សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ ចុះព្យាបាលដោយឥតគិតថ្លៃជូន ប្រជាពលរដ្ឋស្រុកស្រីសន្ធរ ជាង៤ពាន់នាក់

ខេត្តកំពង់ចាម ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) បានចុះពិនិត្យព្យាបាលប្រជាពលរដ្ឋស្រុកស្រីសន្ធរ ខេត្តកំពង់ចាមជាង៤ពាន់នាក់ ដែលសកម្មភាពមនុស្សធម៌នេះ ត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម និងលោកស្រី ពេជ ចន្ទមុន្នី និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លូ គឹមឈុន ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្សនិស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អមត) អង្គការSt.Jonh ។

លោកហ៊ុន ម៉ាណែត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមក្នុងពិធីនោះនិងប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរផងដែរ។ លោកហ៊ុន ម៉ាណែត បានលើកឡើងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្កើតតាំងពីឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ និងបានធ្វើសកម្មភាពមនុស្សធម៌ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការព្យាបាលជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃនៅតាមមូលដ្ឋាននានា។

លោកបានបញ្ជាក់ថា ក្រុមការងារ នឹងផ្តល់ការពិគ្រោះពិនិត្យព្យាបាល ដោយពេទ្យជំនាញ ជាមួយ និងឧបករណ៍ទំនើបៗ ដូចជាអេកូផ្ទៃពោះ ពិនិត្យឈាម ដែលផ្តល់លទ្ធផលច្បាស់លាស់។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ ក្រុមការងារនៃសមាគម និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផ្នែកពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមក្នុងសកម្មភាពផ្តល់ការព្យាបាលនៅថ្ងៃនេះ។ លោក បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរទាំងអស់ ដែលជឿជាក់ និងផ្តល់ការទុកចិត្តចំពោះសម្តេចតេជោ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួន និងអញ្ជើញដើម្បីទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីអភិវឌ្ឍប្រទេសជាបន្តទៅទៀត។

សូមបញ្ជាក់ថា ការពិនិត្យព្យាបាលប្រជាពលរដ្ឋ បានចំនួន៤,២០៤ និងបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យចំនួន១៤៤នាក់ ក្នុងនោះជំងឺទូទៅចំនួន២៧៤០នាក់ ជំងឺមាត់ធ្មេញ២១៨នាក់ ជំងឺត្រចៀកច្រមុះបំពង់ក១០០នាក់ ជំងឺភ្នែក៧៨៦នាក់ រោគស្ត្រី១០៦នាក់ វះកាត់តូច៤០នាក់ អេកូសាស្ត្រ៦៥នាក់ផ្នែកបេះដូង០៧នាក់ ជំងឺសើស្បែក១០៤នាក់ ឫសដូងបាត៤០នាក់ជំងឺសន្លាក់៩១នាក់ និងផ្នែកមន្ទីរពិសោធន៍៥១នាក់ ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត និង លោកស្រី បានប្រគល់រទេះពិការចមណួន៨គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ជនពិការទីទាល់ក្រផងដែរ ៕

Loading...