សមត្ថកិច្ចបាននិងកំពុងយកចិត្តទុកដាក់តាមប្រមាញ់ជនសង្ស័យចាក់ស្ត្រីយោធាស្លាប់នៅតាមដងផ្លូវ

 

ភ្នំពេញ៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្តេជ្ញាថា នៅពេលនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងយកចិត្តទុកដាក់ ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យចាក់សម្លាប់ស្ត្រីយោធាម្នាក់បណ្តាលឲ្យបាត់បង់ជីវិត ខណៈដែលកំពុងដើរនៅតាមដងផ្លូវនោះ ។

ស្រ្តីយោធានៅក្រសួងការពារជាតិពាក់ស័ក្តិ៣ម្នាក់ ត្រូវជនមិនស្គាល់មុខ យកកាំបិតចុងស្រួចចាក់ពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវលេខ២១៩ កែង១៦៥ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះមានឈ្មោះ លី ដាវី អាយុ៣៧ឆ្នាំ រស់នៅផ្ទះលេខ៣២បេ ផ្លូវ១៦២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះ បានដើរលើដងផ្លូវលេខ២១៩ តែម្នាក់ឯង។ មួយសន្ទុះក្រោយមកស្រាប់តែមានបុរសមាឌធំអាយុប្រហែលជាង៤០ឆ្នាំ ជិះម៉ូតូមួយគ្រឿងមកដល់ក៏ដកកាំបិតមុខស្រួចចាក់ទៅលើស្ត្រីរងគ្រោះពីក្រោយបណ្តាលឲ្យដួលស្លាប់មួយរំពេច ហើយជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។

នៅកន្លែងកើតហេតុសមត្ថកិច្ចសង្ស័យថា ករណីនេះជាករណីគំនុំ ដែលមកដល់ពេលនេះកំពុងស្រាវជ្រាវរកមុខជនសង្ស័យចាប់មកផ្តន្ទាទោសតាមច្បាប់ឲ្យបាន ។

អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងជំនាញបាននិងកំពុង បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនបង្ក ហើយថា នេះជាករណីគំនុំ ៕

 

saes

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *