សមត្ថកិច្ច​ចម្រុះ​ខេត្តស្ទឹងត្រែង​ចុះ​បង្ក្រាប​ និង​រឹបអូស​ឈើប្រណិត​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វរៈជ័យ​បាន​ជិត​១០០​កំណាត់​នៅ​ព្រំប្រទល់​ខេត្ត​ពីរ​ជាប់​ព្រំដែន​ប្រទេស​ឡាវ​

​ខេត្តស្ទឹងត្រែង​៖​ ឈើប្រណិត​ជិត​១០០​កំណាត់​ ដែល​ឈ្មួញ​បាន​បន្ត​កាប់​ធ្វើ​ជំនួញ​ នៅ​ក្នុង​ដែនដី​ឧទ្យាន​ជាតិ​វរៈជ័យ​ ដែល​ជា​ព្រៃ​ការពារ​មួយ​ដ៏​សំខាន់​ របស់​រាជរដ្ឋាភិបាល​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ស្រុក​សៀម​ប៉ា​ង​ ខេត្តស្ទឹងត្រែង​ ចុះ​បង្ក្រាប​ និង​រឹបអូស​យក​មក​រក្សា​ទុក​។​ប៉ុន្តែ​ មាន​ឈើប្រណិត​ជិត​២០​កំណាត់​ទៀត​ ត្រូវ​គេ​រាយការណ៍​ថា​ មាន​មន្ត្រី​ការពារ​ព្រំដែន​មួយ​ចំនួន​តូច​ បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជម្លៀស​ចេញ​អស់​ បើ​ទោះបីជា​អាជ្ញាធរ​ស្រុក​សៀម​ប៉ា​ង​ បាន​ដាក់​វិធានការ​តឹង​រឹង​ឲ្យ​បង្ក្រាប​ និង​រឹបអូស​ឈើ​ទាំងនោះ​យ៉ាងណា​ក្តី​ ។​

​នគរបាល​ស្រុក​សៀម​ប៉ា​ង​ នៅ​រយះ​ពេល​៤​ថ្ងៃ​កន្លង​មកនេះ​ ត្រូវ​គេ​រាយការណ៍​ថា​ បាន​បើក​ប្រតិបត្តិការ​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​រង្វង់​ដែនដី​កាន់កាប់​របស់​ខ្លួន​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ ពី​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សៀម​ប៉ា​ង​ ហើយ​បាន​រុករក​ឃើញ​ឈើប្រណិត​នៅ​បី​កន្លែង​ផ្សេង​គ្នា​ នៅ​ក្នុង​ដែនដី​ឧទ្យាន​ជាតិ​វរៈជ័យ​ ដែល​ឈ្មួញ​បាន​កាប់​ និង​ដឹក​ជញ្ជូន​យក​មក​ស្តុក​ទុក​ ត្រៀម​ដឹក​ចេញ​យក​ទៅ​ធ្វើ​ជំនួញ​ នៅ​ឯ​ប្រទេស​ឡាវ​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ឈើប្រណិត​ប្រភេទ​ឈើ​ធ្នង់​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កន្លែង​បី​ដាច់​ដោយឡែក​ពីរ​គ្នា​ គឺ​នៅ​ក្នុង​ព្រៃ​ឧទ្យាន​ជាតិ​២​កន្លែង​ មាន​ចំនួន​៩៧​កំណាត់​ និង​នៅ​ក្នុង​ទឹកអូរ​១​កន្លែង​ មាន​ចំនួន​១៨​កំណាត់​ តែ​ឈើប្រណិត​ទាំង​បី​កន្លែង​នោះ​ ត្រូវ​បាន​បង្ក្រាប​ និង​រឹបអូស​តែ​ពីរ​ទីតាំង​ប៉ុណ្ណោះ​ ឯ​មួយ​ទីតាំង​ទៀត​នៅ​ក្នុង​អូរ​ ត្រូវ​បាន​ឈ្មួញ​លួច​ដឹក​ជម្លៀស​ចេញ​ទៅ​អស់​ បើ​ទោះបីជា​អាជ្ញាធរ​ស្រុក​សៀម​ប៉ា​ង​ បញ្ជា​ឲ្យ​ចាប់​ក៏​ដោយ​ ករណី​នេះ​ គេ​បាន​ដាក់​ការ​សង្ស័យ​ថា​ មាន​មន្ត្រី​បរិស្ថាន​ មន្ត្រី​ឧទ្យាន​ជាតិ​វរៈជ័យ​ មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ និង​មន្ត្រី​យោធា​ការពារ​ព្រំដែន​ វរៈ​១០១​ ឃុបឃិត​គ្នា​យក​លុយ​ឈ្មួញ​ ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​ជើង​ខ្លាំង​ម្នាក់​ឈ្មោះ​ឡត​ សន​ ហៅ​ ង៉ក​ ប្រចាំ​ភូមិ​ខិះ​ស្វាយ​ ឃុំ​ព្រែក​មាស​ ស្រុក​សៀម​ប៉ា​ង​ ដឹក​ជម្លៀស​ចេញពី​ចំណុច​អូរ​ឌិន​ដែង​ ស្ថិត​ក្នុង​ឃុំ​សន្តិភាព​ ស្រុក​សៀម​ប៉ា​ង​ យក​មក​លាក់​ទុក​នៅ​កន្លែង​ផ្សេង​ ហើយ​ឈ្មួញ​ឈ្មោះ​ ង៉ក​ នឹង​បន្ត​ដឹក​ជញ្ជូន​ឆ្លង​ដែន​ យក​ទៅ​លក់​នៅ​ក្នុង​ប្រទេស​ឡាវ​ ដោយ​ម្នាក់ៗ​ទទួល​បាន​ប្រាក់​១០០​ដុល្លារ​ ជា​ប្រាក់​សំណូក​ពី​ឈ្មួញ​រូប​នេះ​។​

