សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានធ្វើសកម្មភាពមនុស្សធម៌តាមរោងចក្រជាលើកទី៧របស់ខ្លួនក្នុងទឹកដីខណ្ឌដង្កោ 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង តំណាងលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី  បានដឹកនាំក្រុមគ្រូពេទ្យនៃសមាគម ចុះអប់រំសុខភាពជូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ អំពីបញ្ហានៃជំងឺគ្រុនឈាម និងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនបងប្អូនកម្មករ កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញសរុប១,០៦៨នាក់ និងបញ្ជូនមកព្យាបាលបន្តនៅមន្ទីពេទ្យចំនួន០៦នាក់ផ្សេងទៀត។

បេសកកម្មនេះមានការចូលរួមដោយក្រុមគ្រូពេទ្យជាសមាជិកនៃសមាគម ដែលមកពីតាមមន្ទីពេទ្យរដ្ឋ និងឯកជននានា អាជ្ញាធរខណ្ឌដង្កោ តំណាងបេឡាជាតិរបបសន្តិសុខសង្គម សភាសម្ព័ន្ធសហជីពកម្ពុជា និងមានការអញ្ជើញចូលរួមដោយសមាគមLION CLUBS INTERNATIONAL សហភាពសហព័ន្ធយុវជនកម្ពុជា( សសយក) សមាគមសិស្សនិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អមត) និងផ្នែកពាក់ព័ន្ធដទៃទៀត។

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង បានអោយដឹងថា នេះជាលើងទី៧ហើយសម្រាប់ការចុះបេសកកម្មមនុស្សធម៌ក្នុងខណ្ឌដង្កោ ដើម្បីចូលរួមក្នុងការកាត់បន្ថយនូវការចំណាយលើបញ្ហាសុខភាព ជូនកម្មករ កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋ ។ ជាងនេះទៀតដោយសាររដូវភ្លៀងបានខិតជិតមកដល់ សមាគមបានរៀបចំក្រុមការងារដើម្បី  ចុះអប់រំសុខភាពជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ អំពីរោគសញ្ញា និងវិធីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ដែលងាយនិងកើតដល់កុមារតូចៗរបស់បងប្អូនប្រជាពលរដ្ឋ។

លោកបានរំលឹកថា ជាមួយនិងសមាជិកជាង៤ពាន់ នាក់សមាគមបានធ្វើសកម្មភាពមនុស្សធម៌ទូទាំង២៥រាជធានីខេត្ត រយៈពេល៥ឆ្នាំកន្លងមកហើយ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ សរុបចំនួនជិត២៦ម៉ឺននាក់ និងបញ្ជូនបន្តមកព្យាបាល នៅតាមមន្ទីពេទ្យ និងអង្គការជាដៃគូរ ប្រមាណជាង៣ពាន់នាក់ ដែលការចំណាយផ្សេងៗជាបន្ទុករបស់សមាគមទាំងស្រុង។ ទាំងនេះគឺក្រោមគំនិតផ្តួចផ្តើមផ្ទាល់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយធ្វើការដឹកនាំផ្ទាល់ដោយលោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល ។ គោលដៅរបស់សមាគមគឺចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើផ្នែកសុខភាពប្រជាពលរដ្ឋក្រីក្រតាមមូលដ្ឋានផ្ទាល់ដោយមិនប្រកាន់សាសនា និន្នាការនយោបាយ។

លោក ជាវ ប៊ុណ្ណារិទ្ធ តំណាងបេឡាជាតិរបបសន្តិសុខសង្គមបានបញ្ជាក់អំពីអត្ថប្រយោជន៍នៃគោនយោបាយ របបសន្តិសុខសង្គម ដែលអនុវត្តដោយបេឡាជាតិ ដែលហៅកាត់ថា(បសស) ដែលផ្តល់អត្ថប្រយោជន៍បន្ថែមដល់កម្មរកម្មារនីរោងចក្រ និងគ្រឹស្ថានឯកជនទាំងអស់អាចទទួលបានរបបសន្តិសុខសង្គមដូចគ្នា។

