សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះពិនិត្យជំងឺឥតគិតថ្លៃជូន កម្មករកម្មការនីរោងចក្រ និងប្រជាពលរដ្ឋក្រីក្រ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

ភ្នំពេញ៖ គិតមកដល់ពេលនេះ សមាគមបានធ្វើសកម្មភាពមនុស្សធម៌អស់រយៈពេល៥ឆ្នាំកន្លងមកហើយ និងបានពិនិត្យព្យាបាលជំងឺជូនកម្មករកម្មការនី និងប្រជាពលរដ្ឋ សរុបជា២៥ម៉ឺននាក់ និងមានករណីជំងឺធ្ងន់ធ្ងរជាង៣ពាន់នាក់បានបញ្ជូនបន្តមកព្យាបាល នៅតាមមន្ទីពេទ្យ និងអង្គការជាដៃគូរ ក្នុងរាជធានីភ្នំពេញ ។

ក្រោមការយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពចំពោះកម្មករកម្មការនីរោងចក្រ និង ប្រជាពលរដ្ឋ ក្រីក្រនៅតាមមូលដ្ឋាន លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រីពេជ ចន្ទមុន្នី បានអោយ ក្រុមការងារ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងបានសហការ ជាមួយអាជ្ញាធរ ចុះពិនិត្យព្យាបាលសុខភាពជូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៧ នេះ។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង អនុប្រធានប្រតិបត្តិ ទទួលបន្ទុកបេសកកម្មរោងចក្រ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានឱ្យដឹងថាគោលបំណងសំខាន់ចំនួនបីរបស់សមាគមគឺផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ឫសាសនា ប្រមូលកម្លាំងស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពមនុស្សធម៌ និងបណ្តុះបណ្តាលធនធានមនុស្សផ្តល់ជំនាញដល់និស្សិតពេទ្យអោយមានជំនាញបន្ថែម។ ចំពោះ សកម្មមនុស្សធម៌នេះគឺដើម្បីបង្ខិតសេវាសុខាភិបាលនិងសកម្មភាពមនុស្សធម៌ឱ្យគៀកដល់បងប្អូនកម្មករកម្មការនីរោងចក្រនិងប្រជាពលរដ្ឋតាមសហគមក្រីក្រនិងដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថាបេសកកម្មថ្ងៃនេះបានបែងចែកជាពីរក្រុម មួយក្រុមពិនិត្យព្យាបាលកម្មករកម្មការនី និងប្រជាពលរដ្ឋនៅនឹងកន្លែង និងមួយក្រុមទៀតចុះអប់រំសុខភាពប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបន្ទប់ជួល ។

លោកបានបញ្ជាក់បន្ថែមថា ក្រុមការងារ និងធ្វើការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្ងៃរយៈពេលមួយព្រឹក ដែលមានគ្រូពេទ្យជំនាញ ផ្នែកជំងឺទូទៅ ផ្នែកជំងឺមាត់ធ្មេញ ផ្នែករោគស្រ្តី ផ្នែកត្រចៀកច្រមុះបំពង់ករ ផ្នែកវះកាត់តូច ផ្នែកឫសដូងបាត និងផ្នែកជំងឺសើស្បែក ជាងនេះទៅទៀត មានផ្នែកមន្ទីពិសោធន៍ ដែលអាចពិនិត្យឈាមឃើញលទ្ធផលភ្លាមៗ។

សម្រាប់ការពិនិត្យព្យាបាលថ្ងៃនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) បានព្យាបាលជំងឺសរុបចំនួន ១,១២១នាក់ និង ចុះអប់រំសុខភាពប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបន្ទប់ជួលចំនួន៥០៧គ្រួសារ។

លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ តំណាងលោកឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានជំនួសមុខអោយអាជ្ញាធរមូលដ្ឋាន សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចុះព្យាបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានបញ្ជាគអំពីការយកចិត្តទុកដាក់ របស់ សម្តេចតេជោ ចំពោះប្រជាពលរដ្ឋ ដែលពុំមានលទ្ធភាពបង់ប្រាក់ព្យាបាល ដោយបញ្ជូនក្រុមគ្រូពេទ្យជំនាញ ប្រកបដោយវិជ្ជាជីវៈ សីលធម៌ មកពិនិត្យដោយមិនគិតប្រាក់ដល់មូលដ្ឋានផ្ទាល់។

ប្រជាពលរដ្ឋនិងកម្មករកម្មការនីបានសម្តែងនូវទឹកមុខរីករាយ និងបានថ្លែងអំណរគុណចំពោះចំពោះក្រុមគ្រូពេទ្យដែលបានពិនិត្យព្យាបាល ជូនពួកគាត់យ៉ាងយកចិត្តទុកដាក់និងមិនគិតថ្លៃ និងបានសំណូមពរអោយសមាគមចុះមកធ្វើសកម្មភាពមនុស្សធម៌នេះអោយបានកានតែច្រើន។

សូមបញ្ជាក់ផងដែរថា សកម្មភាមនុស្សធម៌នេះត្រូវបានចូលរួមដោយ ក្រុមគ្រូពេទ្យជំនាញមកពីតាមបណ្តាមន្ទីពេទ្យរដ្ឋ និងឯកជននានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សហភាពសហព័ន្ធយុវជនកម្ពុជា( សសយក) ដែលបានជួយសហការគាំទ្រ ដើម្បីអោយបេសកកម្មមនុស្សធម៌នេះទទួលបានជោគជ័យ៕

 

Loading...