សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) សហការជាមួយស្ថប័ន៦ផ្សេងទៀតដើម្បីផ្តល់ពន្លឺជីវិតថ្មីជូនប្រជាពលរដ្ឋនៅមន្ទីពេទ្យពរះអង្គឌួង

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងពិនិត្យសកម្មភាពវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) សហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ មន្ទីរពេទ្យព្រះអង្គឌួង អង្គការKhmer Sight និងធានាគារភ្នំពេញពាណិជ្ជ។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យខ្មែរនិងក្រុមគ្រូពេទ្យកូរ៉េនិងផ្នែកដែលពាក់ព័ន្ធទាំងអស់ដែលបានផ្តល់សេវាពិនិត្យនិងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរួមចំណែកយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ។

តាមការបញ្ជាក់របស់តំណាងក្រុមគ្រូពេទ្យ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណាបានឱ្យដឹងថា គោលបំណងនៃសកម្មភាពមនុស្សធម៌គឺផ្តល់ពន្លឺជីវិតថ្មីជូនប្រជាពលរដ្ឋតាមរយៈការវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃដោយមានសហការរវាងសមាគម TYDA ស្ថាប័នមនុស្សធម៌ចំនួន០៦ផ្សេងទៀត។

ប្រជាពលរដ្ឋ ដែលបានមកទទួលការវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃបានបង្ហាញអារម្មណ៍ត្រេកអរសប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង អង្គការKhmer Sightដែលបានព្យាលបាលដោយឥតគិតថ្លៃប្រកបដោយទឹកចិត្តសប្បុរសធម៌។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃមកនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) សហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ មន្ទីរពេទ្យព្រះអង្គឌួង អង្គការKhmer Sight និងធានាគារភ្នំពេញពាណិជ្ជបានធ្វើការវះកាត់ជំងឺភ្នែកឡើងបាយ និងជំងឺកន្ទុយថ្លែន សរុបចំនួន២០៤នាក់ដែលប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកដែលត្រូវវះកាត់នាពេលនេះគឺបានមកពីបេសកកម្មTYDAចុះពិនិត្យនិងព្យាបាលកម្មករកម្មការិនីរោងចក្រនៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ តុលា ឆ្នាំ២០១៧និងពិនិត្យនិងព្យាបាលប្រជាពលរដ្ឋនៅស្រុក ខេត្តតាកែវកាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៧ ៕

Loading...