សមត្ថកិច្ច​ខេត្តសៀមរាប​មិន​ហ៊ាន​បង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ​ចិន​

ពលរដ្ឋ ​ក្រុង​សៀមរាប ខេត្តសៀមរាប បានបញ្ជាក់​នៅក្នុង​សប្តាហ៍​នេះ​ថា ឈ្មួញ​ឈើ​ឈ្មោះ ចិន និង​ប្រពន្ធ របស់គាត់​ជា​ថៅកែ​ឈើ​ធំ​ម្នាក់ ប្រចាំ​ទី​រួម​ខេត្តសៀមរាប ដោយមាន​អាជីវកម្ម​ខ្នាត​ធំ​លក់​គ្រឿង​សង្ហា​រឹម​ប្រណីតៗ​១​កន្លែង ដេប៉ូ​ទិញ​លក់​ឈើ​១​កន្លែង និង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​១​កន្លែង​ទៀត​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​អាជីវកម្ម​របស់​ឈ្មួញ​ខាងលើ​អាចមាន​ជាប់​ ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ​ខុសច្បាប់ តែ​សមត្ថកិច្ច​ជំនាញ​នៅ​ក្រុង​សៀមរាប​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​ ។​

​ប្រភពព័ត៌មាន​ពី​ក្រុង​សៀមរាប បាន​រៀបរាប់ថា ឈ្មួញ​ឈើ​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើនេះ បាន​អួតអាង​ថា​មាន​មន្ត្រីជាន់ខ្ពស់​នៅ​រាជធានី​ភ្នំពេញ​កាង​ពីក្រោយ​ខ្នង​ ក្នុងការ​ប្រកបមុខរប​រ​ជួញដូរ​ឈើ​យ៉ាងរឹងមាំ​នេះ ។ ជាក់ស្តែង​គេ​សង្កេតឃើញថា ទីតាំង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​របស់​ហ៊ា​ចិន នៅជាប់​ផ្លូវ​កៅស៊ូ​ជាស៊ីម ស្ថិតនៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង​ខេត្តសៀមរាប ត្រូវបាន​ប្រជាពលរដ្ឋ​និយាយ​តៗ​គ្នា​ថា បាន​ប្រមូល​ទិញ​ឈើ​គគីរ និង​ឈើ​ប្រណីត​នៅពេល​យប់​ជ្រៅ និង​ទៀបភ្លឺ​ដោយមាន​រថយន្ត​ល្មើស​ស្ទើរ​គ្រប់​ធុន តែ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។​

​ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀតថា លំនៅដ្ឋាន​ធំ​១​កន្លែង​ស្ថិតនៅ​សង្កាត់​ជ្រាវ ត្រូវបាន​គេ​ប្រើប្រាស់​ជាទី​តាំង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​របស់​ឈ្មួញ​ឈើ​ ឈ្មោះ​ចិន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឈ្មួញ​ឈើ​ឈ្មោះ​ចិន​ជា​ថៅកែ​ឈើ​ធំ​ម្នាក់​ក្នុងចំណោម​ថៅកែ​ឈើ​ធំៗ ក្នុង​ខេត្តសៀមរាប ដែលមាន​ប្រភព​ឈើ​ទិញ​ចូល​យកមក​កែច្នៃ រួមមាន ឈើ​ប្រណីត និង​ឈើ​ជ្រាយ​សុទ្ធ ហើយ​ឈើ​ទាំងនោះ​ភាគច្រើន​ជា​ប្រភេទ​ឈើ​ខុសច្បាប់​នាំចូល​មកពី​ស្រុក​វ៉ារិន ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាដើម​។​

​ជំនាញ​មេព្រៃ​នៅ​ទូទាំង​ខេត្តសៀមរាប ដែលមាន​លោក ទា គឹម​សុទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ត្រូវបាន​ប្រជាពលរដ្ឋ​ក្រុង​សៀមរាប និង​មជ្ឈដ្ឋាន​នានា សង្ស័យថា​អាច​នៅ​ពី​ក្រោយខ្នង​ក្រុម​ឈ្មួញ​ឈើ​នៅក្នុង​ក្រុង​សៀមរាប ពិសេស​ឈ្មួញ​ឈ្មោះ​ចិន ទើប​មិនឃើញ​មន្ដ្រីក្រោមឱវាទ​របស់លោក ទា គឹម​សុទ្ធ យកចិត្តទុកដាក់​រឹតបន្តឹង​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​ យ៉ាង​គគ្រឹកគគ្រេង​ចូល​ទី​រួម​ខេត្តសៀមរាប​ស្ទើរ​រៀងរាល់​យប់​៕

 

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *