សមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចូលរួមក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ធ្នូ ឆ្នាំ២០១៧

ភ្នំពេញ៖ សមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចូលរួមក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ធ្នូ ឆ្នាំ២០១៧ និងចូលរួម សំអាតអនាម័យមុខព្រះបរម្យរាជវាំង។

ក្រៅពីការចុះពិនិត្យ និងព្យាបាលជំងឺសប្បុរសធម៌ ជូនប្រេជាពលរដ្ឋដោយឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចូលរួមក្នុងសកម្មភាពជួយសង្គមផ្សេងៗជាច្រើន ដូចជាចុះប្រគល់អណ្តូងទឹកស្អាត ជូនដល់ប្រជាពលរដ្ឋដែលជាអំណោយដ៍ថ្លៃថ្លារបស់ អ្នកឧកញ៉ាមហាភក្ដី សប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ចូលរួមក្នុងទិវាអេដស៍ពិភពលោក ០១ ធ្នូ ចុះអប់រំផ្សព្វផ្សាយមេរោគអេដស៍ ជំងឺអេដស៍ ចូលរួមកម្មវិធីទិវាសប្បុរសធម៌នានា ចូលរួមកម្មវិធីបរិច្ចាគឈាម ចូលរួមកម្មវិធីបុណ្យទន្លេ និងបុណ្យសមុទ្រ ចូលរួមសង្រ្គោះបឋម ក្នុងព្រឹត្តការណ៍ជាតិធំៗ ប្រគល់អំណោយសម្ភារនិងបរិក្ខាពេទ្យ ដល់តាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យភូមិភាគ មួយចំនួន ចូលរួកក្នុងសកម្មភាពកីឡាដូចជាការប្រកួតកីឡាបាល់ទាត់មិត្តភាព និងចូលរួមរត់ម៉ារាតុងផងដែរ។

ជាក់ស្តែង ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅសាលមហោស្រពចតុមុខ សមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចូលរួមក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីបណ្តាស្ថានទូតអន្តរជាតិនានា កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អង្គការ សមាគមមួយចំនួនផងដែរ ។

ជាមួយគ្នានោះ សមាជិកនៃសមាគមប្រមាណ៥០នាក់ ចូលរួមជាមួយអជ្ញាធរខណ្ឌដូនពេញ សហការជាមួយនិងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)បានធ្វើការសំអាតអនាម័យតាមដងផ្លូវមុខព្រះបរម្យរាជវាំងចាប់ពីចំណុចមុខសាលសន្និសិតចតុមុខ រហូតដល់មុខផ្សាររាត្រី។

សកម្មភាពនេះធ្វើឡើងគឺក្នុងគោលបំណងលើកកំពស់អនាម័យទីក្រុងស្អាត លើកទឹកចិត្តអោយប្រជាពលរដ្ឋដែលធ្វើដំណើរកំសាន្ត និងរស់នៅតំបន់នោះ ចេះវេចខ្ចប់សំរាម និងបោះសំរាមចោលក្នុងធុងសំរាម។

ដោយធ្វើការបែងចែកជាក្រុមតូចៗដើម្បី ដើរសំអាតកាកសំណល់ និងសំរាមដែលបោះចោលគ្មានសណ្តាប់ធ្នាប់ ស្បោងផ្លាស្ទិក ដបទឹកសុទ្ធ កន្ទុយបារី ដោយធ្វើការប្រមូលដាក់ចូលក្នុងថង់ខ្មៅ និងដាក់ចូលធុងសំរាមវិញ៕

Loading...