សមត្ថកិច្ចបញ្ជូនជនសង្ស័យពីរនាក់ ម្នាក់ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មវាយសម្លាប់ប្រពន្ធ និងម្នាក់ទៀត ជាប់ជំពាក់ក្នុងអំពើហិង្សា វាយប្រពន្ធនឹងខ្សែភ្លើងរងរបួសធ្ងន់ធ្ងរ ទៅតុលាការខេត្តព្រះវិហារ ! 

ខេត្តព្រះវិហារ៖ ជនសង្ស័យពីរនាក់ ម្នាក់ជាមន្ត្រីយោធាពាក់សក្តិ៣ ដែលជាប់ជំពាក់ក្នុងរឿងឃាតកម្ម សម្លាប់ប្រពន្ធ រួចអូសសាកសពយកទៅកប់ចោលក្រោយផ្ទះ និងម្នាក់ទៀត ជាប់ក្នុងការប្រព្រឹត្តអំពើហឹង្សា ក្នុងគ្រួសារ ចាប់ប្រពន្ធវាយនឹងខ្សែភ្លើង បណ្តាលរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល ស្រុកជាំក្សាន្ត សហការជាមួយកម្លាំងការិយាល័យទី២ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ រួមនឹង កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ចុះបើកការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យដៃដល់ និង ឈានទៅឃាត់ខ្លួន បញ្ជូនមកធ្វើការសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់។

 

ពាក់ព័ន្ធនឹងរឿងអំពើឃាតកម្ម ប្តីសម្លាប់ប្រពន្ធ រួចអូសសាកសពយកទៅកប់ចោលក្រោយផ្ទះ ដើម្បីបំ បាត់ភស្តុតាង និងបិទបាំងការពិតនោះ គឺកម្លាំងសមត្ថកិច្ច បានចុះស្រាវជ្រាវ និងឃាត់ខ្លួនបាន នៅថ្ងៃទី២៤ កញ្ញាឆ្នាំ២០២០ ក្រោយការកើតឡើង នៃអំពើឃាតកម្មនេះ រយះពេល ១សប្តាហ៍ ស្ថិតក្នុងនៅភូមិស្ទឹងខៀវ តេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ រីឯ រឿងអំពើហឹង្សាក្នុងគ្រួសារ ប្តីចាប់ប្រពន្ធវាយនឹងដុំខ្សែភ្លើង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ចុះឃាត់ខ្លួនកាលពីថ្ងៃទី២៣កញ្ញាឆ្នាំ២០២០ ស្ថិតនៅភូមិ អានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅថ្ងៃសុក្រទី២៥កញ្ញាឆ្នាំ២០២០នេះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល ស្រុកជាំក្សាន្ត បញ្ជូនខ្លួនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីសុំគោលការណ៍សម្រេច និងឯកភាព ពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា និងធ្វើការបញ្ជូនបន្តទៅកាន់ តុលាការខេត្តព្រះវិហារ ចាត់ការតាមច្បាប់។

អធិការនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោកវរៈសេនីយ៍ទោ ឱ សេង បានប្រាប់ឲ្យដឹងថា ក្រោយការស្រាវជ្រាវអស់រយះពេល ១សប្តាហ៍ បន្ទាប់ពីកើតឡើងនៃអំពើឃាតកម្ម ប្តីសម្លាប់ប្រពន្ធនោះមក កម្លាំងសមត្ថកិច្ច បានចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនបុរសសង្ស័យម្នាក់ ឈ្មោះ ស៊ិន ស៊ឺម អាយុ ៥២ឆ្នាំ ជាមន្ត្រីយោធា មានឋានៈសក្តិ៣ មានតួនាទីជាមេបញ្ជាការរង គ៣ នៃវរៈសេនាតូចលេខ៣៨២ ចំណុះ កងពលតូចអន្តរាគមន៍លេខ៨។ ជនសង្ស័យត្រូវជាប្តីស្ត្រីរងគ្រោះឈ្មោះ ហួយ ផល្លា អាយុ ៥៥ឆ្នាំ ជាមេផ្ទះ ប្តីនិងប្រពន្ធទាំងពីរនាក់ រស់នៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកធអិការបានបន្តទៀតថា ជនរងគ្រោះជាប្រពន្ធ ត្រូវបានជនសង្ស័យជាប្តី សម្លាប់កាលពីយប់ ថ្ងៃទី១៧កញ្ញាឆ្នាំ២០២០ នោះមក ហើយជនសង្ស័យបានអូសសាកសពប្រពន្ធ យកទៅកប់ចោលក្នុងដីឡូតិ៍ ក្រោយផ្ទះ មានចម្ងាយ ៦៣ម៉ែត្រ នៅព្រលប់ថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២០ ដើម្បីបំបិទភស្តុតាងសមត្ថកិច្ច ហើយ ការបែកធ្លាយរឿងបាត់ស្ត្រីជាជនរងគ្រោះ គឺដោយសារកូនទូរស័ព្ទអត់ចូល និងកូនក៏បានទូរស័ព្ទសួរ ជនសង្ស័យជាឪពុក តែឪពុកឆ្លើយថា អត់ដឹងទៅណាទេ ព្រោះបាត់២-៣ថ្ងៃមកហើយ។ លោក ឱ សេង បានបន្តឲ្យដឹងទៀតថា ក្រោយពីទទួលដំណឹង ពីការបាត់ខ្លួនជនរងគ្រោះ ដោយមិនដឹងមូលហេតុនោះមក លោកប្រធានភូមិស្ទឹងខៀវតេជោ ក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗដែរ ហើយកម្លាំងសមត្ថកិច្ច បានសហការរួមគ្នា បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការណែនាំពី ស្នងការនគរបាលខេត្ត ព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ហើយកម្លាំងជំនាញបានចុះស្រាវជ្រាវដល់ផ្ទះជនរងគ្រោះ រហូតកំណត់មុខសញ្ញាជនសង្ស័យជាប្តី និងឈានដល់ការឃាត់ខ្លួន ព្រមទាំងនាំទៅចង្អុលបង្ហាញកន្លែង ដែលខ្លួនយកប្រពន្ធទៅកប់ចោល ផងដែរ។ លោកថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានសម្លាប់ប្រពន្ធពិតប្រាកដមែន សម្លាប់ដោយចាប់ក្បាលបោកនឹងឥដ្ឋការ៉ូ ក៏ព្រោះតែខឹងនឹងប្រពន្ធ ចេះតែរករឿងកាប់ខ្លួន ជារៀងរហូតមក។

