សមាគមអតីតយុទ្ធជនកម្ពុជា០៣ខណ្ឌ រាជធានីភ្នំពេញអញ្ជើញសាកសួរសុខទុក្ខនិងនាំយកថវិកា មរណៈសង្រ្គោះប្រគល់ជូនក្រុមគ្រួសារសពសមាជិក០៤គ្រួសារ

ភ្នំពេញ៖ តំណាងប្រធានកិត្តិយសនិងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា០៣ខណ្ឌគឺខណ្ឌសែនសុខ, ខណ្ឌកំបូលនិងខណ្ឌច្បារអំពៅ អនុវត្តតាមគោលការដឹកនាំរបស់ឯកឧត្តម ឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ  បានបន្តយកចិត្តទុកដាក់គិតគូរពីជីភាពរស់នៅរបស់ក្រុមគ្រួសារសមាជិកសមាគម។នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញសាកសួរសុខទុក្ខនិងនាំយកថវិកា មរណៈសង្រ្គោះប្រគល់ជូនក្រុមគ្រួសារសពសមាជិកសមាគម០៤គ្រួសារដើម្បីជាលើកទឹកចិត្តនិងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះក្រុមគ្រួសារសមាជិកសមាគម។

គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌសែន សុខ ផ្តល់ជូនថវិកាមរណៈសង្គ្រោះ ចំនួន៨លានរៀល ជូនដល់គ្រួសារ សពសមាជិកសមាគមចំនួន ០២សព ។១.សពលោក ជា សុជាតិ និវត្តន៍ជន នគរបាលជាតិទទួលបានថវិកាមរណៈសង្រោះចំនួន ៤លានរៀល ,២.សពលោក គឹម សារុំ សោធនពិការ ទទួលបានថវិកាមរណៈសង្រោះចំនួន ៤លានរៀលគ្រួសារសព រស់នៅក្នុងខណ្ឌសែនសុខ។

ដោយឡែកនៅថ្ងៃដដែលផងដែរ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌកំបូល នាំយកថវិកាមរណៈសង្គ្រោះ ចំនួន ៤លានរៀល ប្រគល់ជូនគ្រួសារ សពសមាជិកសមាគម ចំនួន០១សព លោក អឹម ស៊ឹម ដែលជានិវត្តន៍ជន នគរបាលជាតិ រស់នៅក្នុងខណ្ឌកំបូល។

នៅថ្ងៃដដែលផងទៀតលោកអនុសេនីយ៍ឯក ពៅ ពិសី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ តំណាងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ និង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌច្បារអំពៅ រួមជាមួយនិង មន្រ្តីក្រោមឱវាទ បានអញ្ជើញសាកសួរសុខទុក្ខនិងនាំយកថវិការចំនួន១០ម៉ឺនរៀល, អង្ករ៥០គីឡូក្រាម, ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ, មី១កេស, និង ប្រេងឆា០១ដបធំ ដើម្បីយកទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព លោក ស៊ិន សារុំ អតីតយុទ្ធជន នគរបាលជាតិនិវត្ត៍ជន ដែលបានធ្វើមរណៈកាលដោយរោគាពាធ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ នៅគេហដ្ឋាន ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខនិងនាំយកថវិកាប្រគល់ជូនក្រុមគ្រួសារសពសមាជិកសមាគមទាំង០៤គ្រួសារខាងលើ ក្នុងឱកាសនោះក៏បានពាំនាំនូវការសាកសួរសុខទុក្ខនិងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគមនិងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ជូនចំពោះគ្រួសារសពសមាជិកសមាគម ទាំង០៤គ្រួសារ នូវការសោកស្តាយដែលបាត់បង់យុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ។ ជាពិសេសបានចូលរួមគាំទ្រគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា នាំមកប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍រីកចម្រើនរហូតដល់បច្ចុប្បន្ននេះ៕

Loading...