទាំងពីរ ព្រមទាំងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ មានទម្ងន់២០០គីឡូក្រាម ត្រូវបានឃាត់ខ្លួន និងដកហូតបាន កាលពីថ្ងៃទី២៦កក្កដាឆ្នាំ២០២០ នៅចំណុចផ្កូវទឹក នៃឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ។
ប្រតិបត្តិការនេះ បានធ្វើឡើងដោយ កម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។

ប្រតិបត្តិការបង្ក្រាបជំនួញគ្រឿងញៀន ពីឡាវចូលមកកម្ពុជានេះ ក៏បានធ្វើឡើងក្រោមការសម្របសម្រួល ដឹកនាំពី ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូង ខេត្តព្រះវិហារ , រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរ គ្រឿងញៀនឆ្លងដែនតាមផ្លូវទឹក ។

គ្រឿងញៀនដែលសមត្ថកិច្ចដកហូតបាន ពីជនសង្ស័យទាំងពីរនាក់ គឺជាប្រភេទមេតំហ្វេតាមីនគ្រាប់ មានចំនួន ២០១កញ្ចប់ ស្មើនឹងទម្ងន់ ២០០គីឡូក្រាម ។ នៅថ្ងៃទី១សីហាឆ្នាំ២០២០នេះ ជនសង្ស័យទាំងពីរ រួមនឹងវត្ថុតាងថ្នាំញៀន ត្រូវបានបញ្ចប់កិច្ចនីតិវិធី នោះហើយ និងបានបញ្ជូនទៅកាន់តុលាការខេត្ត នោះហើយដែរ ៕

Loading...