សមត្ថកិច្ច ឃាត់ខ្លួន ឧត្តមសេនីយ៍ផ្កាយ ២ក្លែងក្លាយម្នាក់ រឿងបោកលុយប្រជាពលរដ្ឋដែលចង់ចូលធ្វើនគរបាល

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២០ម្សិលមិញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី គំរាមសម្លាប់ ក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ និងឋានៈតួនាទីជាឧត្តមសេនីយ៍ទោ (ផ្កាយ២) កាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ និងឆបោកប្រាក់ ប្រជាពលរដ្ឋជាច្រើនករណី។

បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ឆាយ សុភ័ក្រ ហៅ សេង សុភ័ក្ដ្រ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ការឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងបន្ទាប់ពីមាន ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋរងគ្រោះ ដែលចាញ់បោកជនសង្ស័យអស់ជាច្រើនម៉ឺនដុល្លារ។

ជនរងគ្រោះ បញ្ជាក់ថា ជនសង្ស័យ បានប្រើប្រាស់តួនាទីជា ឧត្តមសេនីយ៍ទោ ទៅបញ្ចុះបញ្ចូលពួកគាត់ ឲ្យបង់លុយក្នុងម្នាក់ៗ ជាង ១ម៉ឺនដុល្លារ ដើម្បីឲ្យជនសង្ស័យរត់ការចូលធ្វើនគរបាលនៅក្រសួងមហាផ្ទៃ។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងឃាត់ខ្លួនជនសង្ស័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

Loading...