សមាជិកគណបក្សប្រជាជនប្រមាណ ៣៥,០០០នាក់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ទ្រង់ទ្រាយធំលើកទី៣ នៅរាជធានីភ្នំពេញ

ដូចការគ្រោងទុក សមាជិកសមាជិការ របស់គណបក្សប្រជាជនកម្ពុជា បាននាំគ្នាមកចូលរួម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ទ្រង់ទ្រាយធំលើកទី៣ទូទាំងរាជធានីភ្នំពេញ ប្រមាណ ៣៥,០០០នាក់ មកពីខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ។ ក្បួនដង្ហែយុទ្ធនាឃោសនាការនេះធ្វើឡើង ក្រោមវត្តមានសម្តេចវិបុសសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយអ្នកចូលរួមបានជួបជុំគ្នាតាំងពីម៉ោង៦ព្រឹកនៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និសីទកោះពេជ្រ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ។

យុទ្ធនាការឃោសនា ជាលើកទី៣ របស់គណបក្សប្រជាជនកម្ពុជានេះ បានចាប់ផ្តើមឡើងនៅ ម៉ោង០៧៖៤០ព្រឹក ជាមួយនឹងការថ្លែងសន្ទរកថា របស់សម្តេចវិបុសសេនាភក្តី សាយ ឈុំ រួចទើបក្បួនឃោសនា ធ្វើដំណើរចាកចេញពីកោះពេជ្រ ដោយបែងចែកជា២ខ្សែដើម្បីហែក្បួនឃោសនា ។

តាមក្មវិធីដែលបានគ្រោងទុក គឺខ្សែទី១៖ ចេញពីកោះពេជ្រឆ្ពោះទៅ ដល់នាគបាញ់ទឹក បត់ឆ្វេងឡើងផ្លូវសុធារស បន្តមកផ្លូវម៉ៅសេទុង ឆត់ឆ្វេងឡើងមុនីវង្ស ឡើងលើស្ពានព្រះមុនីវង្ស បត់ស្តាំមកផ្លូវព្រែកប្រា (ផ្លូវ៣៦៩) ឆ្ពោះមកស្ពានព្រែកសំរោង បត់ឆ្វេងមកស្តុប Tiger បត់ធ្វេងមកផ្លូវជាតិលេខ១ បន្តឡើងមកកាន់ស្ពានព្រះមុនីវង្សវិញ ទើបបន្តមកក្បាលថ្នល់ ផ្លូវ២៧១ ឡើងផ្លូវ៣៧១ បន្តឡើងមកស្ពានដែក។

រួចមកបន្តបត់ឆ្វេងឡើងផ្លូវ២១៧ ទៅស្តុបចំការដូង បត់ស្តាំទៅផ្លូវព្រៃស បត់ស្តាំទៅផ្លូវបេតុង មុខវត្តធម្មត្រៃ ឆ្ពោះមកផ្លូវ៣០ម៉ែត្រ មកផ្លូវផ្សារទួលពង្រ បត់ស្តាំមកផ្លូវចោមចៅ ហើយទើបមកបំបែកគ្នា នៅច្រមុះជ្រូកស្ទឹងមានជ័យ។

ដោយឡែកសម្រាប់ឯ.ឧ ឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំសមាជិកសមាជិក និងក្រុមយុវជនគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ខ្សែទី២៖ ដោយចេញពីកោះពេជ្រ នៅម៉ោង០៧៖៤០នាទីព្រឹកដូចគ្នា ឆ្ពោះមកកាន់រង្វង់មូលជួនណាត មកផ្លូវព្រះស៊ីសុវត្តិ បន្តមកក្រោមស្ពានជ្រោយចង្វា បន្តមកផ្លូវជាតិលេខ៥ មកក្រោមស្ពានព្រែកព្នៅ ផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ បត់ឆ្វេងចូលវត្តច័ន្ទបុរីវង្ស។ លុះហួសវត្ត២គីឡូម៉ែត្រ បត់ធ្វេងចូលផ្លូវបេតុងសំរោង បត់ឆ្វេងចូលផ្លូវ១៥១ ឡើងមកផ្សារព្រែកព្នៅ ឡើងផ្លូវជាតិលេខ៥ មកស្ពានព្រែកព្នៅបត់ស្តាំ បន្តទៅផ្លូវកប់ស្រូវ រួចបត់ឆ្វេងចូលមកផ្លូវហាណូយ បន្តមកស្ពានអាកាសស្តុបផ្សារដីហុយ កាត់មកផ្លូវទ្រុងមាន់ បន្តបត់ឆ្វេងឡើងទៅផ្លូវចោមចៅ ហៅផ្លូវវេងស្រេង ត្រង់រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ ដើម្បីបញ្ចប់ក្បួន។

គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង សម្រាប់យុទ្ធនាការឃោសនា លើកទី៣ នាព្រឹកថ្ងៃទី២២ កក្កដានេះ ក្នុងរាជធានីភ្នំពេញ មានតែគណបក្សនយោបាយចំនួន៥ប៉ុណ្ណោះ ធ្វើសកម្មភាពឃោសនា ស្វែងរកសម្លេងគាំទ្រពីប្រជាពលរដ្ឋ ។ ពាក់ព័ន្ធនឹងការយុទ្ធនាការឃោសនានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ក្នុងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នេះផងដែរ សូមជម្រាប់ផងដែរ គិតត្រឹមថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៨ ការបោះឆ្នោតជ្រើតាំងតំណាងរាសស្រ្ត នីតិកាលទី៦ នៅសល់តែ៧ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ហើយយុទ្ធនាការ ត្រូវបញ្ចប់មុនការការបោះឆ្នោយចំនួន២ថ្ងៃ គឺត្រឹមថ្ងៃសុក្រទី២៧ខែកក្កដាឆ្នាំ២០១៨នេះបើយោងតាមការបញ្ជាក់ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ៕

Loading...