លោកបានឡើង៣ចំណុចសំខាន់ៗ ទី១-ទទួលបានរបបគ្រោះថ្នាក់ការងារ គឺទទួលការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីពេទ្យរដ្ឋនានា និងមន្ទីពេទ្យឯកជនមួយចំនួន  ទី២-គឺរបបថែទាំងសុខភាព ដែលកម្មករកម្មការនីនិងទទួលបានការពិនិត្យព្យាបាលមិនអស់ប្រាក់នៅតាមមន្ទីពេទ្យដូចគ្នា ទី៣-កម្មការិនីដែលមានផ្ទៃពោះនិងទទួលការពិនិត្យមិនបង់ប្រាក់ហើយ រយៈពេលបីខែរនៃការចូលមានតុភាពនឹងទទួលបានប្រាក់ឧប្ថមរហូត១២០% ជាងនេះទៀត បងប្អូនកម្មការិនីសម្រាលកូនម្នាក់ទទួលបានប្រាក់ឧបត្ថម៤០ម៉ឺនរៀល បើសម្រាលបានកូនភ្លោះពីរនាក់ទទួលបានប្រាក់ឧបត្ថម៨០ម៉ឺនរៀក  និងសម្រាល់បានកូនភ្លោះ៣ទទួលបាន១២០ម៉ឺនរៀល។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាលនិងអនុវត្តប្រាក់សោធននិវត្សន៍ចំពោះបងប្អូនកម្មករកម្មការិនីដែលនិងធ្វើនៅឆ្នាំ២០១៩ ហើយបានធ្វើការប្រកាសដោយប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ។ លើសពីនេះសូម្បីតែអ្នករត់ម៉ូតូឌុប ឫឡានតាក់ស៊ី ក៏អាចទទួលរបប(បសស)បានដែរដោយគ្រាន់តែទៅចុះឈ្មោះនៅសមាគមម៉ូតូឌុបឫសមាគមឡានតាក់ស៊ីជាដើម ។

លោកបន្តថា អត្ថប្រយោជន៍ទាំងនេះគឺជាការគិតគូរដែល កើតចេញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋ ភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្ររាជាណាចក្រកម្ពុជា ។ ចំពោះលទ្ធផលនៃសកម្មភាពមនុស្សធម៌នេះ គឺចុះអប់រំសុខភាពតាមខ្នងផ្ទះចំនួន២៧៥គ្រួសារ និងពិនិត្យព្យាបាលនូវនឹងកន្លែងបានចំនួន១,០៦៨នាក់ និង បញ្ជូនមកព្យាបាលនៅតាមន្ទីពេទ្យជាដៃគូរចំនួន០៦នាក់ ដែលក្នុងនោះ៖  – ជំងឺទូទៅចំនួន៧០២នាក់ – ជំងឺកុមារចំនួន៥០នាក់ – ជំងឺមាត់ធ្មេញ១០៧នាក់ – ជំងឺភ្នែក៥៣នាក់ – ជំងឺត្រចៀកច្រមុះបំពង់ក៦១នាក់ – វះកាត់តូច០៥នាក់ – រោគស្រ្តី៣៥នាក់ – អេកូសាស្រ្ត២៣នាក់ – ផ្នែកពិសោធន៍២៦នាក់។

ប្រជាពលរដ្ឋ កម្មករកម្មការិនីដែលបានទទួលសេវាពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃបានបង្ហាញអារម្មណ៍រីករាយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលបានចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅក្នុង ពេលនេះនិងសូមគោរពថ្លែងអំណរគុណចំពោះសកម្មភាព ដ៏ប្រពៃថ្លៃថ្លារបស់ក្រុមគ្រូពេទ្យគឺសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ជាមួយគ្នានេះដែរ ក្រុមការងារនៃសមាគមបានប្រគល់រទេះពិការដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ ជូនដល់ជនពិការទីទាល់ក្រចំនួន០២នាក់ផងដែរ៕

 

Loading...