ដោយឡែក រឿងអំពើហឹង្សា ប្តីចាប់ប្រពន្ធវាយវ័ធនឹងខ្សែភ្លើង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនោះ គឺបាន ផ្តើមចេញពីការប្រចណ្ឌ ដែលហេតុការនោះ បានកើតឡើងនៅម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី២៣កញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកអធិការនគរបាលស្រុកជាំក្សាន្ត បានប្រាប់ឲ្យដឹងថា ក្រោយការកើតឡើង នៃអំពើហឹង្សានោះ មក កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុក បានចុះឃាត់ខ្លួនជនសង្ស័យជាប្តី ឈ្មោះ នាង សុខជា អាយុ ៤១ឆ្នាំ ជាប់សង្ស័យវាយដំប្រពន្ធឲ្យរងគ្រោះ ឈ្មោះ តេង ម៉ៅ អាយុ ៤០ឆ្នាំ ហើយប្តីប្រពន្ធទាំងពីរនាក់ គឺជាកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

លោកវរៈសេនីយ៍ទោ ឱ សេង បានបញ្ជាក់ថា ការដែលនាំឲ្យកើតឡើងនៃអំពើហឹង្សានៅក្នុងគ្រួសារ ប្តីវាយតប់មកលើប្រពន្ធនេះ គឺជនសង្ស័យតែងផឹកស្រាស្រវឹង និងបានបង្កជម្លោះ ហើយបានវាយដំប្រពន្ធ ស្ទើររាល់ថ្ងៃ លុះប្រពន្ធស៊ូទ្រាំលែងបាន ក៏បានមកប្តឹងសមត្ថកិច្ច បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាំ ក្សាន្ត បានចុះឃាត់ខ្លួនជនសង្ស័យភ្លាមៗដែរ។ លោកបញ្ជាក់ទៀតថា មូលហេតុនេះ ត្រូវបានជនសង្ស័យ និយាយថា គឺមកពីគេស្រឡាញ់ប្រពន្ធពេក ទើបកើការប្រចណ្ឌដាក់អ្នកដទៃ។ លោកថា បើទោះជាចម្លើយ នេះពិត ឬជាចម្លើយដោះសារយ៉ាងណានោះ ក៏ការផ្ទុះឡើងនៃអំពើហឹង្សា វាយវ័ធប្រពន្ធឲ្យរងរបួសសព្វរាង កាយបែបនេះ សមត្ថកិច្ចបានចុះឃាត់ខ្លួននោះហើយ។ លោកអធិការបានបញ្ជាក់ទៀតថា ជនសង្ស័យទាំង ពីរនាក់ ម្នាក់ជាប់ពាក់ព័ន្ធនឹងអំពើហឹង្សា វាយសម្លាប់ប្រពន្ធ និងម្នាក់ទៀត ជាប់ជំពាក់ក្នុងអំពើហឹង្សា វាយដំ ប្រពន្ធនឹងខ្សែភ្លើងរងរបួសយ៉ាងធ្ងន់ធ្ងរនោះ នៅថ្ងៃទី២៥កញ្ញាឆ្នាំ២០២០នេះ កម្លាំងនគរបាលជំនាញស្រុក ជាំក្សាន្ត បានកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីពិនិត្យសំណុំរឿង សុំគោល ការណ៍ និងឯកភាពសម្រេច បញ្ជូនជនសង្ស័យទាំងពីរ ទៅតុលាការខេត្តព្រះវិហារ នារសៀលថ្ងៃដដែលនេះ ចាត់ការតាមច្បាប់ ៕

Loading...