សមត្ថកិច្ចបាត់ដំបងបំបែកសំណុំរឿងដុតសម្លាប់ប្លន់យកម៉ូតូ MSX កាលពី៤ខែមុននៅស្រុកភ្នំព្រឹកនោះហើយ

ខេត្តបាត់ដំបង៖ ជនសង្ស័យដែល ធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះម្នាក់ប្លន់យកម៉ូតូម៉ាក MSX នៅហើយដុតសពបំផ្លាញភស្ថុតាងក្នុងគំនរចំបើង នៅស្រុកភ្នំព្រឹក កាលពី៤ខែកន្លងទៅនេះ បក្ខពួកជនសង្ស័យក្នុងអំពើប្លន់នោះចំនួន២នាក់ហើយក្នុងចំណោមបក្ខពួក៣នាក់រហូតមកដល់ពេលនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការ និងនគរបាលស្រុកភ្នំព្រឹក ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ សរុប២នាក់ចំណែកម្នាក់ទៀតកំពុងរត់គេចខ្លួន ។

ក្រោយពីនគរបាលទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈដែលសមត្ថកិច្ចបានប្រើប្រាស់វិធានការជំនាញហៅជនសង្ស័យពីក្រុងប៉ោយប៉ែត មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកនោះ។

ចំណែកជនសង្ស័យបក្ខពួកម្នាក់ទៀតត្រូវបាននគរបាលឃាត់ខ្លួនក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៦ នៅភូមិអូអន្លក់ ឃុំតាសែន ស្រុកកំរៀងខេត្តបាត់ដំបង ។

ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងក្រោមការដឹកនាំកម្លាំងផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលការងារព្រហ្មទណ្ឌ និងអនុវត្តតាមដីកាចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរលោក ជា វណ្ណៈ នៃសាលាដំបូងខេត្តបាត់ដំបង។​លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា ជនសង្ស័យដែលរងការឃាត់ខ្លួនមានឈ្មោះឃឹម រុំ ភេទប្រុស អាយុ២២ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក និងជនសង្ស័យម្នាក់ទៀតរងការឃាត់ខ្លួនកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ មានឈ្មោះ លី រតនា ភេទប្រុស​អាយុ២៣ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិកណ្តាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ពួកគេជាពួកម៉ាក ជាមួយជនរងគ្រោះ ឈ្មោះ សុខ វណ្ណថា ភេទប្រុស​អាយុ២០ឆ្នាំ រស់នៅភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថា ក្រោយពីមាន អំពើប្លន់វាយសម្លាប់យ៉ាងព្រៃផ្សៃយកម៉ូតូនៅស្រុកភ្នំព្រឹកកាលពី៤ខែកន្លងទៅនេះ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាឱ្យលោកដឹកនាំកម្លាំងចុះស្រាជ្រាវស៊ើបអង្កេតជាច្រចាំ ដើម្បីស្វែងរកបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ។

ចាប់តាំងពីកើតមានអំពើប្លន់នោះហើយ កម្លាំងនគរបាល ក៏បានតាមស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ នោះហើយ ចំណែកបក្ខពួកនៅសេសស់ម្នាក់ទៀត នគរបាលកំពុងបន្តស្រាវជ្រាវដើម្បីស្វែងរកចាប់ឃាត់ខ្លួនយកមកអនុវត្តតាមផ្លូវច្បាប់។

លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថា នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យឈ្មោះ ឃឹម រុំ ដែលទើបតែចាប់ឃាត់ខ្លួននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ មិនបានឆ្លើយសារភាពទទួលកំហុសនោះទេ ប៉ុន្តែដោយសាតែសមត្ថកិច្ច មានការចង្អុលបង្ហាញពីសាក្សីដោយនៅថ្ងៃកើតហេតុ គេឃើញជនសង្ស័យបានជិះម៉ូតូជាមួយនិងជនរងគ្រោះ។

បន្ទាប់ពីមានអំពើប្លន់សម្លាប់ជនរងគ្រោះរួចហើយជនសង្ស័យនិងបក្ខពួកបានរត់គេចខ្លួនចេញពីផ្ទះ រហូតដល់ថ្ងៃចាប់ខ្លួននេះតែម្តង។ជនសង្ស័យត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ រងការចោទប្រកាន់ពីបទឧក្រិដ្ឋលួចមានស្ថានទម្ងន់ទោស។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីប្លន់ម៉ូតូម៉ាក MSX ស៊េរីឆ្នាំ២០១៦ ពណ៌ក្រហម១គ្រឿងគ្មានស្លាកលេខ នៅចំណុចដីចំការមួយកន្លែង ក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈដែលជនរងគ្រោះមានឈ្មោះ សុខ វណ្ណថា ភេទប្រុស ​អាយុ២០ឆ្នាំ បានជិះម៉ូតូចូលក្នុងដីចំការរបស់អ្នកភូមិដើម្បីសម្ងំប្រើប្រាស់គ្រឿងញៀនជាមួយជនសង្ស័យជាពួកម៉ាកនិងគ្នា​។

នៅពេលនោះក្រុមចោរប្លន់សមត្ថកិច្ចសស្រាវជ្រាវដឹងថាមានគ្នា៣នាក់ ហើយវាយប្លន់យកដុំថ្មនិងយកទួណឺវីសចាក់សម្លាប់ជនរងគ្រោះយ៉ាងព្រៃផ្សៃ មិនតែប៉ុណ្ណោះ ចោរប្លន់បានអូសសពយកទៅដុតក្នុងគំនរចំបើងដើម្បីបំបាត់ភស្ថុតាង។

ក្រោយពីធ្វើសកម្មភាពរួចហើយចោរប្លន់បានយកម៉ូតូជនរងគ្រោះជិះយកទៅបាត់។ លុះអំពើប្លន់បាន២ ថ្ងៃក្រោយមកនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នា២០១៦ម៉ូតូជនរងគ្រោះម៉ាកMSXពណ៌ក្រហមដែលចោរប្លន់យកទៅជាមួយនោះ ត្រូវបាន សមតក្ថកិច្ចប្រទះឃើញ នៅចំណុចទំនប់អូរកប់ផ្កាស្លា នៅចម្ងាយពីទីរួមស្រុកបាណន់ប្រហែល២០០០ម៉ែត្រ ស្ថិតក្នុងភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ម៉ូតូនោះត្រូវចោរប្លន់ជិះយកទៅ ប្លុងចោល រឺដួលធ្លាក់ពីទំនប់អូរចូលក្នុងទឹក ជិះគេចពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច៕ ពាយព្យ

Loading...