សមាជិកព្រឹទ្ធសភាចំនួន៥២រូប ពិនិត្យ និងឱ្យយោបល់ ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៦ ទៅតាមការស្នើឡើងរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ — ប្រធានព្រឹទ្ធសភា ពិនិត្យ និង ឱ្យយោបល់ឯកភាពទាំងស្រុងដោយឥតកែប្រែនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ដោយចាត់ ទុកថាជាច្បាប់សំខាន់សម្រាប់ប្រទេសជាតិ និងប្រជាជន។ សម័យប្រជុំនេះក៏មានការ អញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាលឡើងការពារច្បាប់ទាំងនេះផងដែរ។

ឯកឧត្តម ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់ អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់សម័យប្រជុំនេះថា ច្បាប់ទាំង ៦នេះ មានច្បាប់ ស្តីពីការ អនុម័តយល់ព្រមលើ​​​ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាង ព្រះរាជាណាចក្រ​កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានសម័យប្រជុំពេញ អង្គព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងដោយឥតកែប្រែចំនួន ៥២សំ​ឡេង នៃចំនួន សមាជិកព្រឹទ្ធសភាទាំងមូល។

 

ច្បាប់នេះ គឺជាឯកសារគ្រឹះរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដោយកំណត់ខ្សែ ព្រំដែនមិនកែប្រែរឹងមាំ យូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយ និងបង្កើនទំនាក់ទំនង​អ្នកជិតខាងល្អ ថែរក្សាបាននូវព្រំដែនសន្ដិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ នេះជាជោគជ័យមួយ នៃការអនុវត្តជាក់ស្ដែងនូវនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងទទួលខុសត្រូវ ចំពោះប្រវត្តិសាស្រ្ដប្រទេសជាតិកម្ពុជា ស្របតាមមាត្រា៥២ ជំពូកទី៤ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ទី២-ច្បាប់ ស្តីពី​ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាម ឃាត់អាវុធនុយក្លេអ៊ែរ​​ ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំង​មូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហររឹងប៉ឹង សុទិដ្ឋិនិយម ដោយបានធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គការ ស្ថាប័នជាតិ ស្ថាប័នអន្ដរជាតិ ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរនេះ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងគោលបំណ​ង​មិនអនុញ្ញាតឱ្យប្រទេសណាមួយមានអាវុធនុយក្លេអ៊ែរ និងផ្ដល់ជំនួយទ្រទ្រង់លើកទឹកចិត្តដល់​បណ្ដាប្រទេសហត្ថលេខីនៃតំបន់គ្មានអាវុធនុយក្លេអ៊ែរ។ ម្យ៉ាងទៀតផ្អែកតាមមាត្រា៥៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្ដីពីការ ហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ដ និងអាវុធវិទ្យុសកម្ម ដែលត្រូវបាន ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ៖ នស/រកម/១២០៩/០២៣ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០០៩ ព្រះរាជាណាចក្រកម្ពុជាហាមដាច់ខាតចំពោះការផលិត ការដឹកជញ្ជូន ការប្រើប្រាស់ ការរក្សាទុកអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ដ និងអាវុធវិទ្យុសកម្ម ហើយការ ប្រកាន់ជំហរមិនពាក់ព័ន្ធនឹងការផលិតអាវុធនុយក្លេអ៊ែរ ជាវិធានការរួមចំណែករបស់ ប្រទេសកម្ពុជាក្នុងការរក្សាសន្ដិភាព សន្ដិសុខ សុវត្ថិភាព និងទប់ស្កាត់នូវការរីកសាយភាយ អាវុធមហាប្រល័យ។ ទី៣-ច្បាប់​ស្តីពីការអនុម័តយល់ព្រមលើពិ​ធី​​សារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមា​ជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥២សំឡេង នៃ​ចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ដោយចាត់ទុកថា ពិធីសារនេះនឹងធ្វើឱ្យពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានភាពល្អប្រសើរឡើងឆ្លើយតបទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក នឹងតភ្ជាប់ សេដ្ឋកិច្ចរវាងអាស៊ាន-ជប៉ុន តាមរយៈការធ្វើសេរីភាវូប-នីយកម្មលើពាណិជ្ជកម្ម សេវាកម្ម បម្លាស់ទីរូបវន្តបុគ្គល ការវិនិយោគ ព្រមទាំងលើកកម្ពស់សហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេ​កទេសរវាងអាស៊ាន-ជប៉ុន។

