សមាជិកសភាអូស្ត្រាលីទី២លាលែងពីតំណែងដោយសារមានសញ្ជាតិពីរ

សមាជិកព្រឹទ្ធសភាអូស្ត្រាលី ដែលបានបង្កើតប្រវត្តិសាស្រ្តអំពីការបំបៅកូនដោយទឹកដោះម្តាយនៅក្នុងរដ្ឋសភានោះ ពេលនេះត្រូវលាលែងពីតំណែង បន្ទាប់ពីបានដឹងថា លោកស្រីមានសញ្ជាតិដល់ទៅពីរ។

លោកស្រី Larissa Waters មកពីគណបក្ស Greens មានដើមកំណើតនៅប្រទេសកាណាដា។

ដ្ឋធម្មនុញ្ញរបស់ប្រទេសអូស្រ្តាលី សរសេរថា មនុស្សម្នាក់មិនអាចបម្រើការងារនៅការិយាល័យសហព័ន្ធអូស្ត្រាលីបានទេ ប្រសិនបើមនុស្សម្នាក់នោះ មានសញ្ជាតិពីរ ឬពហុសញ្ជាតិ។

កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ សមាជិកព្រឹទ្ធសភា មកពីគណបក្ស Greens ផងដែរ គឺលោក Scott Ludlam បានលាលែងពីតំណែង ដោយសារមានសញ្ជាតិពីរ។ អ្នកនយោបាយទាំងពីររូបនេះ ជាអនុប្រធានគណបក្ស Greens។

កាលពីខែឧសភា លោកស្រី Larissa Waters ទទួលបានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិយ៉ាងខ្លាំង ដោយបានក្លាយជាអ្នកនយោបាយដំបូងគេបំផុត ដែលបំបៅកូនដោយទឹកដោះម្តាយនៅក្នុងសភាសហព័ន្ធអូស្ត្រាលី។

“ខ្ញុំមិនដឹង”

លោកស្រី Waters បានថ្លែងថា លោកស្រីទើបតែបានដឹងអំពីបញ្ហានេះ ក្រោយពីលោក Ludlam បានលាលែងពីតំណែង ខណៈត្រូវគេដឹងថា លោកជាជនជាតិញូវហ្សេឡែននោះ ។

ដោយស្រក់ទឹកភ្នែកនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ លោកស្រី Waters បានពណ៌នាអំពីកំហុសរបស់លោកស្រីថា ជា”កំហុសឆ្គងដ៏ស្មោះត្រង់” ។ លោកស្រីថ្លែងថា ខ្ញុំមានការខ្វាយខ្វល់យ៉ាងខ្លាំង ដោយបានដឹង ច្បាប់កាណាដាអាយុកាលជាង៧០ឆ្នាំប្លាយនោះ ខ្ញុំជាពលរដ្ឋមានសញ្ជាតិពីរតាំងពីកំណើត ហើយច្បាប់កាណាដាបានផ្លាស់ប្តូរមួយសប្តាហ៍បន្ទាប់ពីខ្ញុំបានចាប់កំណើត ហើយបានតម្រូវឱ្យខ្ញុំលះបង់សញ្ជាតិកាណាដា ។

សមាជិកព្រឹទ្ធសភារូបនេះ បច្ចុប្បន្នមានអាយុ ៤០ឆ្នាំហើយ ។ លោកស្រីមានអាយុ១១ ខែនៅពេលចាកចេញពីប្រទេសកាណាដា ជាមួយឪពុកម្តាយជាពលរដ្ឋអូស្រ្តាលី។

លោកស្រីបានថ្លែងថា “រឿងទាំងអស់នេះ បានកើតឡើងមុនពេលខ្ញុំអាចនិយាយបាននូវពាក្យដំបូងរបស់ខ្ញុំ” ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Waters ដែលត្រូវបានបោះឆ្នោតជាលើកដំបូងក្នុងឆ្នាំ 2011 បាននិយាយថា លោកស្រីទទួលខុសត្រូវយ៉ាងពេញលេញទៅលើបញ្ហានេះ ។

គេនៅមិនទាន់ច្បាស់ឡើយថា តើលោកស្រី និងលោក Ludlam នឹងត្រូវសងប្រាក់ខែ និងប្រាក់ឧបត្ថម្ភរបស់ព្រឹទ្ធសភាដែរឬយ៉ាងណា។

លោកស្រីមានប្រសាសន៍ថា: «ពិតណាស់ វាជាអ្វីដែលអាចកើតឡើង ហើយខ្ញុំនឹងប្រឈមចំពោះបញ្ហានេះ ប្រសិនបើវាកើតឡើង»។

មេដឹកនាំគណបក្ស Greens លោក Richard Di Natale បានថ្លែងថា “សោកស្តាយ” ចំពោះការលាលែងពីតំណែងរបស់លោកស្រី Waters ដែលបានចូលរួមចំណែកយ៉ាងធំធេងដល់ប្រទេសអូស្ត្រាលី។

មេដឹកនាំគណបក្សដដែលនេះបានថ្លែងថា លោកកំពុងចាត់វិធានការភ្លាមៗដើម្បីធានាថា កំហុសនេះនឹងមិនត្រូវកើតឡើងម្តងទៀតទេ។

លោកបានមានប្រសាសន៍ថា “វាជាខែដ៏គួរឱ្យភ័យខ្លាចគ្មានវិធីណាផ្សេងទៀតដោះស្រាយបញ្ហានេះទេ” ។

យោងតាមរដ្ឋធម្មនុញ្ញអូស្ត្រាលី អ្នកនយោបាយត្រូវតែបោះបង់ចោលសញ្ជាតិបរទេស មុនពេលឈរឈ្មោះប្រកួតប្រជែង ៕ សុរ្ម័ន

Loading...