សមាជិកសភាម្នាក់របស់សហរដ្ឋអាមេរិកស្លាប់ដោយសារជំងឺកូវីដ-១៩

តាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូនេះបានឲ្យដឹងថា អ្នកតំណាងរាស្ត្រមកពីរដ្ឋ Louisiana របស់សហរដ្ឋអាមេរិកបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃអង្គារ ទី២៩ ធ្នូដែលជាសមាជិកទីមួយនៃសភាអាមេរិកដែលបានឆ្លងជំងឺនេះ។

លោក Luke Letlow មកពីគណបក្សសាធារណរដ្ឋដែលមានអាយុទើបតែ៤១ឆ្នាំបានជាប់ឆ្នោតនៅមណ្ឌលទី៥ របស់រដ្ឋ Louisiana ហើយនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃអាទិត្យនេះ។

អភិបាលខេត្ត Louisiana លោក John Bel Edwards បាននិយាយថា “ដំណឹងនេះពិតជាក្រៀមក្រំបំផុសដែលលោក Luke Letlow ទទួលមរណភាព។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់សមាជិកសភាជាប់ឆ្នោតរូបនេះនៅពេលដែលគាត់បានទទួលមរណភាពបន្ទាប់ឆ្លងជំងឺកូវីដ-១៩” ។ លោក John Bel Edwards អះអាងថា រដ្ឋ Louisiana នឹងបង្ហូតទង់ជាតិនៅពាក់កណ្តាលដងនៅថ្ងៃបុណ្យសពរបស់លោក Luke Letlow ។

លោក Letlow បានស្លាប់ចោលភរិយារបស់គាត់គឺលោកស្រី Julia Barnhill Letlow និងកូនតូចពីរនាក់ទៀត។ ក្រុមគ្រួសាររបស់គាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា “ក្រុមគ្រួសារបានកោតសរសើរចំពោះការអធិស្ឋាន និងការគាំទ្រជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ុន្តែស្នើសុំភាពឯកជនក្នុងអំឡុងពេលធ្វើពិធីបុណ្យសពគាត់”។

លោក Letlow បានប្រកាសកាលពីថ្ងៃទី១៨ ខែធ្នូថា គាត់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ហើយគាត់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះរបស់លោក។ ៣ថ្ងៃក្រោយមកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរលោកក៏ទទួលមរណភាពតែម្តង។

សហរដ្ឋអាមេរិកបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងករណីជំងឺឆ្លងកូវីដ-១៩ក្នុងប៉ុន្មានខែថ្មីៗនេះ។ គិតត្រឹមល្ងាចថ្ងៃចន្ទ ប្រទេសនេះបានកត់ត្រាករណីឆ្លងចំនួន១៩.៥២៦.២២៨នាក់ និងមានមនុស្សស្លាប់៣៣៧.៩១៨នាក់ដែលជាចំនួនដ៏ច្រើនបំផុតនៅលើពិភពលោក ៕

Loading...