ព្រះរាជាណាចក្រកម្ពុជានឹងមានកាលានុវត្តភាពកាន់តែច្រើនបន្ថែមទៀត ក្នុងការទទួល បានផលប្រយោជន៍ពីកិច្ចព្រមព្រៀងដែលបានធ្វើវិសោធនកម្មរួចនេះ ដោយ​សារជប៉ុន ជាទីផ្សារមូលធនដ៏ធំក្នុងតំបន់ ព្រមទាំងមានបច្ចេកវិទ្យាជឿនលឿន។ ទី៤-ច្បាប់ស្តីពីការ អនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន​​ស្តីពីសេវាកម្ម ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ទសភា ពិនិត្យនិងឱ្យយោបល់ឯកភាពទាំង​ស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួន សមាជិកព្រឹទ្ធសភាទាំងមូល។ ច្បាប់នេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេវាកម្ម ដោយលុបបំបាត់ឱ្យបានច្រើនបំផុតនូវការរឹតត្បិតនានា ចំពោះពាណិជ្ជកម្ម សេវាកម្មក្នុង ចំណោមបណ្តារដ្ឋសមា​ជិកអាស៊ាន ពង្រីកវិសាលភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅជាងមុន ក្នុងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្មលើវិស័យ ឬអនុវិស័យថ្មីៗបន្ថែមទៀតឱ្យ បានលើសពីអ្វីដែលបានធ្វើឡើ​ង​ដោយបណ្តារដ្ឋសមាជិកអាស៊ាន នៅក្រោមកិច្ចព្រមព្រៀង ទូទៅស្តីពី ពាណិជ្ជកម្ម សេវាកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយរួមចំណែកក្នុងការ ធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រី​​ក​ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ព្រមទាំងការតភ្ជាប់នានា ដើម្បីសម្រេចបាននូវសហគ​ម​​ន៍សេដ្ឋកិច្ចអាស៊ាន ដោយមានការចូលរួមពីវិស័យឯកជន ក៏ដូចជារួមចំណែកក្នុងការសម្រេចបា​ននូវគោលដៅ តាមការកំណត់របស់ផែនការលម្អិត សហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៥។ ទី៥-​ច្បា​ប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ត្រូវបានសម័យ ប្រជុំពេញអង្គព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើ សេចក្តីព្រាង ច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ច្បាប់នេះមានគោលបំណងជំរុញការវិនិយោគ និងបង្កើតរបបវិនិយោគដោយសេរី ងាយស្រួល តម្លាភាព និងប្រកួតប្រជែងដែលធ្វើឱ្យមានសេរីភាវូបនីកម្ម ការវិនិយោគកាន់ តែខ្លាំងឡើងបន្ថែមទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគធ្វើការសម្របសម្រួ​ល ការវិនិយោគ បង្កើននូវវិធាន បទប្បញ្ញតិ្តវិនិយោគ និងផ្តល់ការការពារការវិនិយោគ ដែលមានតម្លាភាពចំពោះវិនិយោគិននៃភាគីម្ខាងលើទឹកដីនៃភាគីម្ខាងទៀត ដោយឈរលើ មូលដ្ឋានស្មើភាពនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងបានឆ្លុះបញ្ចាំង អំពីការប្តេជ្ញារួមរបស់ប្រទេសទាំងអស់ ដើម្បីបង្កើត និងលើកកម្ពស់តំបន់ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់អាស៊ាន-ឥណ្ឌាមួយ ដែលរួមមានតំបន់ពាណិជ្ជកម្មសេរីសម្រាប់ទំនិញ សេវាកម្ម និងការវិនិយោគ។ តាមរយៈកិច្ចព្រមព្រៀងនេះ ព្រះរាជាណាចក្រកម្ពុជាពិតជា បាន បោះជំហានថ្មីមួយទៀតក្នុងការទាក់ទាញវិនិយោគិន ពីប្រទេសឥណ្ឌាមកវិនិយោគនៅកម្ពុជា ក្នុងឋានៈកម្ពុជាជាសមាជិកអាស៊ាន។ និងទី៦-ច្បាប់ស្តីពីការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋ ប្រជា មានិតចិនត្រូវបានសម័យប្រជុំពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើ សេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល។ ច្បាប់នេះ មានគោលបំណងជំរុញលំហូរវិនិយោគរវាងតំបន់ រដ្ឋបាលពិសេស ហុងកុង និងបណ្តារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តាមរយៈការបង្កើតឱ្យមាន នូវបរិយាកាសធុរកិច្ចដែលមានលក្ខណៈអំណោយផល ដើម្បីជំរុញគំនិតផ្តួចផ្តើម ផ្នែកធុរកិច្ចសម្រាប់ការវិនិយោគឱ្យកាន់តែប្រសើរឡើងក្នុងចំណោមភាគីនៃកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះក៏ជាផ្នែកដ៏ធំមួយក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ច និង សេរីភាវូបនីយ​កម្ម​​ពាណិជ្ជកម្មរវាងគូភាគី ដែលត្រូវបានផ្តួចផ្តើមដោយកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង តាមរយៈការផ្តល់នូវការធានាសម្រាប់ការវិនិយោគ និងកិច្ចការពារពេញលេញចំពោះវិនិយោគិននៃភាគីម្ខាង ឬវិនិយោគិននៃរដ្ឋមិនមែនភាគី លើទឹកដីនៃភាគីម្ខាងទៀត ដោយឈរលើមូលដ្ឋានស្មើភាព និងគ្មានការរើសអើង ហើយផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ តាមរយៈកិច្ចព្រមព្រៀងនេះ ព្រះរាជាណាចក្រកម្ពុជាពិតជាបានបោះជំហានថ្មីមួយទៀតក្នុងការទាក់ទាញក្រុមហ៊ុនដែលចុះបញ្ជីនៅតំបន់រដ្ឋបាលពិសេសហុងកុង ឱ្យមកបណ្តាក់ទុនវិនិយោ​គ​នៅកម្ពុជាប្រកប​ដោយភាពជឿជាក់លើរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំង៦នេះ ត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុម័តលើកដំបូងចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល មុនបញ្ជូនមកព្រឹទ្ធ​ស​ភា​ពិនិត្យ និងឱ្យយោបល់នាពេលនេះ៕ ដោយ ប៉ាល់ សុង

ប្រភព៖ AKP

Loading...