សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យជឺជាំង ដើម្បីបង្កើនកិច្ចសហការលើការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស

កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងសាកលវិទ្យាល័យជឺវជាំង បានចុះអនុស្សរណៈយោគយល់គ្នាដើម្បីបង្កើនកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្ស ។ ពិធីនេះប្រព្រឹតទៅក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងលោក Wang Xianmiao ប្រធានទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យជីវជាំង។

លោក Wang Xianmiao មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាមួយសមាគមអាហាររូបករណ៍សិស្សនិស្សិតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងប្រទេសកម្ពុជានាពេលនេះ គឺធ្វើឡើងតាមរយៈការផ្ដល់អាហារូបករណ៍និង ផ្ដល់នូវថវិកាសម្រាប់ការស្នាក់នៅ ការរៀនសូត្ររបស់និស្សិតកម្ពុជា។

លោកបានបន្តថា ក្រៅពីការសហការលើវិស័យអប់រំ ភាគីសាកលវិទ្យាល័យជីវជាំង ក៏មានការទំនាក់ទំនងផ្នែកសេដ្ឋកិច្ចតាមរយៈការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះ លោកក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគាំទ្រវិទ្យាស្ថានខុងជឺនិងសាកលវិទ្យាល័យជីវជាំងក្នុងកិច្ចសហការលើផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស។

លោកបន្តថា ការទំនាក់ទំនងយ៉ាងល្អ រវាងប្រទេសចិននិងប្រទេសកម្ពុជា គឺមានជាយូរមកហើយក្នុងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ ជាដើម ។ ដូច្នេះការចុះអនុស្សារណនាពេលនឹងជំរុញការទំនាក់ទំនងរវាងកម្ពុជា-ចិនឲ្យកាន់តែល្អប្រសើរថែមទៀតនៅក្នុងការផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរជាបន្តបន្ទាប់ ។

លោកហ៊ុនម៉ាណែត បានថ្លែងអំណរគុណចំពោះសកលវិទ្យាល័យជីវជាំងដែលបានសហការនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់តាមរយៈការផ្តល់អាហាររូបករណ៍ដល់និស្សិតខ្មែរ ដែលនេះគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការយកចិត្តទុកដាក់បណ្ដុះបណ្ដាលធនធានមនុស្ស។

លោកហ៊ុន ម៉ាណែត សង្ឃឹមជឿជាក់ថាការទំនាក់ទំនងដ៏ល្អនេះនឹងធ្វើអោយសាកលវិទ្យាល័យជីវជាំងនៅតែផ្ដល់អាហាររូបករណ៍ជូនដល់និស្សិតខ្មែរបន្ថែមទៀត។

សូមបញ្ជាក់ថា គោលបំណង ចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំង២នេះគឺជាកិច្ចសហប្រតិបត្តិការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសចិន និងការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ សម្រាប់សិស្ស-និស្សិតកម្ពុជា ចំនួន ២០នាក់ ក្នុងឆ្នាំ ២០១៧-២០១៨។

គួរកត់សម្គាល់ផងដែរ បេសកកម្មរបស់សមាគម អ.ម.ត គឺស្វែងរកឱកាសអាហារូបករណ៍ កម្មសិក្សាការងារ ដល់យុវជនកម្ពុជា ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ។ ដោយឡែក តាមរយៈសមាគម អ.ម.ត ចាប់ពីឆ្នាំ ២០០៩ មកដល់បច្ចុប្បន្ននេះ និស្សិតកម្ពុជាចំនួន ៩៨នាក់ បានបញ្ជូនទៅសិក្សានៅប្រទេសចិន ថ្នាក់ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ៕

Loading...