សមត្ថកិច្ចស្វែងរកចាប់អ្នកនេសាទវៀតណាមព្រួតគ្នាវាយអ្នកនេសាទខ្មែរនៅសៀមរាប

ខេត្តសៀមរាប ៖កម្លាំងនគរបាលនៃអធិការដ្ឋាន ស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពុងចុះស៊ើបអង្កេតតាមរកមុខជនជាតិវៀតណាម ជាច្រើននាក់ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។ ប្រតិបត្តិការចុះស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីជនជាតិវៀតណាម ប្រមាណ ៥០នាក់ នាំគ្នានេសាទត្រីនៅក្នុងបឹងទន្លេសាប ដោយប្រើឧបករណ៍ខុសច្បាប់ ព្រមទាំងបានប្រើអំពើហិង្សាមកលើអ្នកនេសាទខ្មែរដែលរកស៊ីនេសាទ តាមបែបលក្ខណៈគ្រួសារផង។
យ៉ាងហោចណាស់អ្នកនេសាទខ្មែរចំនួន ១៥នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរងរបួសធ្ងន់ និងស្រាល ដោយសារតែក្រុមជនជាតិវៀតណាម ប្រមាណ ៥០នាក់ ដែលជិះលើកាណូតនេសាទខុសច្បាប់ចំនួន ២គ្រឿង ព្រួតគ្នាវាយប្រហារនៅក្នុងបឹងទន្លេសាប កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ។
ក្រុមអ្នកនេសាទខ្មែរទាំងនោះ ខ្លះរងរបួសបែកក្បាល ត្រូវពេទ្យដេរជាច្រើនថ្នេរ និងខ្លះទៀតកំពុងគ្រាំគ្រាដោយគ្រូពេទ្យបន្តោងសេរ៉ូមជំនួយសុខភាពនៅ ឡើយ បន្ទាប់ពីក្រុមជនជាតិវៀតណាម ប្រើឧបករណ៍ដែក និងពូថៅជាដើម វាយសំពងពួកគាត់។
យុវជនម្នាក់ភូមិត្នោតកំបុត នៃឃុំកំពង់ភ្លុក ក្នុងចំណោមគ្នីគ្នា ១៤នាក់ផ្សេងទៀត ដែលរងរបួសដោយសារតែអ្នកនេសាទវៀតណាម ចោមរោមវាយ គឺលោក លុយ នង។ លោកមានប្រសាសន៍ទាំងដៃជាប់សេរ៉ូមនៅលើរ៉ឺម៉កម៉ូតូ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែធ្នូ ថា កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ កន្លងទៅ គឺរូបគាត់ និងអ្នកភូមិ ១៤នាក់ទៀត បាននាំគ្នាចេញទៅដាក់មងនៅក្នុងអតីតតំបន់ឡូត៍លេខ៤ នៃបឹងទន្លេសាប។ ក្នុងយប់នោះ ពួកគាត់ប្រទះឃើញកាណូតរបស់ជនជាតិវៀតណាម ២គ្រឿងធំៗមកពីតំបន់ចុងឃ្នៀស ក្រុងសៀមរាប ប្រើយ៉ាំងកាវ យ៉ាងវែង ចាប់ផ្ដើមអូសយកត្រីខុសច្បាប់។
បុរសដដែលបញ្ជាក់ថា ឃើញដូច្នេះ ក្រុមរបស់គាត់ក៏ហាមមិនឱ្យជនជាតិវៀតណាម ទាំងនោះអូសទៅតំបន់ដែលពួកគាត់កំពុងដាក់មង ក៏ប៉ុន្តែជនជាតិវៀតណាម ទាំងនោះមិនស្ដាប់ទេ គឺអូសទៅបំផ្លាញមង ហើយក៏ប្រើអំពើហិង្សាតែម្ដង៖ «ទៅដល់ឃើញជាប់មង ពួកខ្ញុំហៅមេវាមកសួរ តែមេវាមិនមក បើកកាណូតគេ ហើយទូរស័ព្ទហៅគ្នាវាមក។ គ្នាវាមកដល់នាំគ្នាវាយពួកខ្ញុំ»។
អធិការនគរបាលស្រុកប្រាសាទបាគង លោក មិន ចាន្ថា មានប្រសាសន៍ថា អំពើហិង្សាដែលបង្កដោយជនជាតិវៀតណាម ទាំងនោះ គឺកើតឡើងនៅកណ្ដាលបឹងទន្លេសាប ដោយមិនមានសមត្ថកិច្ចណាបានឃើញផ្ទាល់ភ្នែកទេ។ លោក មិន ចាន្ថា ចាត់ទុកជនជាតិវៀតណាម ទាំងនោះថា បានប្រើអំពើហិង្សាខុសច្បាប់ ហើយកម្លាំងប៉ូលិសកំពុងស្រាវជ្រាវរកមុខជនដៃដល់៖ «នេះបើតាម ក្រមព្រហ្មទណ្ឌ យើងគិតថា ជាអំពើហិង្សាចេតនា ហើយកិច្ចការនេះខ្ញុំកំពុងធ្វើការស្រាវជ្រាវ ដើម្បីរាយការណ៍បន្តទៅថ្នាក់គ្រប់គ្រងខាងលើ»។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តសៀមរាប លោក នូ ពុទ្ធិ បានរិះគន់ថា ជាញឹកញាប់ នៅពេលដែលសមត្ថកិច្ចចុះបង្ក្រាបម្ដងៗ គឺមិនដែលរកឃើញបទល្មើសនេសាទទេ ប៉ុន្តែពេលនេះជនជាតិវៀតណាម ខ្លះ មិនត្រឹមតែនេសាទត្រីខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងបង្កអំពើហិង្សាធ្វើឱ្យអ្នកនេសាទខ្មែរភ័យខ្លាចទៀតផង។ ដូច្នេះសមត្ថកិច្ចមិនគួរបណ្ដែតបណ្ដោយឱ្យបញ្ហានេសាទខុសច្បាប់នៅតែ កើតមានក្នុងបឹងទន្លេសាបទៀតទេ៕

image2122

Loading...

Leave a Reply

Your email address will not be published. Required fields are marked *