សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានព្យាបាលក្មួយស្រី ផាន សំណាង ដែលមានជម្ងឺ បេះដូងប្រហោង អោយរួចផុតពីសេចក្តីស្លាប់

ខេត្តកំពត៖ ព្រឹកថ្ងៃ អាទិត្យ ទី២៧ សីហា ២០១៧ ក្រុមជំនួយការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បានចុះសួរសុខទុក្ខគ្រួសារលោកពូ ជា ត្រេ និងភរិយា ដែលមានកូន០៦ នាក់ ពិការតាមលោកឪពុក ៥នាក់ ដែលរស់នៅក្នុងភូមិ ព្រៃស្រឡៅ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងនោះក្មួយស្រី ផាន សំណាង អាយុ១០ឆ្នាំខ្លួនពិការហើយថែមទាំង មានជម្ងឺបេះដូងប្រហោង ប្រចាំកាយទៀត ។ លោកពូជា ត្រេ ដែលជាឪពុកកុមារី ផាន សំណាង បានរៀបរាប់ទាំងអួលដើមករថា ជាអកុសលសម្រាប់គ្រួសារគាត់ណាស់ គាត់ពិការហើយ កូនស្រីទាំង៥ របស់គាត់ពិការតាមគាត់ទៀត ហើយជាពិសេស មានជម្ងឺចម្លែក(បេះដូងប្រហោង) តើគាត់មានលុយឯងណាព្យាបាលទៅ ។
ម្យ៉ាងវិញទៀត ដោយអស់សង្ឍឹម លោកពូ និងក្រុមគ្រួសារ គិតថាកូនស្រី ម្នាក់នេះ និងបាត់បង់ជីវិតនៅថ្ងៃណាមួយ។

ក្រោយមកដោយភព្វវាសនា របស់កូនស្រីគាត់ លោកពូ ក៏ទទួលពត័មានថា មាន សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោចុះជួយព្យាបាលដោយឥតគិតថ្លៃ លោកពូក៏សាកល្បងយកកូនស្រីទៅពិនិត្យ ពេលនោះឯ.ឧ ហ៊ុន ម៉ាណែត លោកក៏ប្រាប់ថា កូនរបស់ពូអាចព្យាបាល និងវះកាត់បាន ពេលនោះលោកពូ ឮសំដីបែបនេះគាត់សប្បាយចិត្តខ្លាំងណាស់ក៏បានបញ្ជូនកូនស្រីរបស់គាត់តាមការណាត់របស់គ្រូពេទ្យ។

បន្ទាប់ពីវះកាត់រួចរហូតមកដល់ពេលអស់រយៈពេលជិត២ខែហើយ ឃើញកុមារី ផាន សំណាង បានជាសះស្បើយហើយ មានស្នាមញញឹមថ្មី ក្តីសង្ឍឹមថ្មី និងជីវិតថ្មីផងដែរ។

មិនត្រឹមប៉ុណ្ណោះ ឯ.ឧ ហ៊ុន ម៉ាណែត និងជំទាវ ក៏បានចាត់អោយក្រុមជំនួយការរបស់លោកចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិការ និងសម្ភារៈជូនគ្រួសារក្មួស្រីផងដែរ រួមមាន៖
ថវិការ ៤០០០០០៛,អង្ករ៥០ គីឡូ,មី០២កេះ,ទឹកសុីអុីវ ០៣យូរ,ត្រីខ ០២យូរ,នំធុង ០១ធុងធំ,ទឹកបរិសុទ្ធ០២កេះ,ទឹកផ្លែឈើ០១កេះ,ទឹកត្រី០២យូរ ផងដែរ។

ក្រុមគ្រួសារលោកពូ ជា ត្រេ បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ និង ឯកឧត្តម ហ៊ុន ម៉ាណែត រួមនឹង លោកជំទាវដែលបានគិតគូពីការលំបាករបស់ប្រជាពលរដ្ឋ ក្រីក្រជួបការលំបាកក្នុងជីវភាពរស់នៅ ដោយមិនប្រកាន់និន្នាការនយោបាយ ជាពិសេសបានជួយដល់គ្រូសារលោកពូនាពេលនេះ ៕

Loading...