សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោពិនិត្យជំងឺជូនប្រជាពលរដ្ឋជាង៣ពាន់នាក់ នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ក្រោមការយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពចំពោះកម្មករ កម្មការិនី រោងចក្រ និងប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកស្រី ពេជ ចន្ទមុន្នី បានអោយក្រុមការងារ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងបានសហការ ជាមួយអាជ្ញាធរ ចុះពិនិត្យព្យាបាលសុខភាពជូនប្រជាពលរដ្ឋជាង ៣ពាន់នាក់ នៅក្នុងភូមិពោធិ៍ ឃុំស្តុក ស្រុកកណ្តៀង ខេត្តពោធិសាត់ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។

លោកវេជ្ជបណ្ឌិត ចាន់ សុភ័ស្ឌ អនុប្រធានប្រតិបត្តិទទួលបន្ទុកបេសកកម្មតាមបណ្តាខេត្ត នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានឱ្យដឹងថា គោលបំណងសំខាន់របស់សមាគមគឺផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ឬសាសនា ប្រមូលកម្លាំងស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពមនុស្សធម៌ និង បណ្តុះបណ្តាលធនធានមនុស្សផ្តល់ជំនាញដល់និស្សិតពេទ្យអោយមានជំនាញបន្ថែម។ ចំពោះសកម្មមនុស្សធម៌នេះ គឺដើម្បីបង្ខិតសេវាសុខាភិបាល និងសកម្មភាពមនុស្សធម៌ឱ្យគៀកនិងប្រជាពលរដ្ឋតាមសហគមន៍ក្រីក្រ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា នេះគឺជាបេសកកម្មដំបូងសម្រាប់ឆ្នាំ២០១៨ នឹងជាលើកទី៣សម្រាប់ខេត្តពោធិ៍សាត់ ដែលក្រុមការងារបានចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ការពិនិត្យព្យាបាលនេះ មានគ្រូពេទ្យជំនាញ ផ្នែកជំងឺទូទៅ ផ្នែកជំងឺមាត់ធ្មេញ ផ្នែករោគស្រ្តី ផ្នែកត្រចៀក ច្រមុះ បំពង់ករ ផ្នែកវះកាត់តូច ផ្នែកឫសដូងបាត និងផ្នែកជំងឺសើស្បែក ជាងនេះទៅទៀត មានផ្នែកមន្ទីពិសោធន៍ ដែលអាចពិនិត្យឈាមឃើញលទ្ធផលភ្លាមៗ។

ចំណែកលោកស្រី ជុំ សុផានី អភិបាលរងខេត្តពោធិសាត់ បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចុះព្យាបាលជូនប្រជាពលរដ្ឋក្នុងមូល ដ្ឋាន ដែលបានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ចំពោះប្រជាពលរដ្ឋដែលពុំមានលទ្ធភាពបង់ប្រាក់ព្យាបាល ដោយបញ្ជូនក្រុមគ្រូពេទ្យជំនាញ ប្រកបដោយវិជ្ជាជីវៈ សីលធម៌ មកពិនិត្យដោយមិនគិតប្រាក់ដល់មូលដ្ឋានផ្ទាល់។

រីឯប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យដែលបានពិនិត្យព្យាបាល ជូនពួកគាត់យ៉ាងយកចិត្តទុកដាក់និងមិនគិតថ្លៃ និងបានសំណូមពរអោយសមាគមចុះមកធ្វើសកម្មភាពមនុស្សធម៌នេះអោយបានកាន់តែច្រើន។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានធ្វើសកម្មភាពមនុស្សធម៌អស់រយៈពេល៥ឆ្នាំកន្លងមកហើយ និងបានពិនិត្យព្យាបាលជំងឺជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ សរុបជាង២៥ម៉ឺននាក់ និងមានករណីជំងឺធ្ងន់ធ្ងរជាង៣ពាន់នាក់ បានបញ្ជូនបន្តមកព្យាបាល នៅតាមមន្ទីពេទ្យ និងអង្គការជាដៃគូរ ក្នុងរាជធានីភ្នំពេញ៕

Loading...