សមាជិកក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ ម្ចាស់ក្រុមហ៊ុនS2V ធ្វើអាជីវកម្មនាំចូលមាន់ស្រែ ផ្ដាច់មុខពីប្រទេសថៃ ល្មើសនឹងច្បាប់របស់ក្រសួងកសិកម្ម ធ្វើអោយប្រជាកសិករចិញ្ចឹមមាន់ ក្នុងស្រុក​ ទឹកភ្នែក

ភ្នំពេញ​ ៖​ ដោយសារតែអំណាច ឯកឧត្ដម​ សូរ ប្រុស សមាជិកក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ ជាម្ចាស់ ក្រុមហ៊ុនS2V (ឆាយណា)​ នាំសត្វមាន់ស្រែ ផ្ដាច់មុខ ពីកសិដ្ឋាន ខេត្តសុរិន​ ប្រទេសថៃ រាប់ម៉ឺនក្បាលក្នុងមួយថ្ងៃៗ តាមច្រកទ្វាអន្តរជាតិអូរស្មាច់ ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ។​ ដោយល្បីថា មានការឃុបឃិតគ្នាជាមួយប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្ត ឧត្តរមានជ័យ ប្រធានការិយាល័យពេទ្យសត្វខេត្ត និងអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ វាយលុកទីផ្សារនៅទូទាំងប្រទេស ធ្វើអោយប្រជាកសិករចាប់អាជីពចឹញ្ចឹមមាន់ស្រែ ជាលក្ខណៈគ្រួសារក្ដី ជាកសិដ្ឋាន និងជាសមាគមន៍ អស់សង្ឃឹម ដោយសារតែការនាំចូលសត្វមាន់ប្រភេទមាន់ស្រែ​ ពីប្រទេសថៃមានតំលៃទាប។

កាលពី ថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២០ នេះមានសេចក្ដីរាយការណ៍មកថា មាន់ប្រភេទមាន់ស្រែ ដែលក្រុមហ៊ុនរបស់ឯកឧត្ដម សូរ​ ប្រុស នាំចូលពីខេត្តសុរិន​ ប្រទេសថៃ​ ផ្ដាច់មុខ តាមច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ មិនក្រោមពីមួយម៉ឺនក្បាលនោះទេ​ ក្នុងមួយថ្ងៃៗ នេះបើយោងតាមរបាយកាណ៍ពីគយថៃ ហើយចំនួនមាន់នាំចូលទាំងអស់​ គឺលើសច្បាប់ក្រសួងកសិកម្ម​ បានអនុញ្ញាតអោយតែ ៤០០០ក្បាល​ ក្នុងមួយថ្ងៃ​ តែប៉ុណ្ណោះ។

ក្រៅពីការលើសលប់នេះ​ ក្រុមហ៊ុនបានអោយក្រុមអាជីកររកស៊ីមាន់ទាំងអស់​ បងប្រាក់អោយក្រុមហ៊ុនក្នុងមួយគីឡូក្រាម ៥០០រៀល​ អនុញ្ញាតអោយត្រឹមខេត្តសៀមរាបតែប៉ុណ្ណោះ។ ដែលមានការធានាខុសត្រូវក្នុងខេត្តឧត្តរមានជ័យ​ និងខេត្តសៀមរាប​ ដោយត្រូវរូវគ្នាជាមួយមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តឧត្តរមានជ័យ។

ហើយជាក់ស្ដែង​ គឺមន្រ្ដីជំនាញ​ ចាប់ពីថ្នាក់ខេត្ត​ រហូតដល់ថ្នាក់ក្រសួងកសិកម្ម មិនដែលធ្វើការបង្ក្រាប បានមួយករណីនោះឡើយ​ អាចបញ្ជាក់បានថា​ មន្រ្ដីជំនាញទាំងអស់ កំពុងតែមានការឃុបឃិត​ និងត្រូវរ៉ូវគ្នា ជាមួយនិងឯកឧត្ដមសូរ ប្រុស សម្លាប់ប្រជាកសិករ ដែលចាប់អាជីពចិញ្ចឹមមាន់ស្រែ ក្នុងស្រុក។ តើឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ លោកបានជ្រាបពីរឿងនេះដែរឬទេទាន? ។

លោក​ សុខ ពិសិដ្ឋ ប្រធានផ្នែកទិញលក់មាន់ស្រែ របស់សមាគមន៍កសិករខ្មែរ បានលើកឡើងថា​ សព្វថ្ងៃនេះ​ ការលក់ចេញមាន់ស្រែរបស់កសិករខ្មែរ​ មានភាពលំបាកខ្លាំងណាស់ រហូតដល់លក់មិនចេញ តែមាន់ស្រែនាំចូលពីប្រទេសថៃមានតំលៃទាបជាង ហើយវាយលុកទីផ្សារអស់ទៅហើយ។ មាន់ស្រែកសិដ្ឋានថៃ​ នាំចូលតាមខេត្តឧត្ដរមានជ័យ មួយគីឡូ​ក្រាម ស្មើ​ ១៣០០០រៀល និងមាន់មិនគ្រប់គីឡូ​ តែ​ ៧៥០០រៀល រីឯមាន់ប្រជាកសិករចិញ្ចឹម ក្នុងមួយគីឡូ ១៥០០០រៀល​ ទៅ​ ១៧០០០រៀល ទើបលក់បាន ព្រោះការទិញវត្ថុធាតុដើម​ យកមកផលិតចំណី សុទ្ធតែថ្លៃទាំងអស់ ចឹងហើយ​ យើងមិនអាចលក់តំលៃដូចគេបានឡើយ។​ បើក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ មិនមានការិតបន្តឹងការនាំចូលមាន់ពីប្រទេសជិតខាងទេនោះ ប្រជាកសិករ​ ចាប់អាជីពចិញ្ចឹមមាន់ស្រៃ​ នឹងបោះបង់អាជីពចោលហើយ។

ជាចុងក្រោយ ពួកគាត់សូមអំពាវនាវទៅដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្ដម​ វេង​ សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ សូមអោយមានការិតបន្តឹង ឬក៏ផ្អាកបណ្ដោះអាសន្ន ចំពោះការនាំចូលមាន់ពីបររទេស​ ៕

Loading...