សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)និងអគ្គបេឡាជាតិរបបសន្តិសុខសង្គម (ប ស ស) បានចុះអនុស្សរណៈយោគយល់គ្នាបង្កើនលទ្ធភាពក្នុងការគាំពារសុខុមាលភាពរបស់កម្មករ កម្មការិនី

ភ្នំពេញ៖  ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ក្នុងការគាំពារសុខុមាលភាពរបស់កម្មករ កម្មការិនី និងផ្នែកផ្សេងៗដទៃទៀត នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនិងអគ្គបេឡាជាតិរបបសន្តិសុខសង្គម (ប ស ស) បានចុះអនុស្សារណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរនៅសណ្ឋាគារភ្នំពេញក្រោមអធិបតីភាពនិងចុះហត្ថលេខាដោយ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប ស ស) និងមានការចូលរួមពីសំណាក់ក្រុមការងារនៃស្ថាប័នទាំងពីរជាច្រើននាក់ផងដែរ។

លោក អ៊ុក សមវិទ្យា បានមានប្រសាសន៍ថា តាមរយៈការអនុវត្តរបបសន្តិសុខសង្គមមួយថ្ងៃទៅមួយថ្ងៃ ចំនួនសមាជិក ប ស ស មានការកើនឡើងជាលំដាប់ ដែលជាហេតុធ្វើឱ្យ ការផ្តល់សេវានៅតំបន់មួយចំនួននៅមានការខ្វះខាត។ ដូច្នេះគោលបំណងនៃអនុស្សារណៈយោគយល់នាពេលនេះគឺដើម្បីសម្រេចឱ្យបាននូវអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងនិងពង្រីកការផ្តល់សេវាសុខាភិបាលជូនដល់សមាជិក ប ស ស ឱ្យមានភាពកាន់តែល្អប្រសើរឡើងដែលធ្វើឱ្យសមាជិក ប ស ស ទាំងអស់មានភាពងាយស្រួលនិងមានភាពកក់ក្តៅក្នុងការទទួលបានសេវាសុខាភិបាលតាមរយៈកាសហការគ្នារវាង ប ស ស និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលពោពេញទៅដោយវេជ្ជបណ្ឌិតជំនាញៗ និងមានបទពិសោធន៍ខ្ពស់ក្នុងការពិនិត្យ និងព្យាបាលជំងឺ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ដើម្បីធ្វើសកម្មភាពមនុស្សធម៌តាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ចុះពិនិត្យនិងព្យាបាលជូនកម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ ចុះពិនិត្យនិងព្យាបាលកុមារកំព្រា នៅតាមបណ្តាមជ្ឈមណ្ឌលកុមារកំព្រា អង្គការនានាដោយឥតគិតថ្លៃ។ ការចុះអនុស្សារណៈយោគយល់នាពេលនេះគឺជាទិសដៅរួមមួយសំដៅបង្កើនលទ្ធភាពបំពេញបន្ថែមក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីជួយពង្រឹងសុខភាព និងគាំពារសុខមាលភាពរបស់កម្មករ កម្មការិនី និងផ្នែកផ្សេងៗទៀតឱ្យទទួលបានជោគជ័យ ដែលនេះគឺជាកិច្ចការដ៍សំខាន់ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី មន្រ្តីរាជការ និងផ្នែកផ្សេងៗជាច្រើនទៀត។

សូមបញ្ចាក់ថា នាពេលកន្លងមក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចុះអនុស្សារណៈយោគយល់គ្នាជាមួយស្ថាប័នជាតិ អង្គការអន្តរជាតិនិងក្រុមហ៊ុនឯកជននានាដើម្បីបង្កើនកិច្ចសហការសំដៅបង្កើនលទ្ធភាពនិងប្រសិទ្ធភាពដល់សមាគមក្នុងការងារមនុស្សធម៌តាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត កម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ កុមារកំព្រា នៅតាមបណ្តាមជ្ឈមណ្ឌលកុមារកំព្រា អង្គការនានាដែលគិតមកដល់ពេលនេះប្រជាពលរដ្ឋ កម្មករ កម្មការិនី កុមារកំព្រា សរុបទាំងអស់ប្រមាណជាង២៦ម៉ឺននាក់ត្រូវបានសមាគមចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ក្នុងនោះអ្នកជំងឺធ្ងន់ចំនួនប្រមាគជាង៣ពាន់នាក់ត្រូវបានសមាគមបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាមន្ទីពេទ្យនានាដែលជាដៃគូរសហការរបស់សមាគម៕

 

Loading...