​សេចក្តីរាយការណ៍​ បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​ប្រតិបត្តិ​ការណ៍​ចុះ​បង្ក្រាប​ឈើ​ ទាំង​ជិត​១០០​កំណាត់​នេះ​ មាន​មន្ត្រី​ឧទ្យាន​ជាតិ​វរៈជ័យ​ម្នាក់​ ឈ្មោះ​ស៊ុត​ ខឿន​ បាន​បញ្ចេញ​ឬក​ពារ​ច្រងេងច្រងាង​ និង​បាន​ប្រើ​ពាក្យ​សម្តីរ​មិន​សមរម្យ​ មក​លើ​ភ្នាក់ងារ​យក​ព័ត៌មាន​ម្នាក់​ ដែល​ចុះ​ទៅ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​សៀម​ប៉ា​ង​នោះ​ ថា​កុំមក​ជ្រៀតជ្រែក​ការងារ​របស់​គេ​ ហើយ​ដកខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ទៅ​ ទុក​ឲ្យ​គេ​ធ្វើការ​ ។​

​បន្ទាប់​មក​ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​សៀម​ប៉ា​ង​ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ស្រុក​ ធ្វើការ​រឹបអូស​ឈើប្រណិត​ទាំង​ពីរ​ទីតាំង​ ដែល​មាន​ចំនួន​៩៧​កំណាត់​នោះ​ យក​មក​រក្សា​ទុក​ ប៉ុន្តែ​ រហូត​មក​ទល់​នឹង​ថ្ងៃ​១១​មេ​សា​នេះ​ ឈើប្រណិត​ដែល​រង​ការ​បង្ក្រាប​នោះ​ សមត្ថកិច្ច​ទើប​ធ្វើការ​ដឹក​ជញ្ជូន​បាន​៤៧​កំណាត់​ប៉ុណ្ណោះ​ នៅ​៥២​កំណាត់​ទៀត​ កំពុង​បន្ត​ដឹក​ជញ្ជូន​នោះ​ហើយ​។​

​សេចក្តីរាយការណ៍​ចុង​ក្រោយ​ ពី​ស្រុក​សៀម​ប៉ា​ង​បាន​ឲ្យ​ដឹង​ថា​ សកម្មភាព​កាប់​ និង​ដឹក​ជញ្ជូន​ឈើប្រណិត​ ធ្វើ​ជំនួញ​ឆ្លង​ដែន​នៅ​សព្វ​ថ្ងៃនេះ​ គឺ​មិន​មានការ​ថមថយ​នោះ​ទេ​ ហើយ​អ្នក​នៅ​ពីក្រោយ​ខ្នង​ នៃ​ការ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ឧទ្យាន​ជាតិ​វរៈជ័យ​នោះ​ ត្រូវ​គេ​សង្ស័យ​ថា​ សុទ្ធតែ​ជា​មន្ត្រី​ដែល​មាន​តួនាទី​ នៅ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ នៅ​ក្នុង​តំបន់​នោះ​ បើ​ទោះបីជា​ គណៈ​ក​ម្មា​ការ​ទប់ស្កាត់​ បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​ នៅ​មិន​ទាន់​បាន​បញ្ចា​ប់​បេសកកម្ម​របស់​ខ្លួន​នោះ​យ៉ាងណា​ក៏​ដោយ​ ៕​ បក្សី​ជាយ​ដែន​

003 copy copy

002 copy copy

001 copy copy

004 copy copy

005 copy copy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *