សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយកន្លែង​របស់​មន្ត្រីនគរបាល​យុត្តិធម៌​

​ខេត្តរតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង កម្លាំងនគរបាល​អធិការ​ក្រុង​បាន​លុង ជំនាញ​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​ដោយ​លោក បូ រ៉ា​ន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ បាន​ចុះទៅ​ឡោមព័ទ្ធ​លំនៅដ្ឋាន​មួយកន្លែង​ដែល​ត្រូវគេ​ស្គាល់​ថា ជា​ផ្ទះ​របស់​មន្ត្រីនគរបាល​យុត្តិធម៌​ម្នាក់ ឈ្មោះ ឈិន ថេ​ន​( ហៅ តា​ហឺយ​) មាន​តួនាទី​ជាអនុប្រធាន​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដែលមាន​ទីតាំង​ស្តុក​ឈើ​នោះ ស្ថិតនៅ​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ឃ្លាំង​ស្តុក​ឈើ​ខាងលើនេះ​កម្លាំងចម្រុះ​ឆែកឆេរ​និង​កាត់​សោរ​បន្ទប់​រកឃើញ​ឈើ ប្រណិត​ប្រភេទ​ឈើ​សុ​ក្រំ​និង​ឈើ​ធ្នុង​សុទ្ធ ដែលមាន​មុខកាត់ និង​ប្រវែង​ចម្រុះ​គ្នា​រាប់រយ​ដុំ​។​

​ក្រោយពេល​ឆែកឆេរ​រកឃើញ​ឈើ កម្លាំង​ធ្វើការ​រឹ​ប​អូស​តែម្តង​បាន​ចំនួន​៤ រ៉ឺម៉ក​យក្យ ហើយ​ដឹកជញ្ជូន​មក​ប្រគល់អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​។ ក៏ប៉ុន្តែ​ក្នុង​យុទ្ធនាការ​បង្ក្រាប​នោះគេ​ពុំ​ឃើញ​មានការ​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ដែល​ស្តុក​ឈើប្រណិត​ខុសច្បាប់ យកមក​ផ្តន្ទាទោស​នោះឡើយ​។​

​ដោយឡែក​នៅក្នុង​ខណៈនោះ​ដែរ ម្ចាស់ផ្ទះ លោក ឈិន ថេ​ន ហៅ តា​ហឺយ ជា​មន្ត្រីប៉ូលិសស័ក្កិ៥​ព្រមទាំង​ប្រពន្ធ​គាត់ បាន​ចេញមក​បដិសេធ​ចំពោះមុខ​សមត្ថកិច្ច​ថា ឈើ​ប្រណីត​ដែល​ស្តុក​ក្នុងផ្ទះ​របស់ខ្លួន​នេះ វា មិនមែនជា​ឈើ​របស់ខ្លួន​នោះទេ ! គឺជា​ឈើ​របស់ ឈ្មោះ ស៊ឺង ជា​ជនជាតិ​វៀតណាម រកស៊ី​ដុះ​ស្លែ បានមក​ជួល​បន្ទប់ សម្រាប់​ដាក់​ឈើ​ប្រណីត ស្តុក​ទុក​ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់​ក្បែរ​ផ្ទះ​ស្តុក​ឈើ​ប្រណីត​ខាងលើ​បានអោយដឹងថា ផ្ទះ​មន្ត្រីប៉ូលិស​​រូបនេះ ធ្វើ​បន្ទប់​ជួល​ជាច្រើន​បន្ទប់ ភាគច្រើន ជា​ក្រុម​អ្នករកស៊ី​ឈើ​មក​ជួល​ធ្វើ​អាជីវកម្ម​ទិញ​ឈើ​លក់​ឈើ​ដែល​ដឹក​តាម​ម៉ូតូ​ចូលមក​ទំលាក់​ក្តុងក្តាំងៗ​ទាំងយប់​ទាំង​ថ្ងៃ​ធ្វើអោយ​រំខាន​ការ​ដេក​ពួន​របស់​ពួកគាត់​ជា​យូរ​មកហើយ​។ ប្រភព​បាន​បន្តថា ក្នុង​បរិវេណ​ដីឡូត៍​ផ្ទះជួល​មន្ត្រីនគរបាល​រូបនេះ មិនអោយ​អ្នក​ចំឡែក ចូល​លេង​បាន​នោះឡើយ​។ បន្ទាប់ពី មាន​ចំណាត់ការ​នេះ ពួកគាត់​អបអរសាទរ​យ៉ាងខ្លាំង​។

​លោក លី សុផាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង បានអោយដឹង​នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា ឈើ​ដែល​ចុះបង្ក្រាប​ខាងលើ មាន​ចំនួន​បួន​រ៉ឺម៉ក​យក្យ ជា​ប្រភេទ​ឈើ​ប្រណីត​ចម្រុះ បាន​ដឹកជញ្ជូន​មក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រួចរាល់​ហើយ ប៉ុន្តែ​តួលេខ​គឺ​នៅ​ពុំទាន់​ដឹង​ប៉ុន្មាន​ម៉ែត្រ​គូប​នោះនៅឡើយ ​ពីព្រោះ​ជំនាញ​ពុំទាន់​ធ្វើការ​វ៉ា​ស់វែង ៕ ជាយដែន

Loading...