សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ឯកឧត្តម ម៉ៅ អាយុទ្ធ

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារសព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែល បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងជន្មាយុ ៧៧ឆ្នាំ។

នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់ឯកឧត្តម​ ម៉ៅ​ អាយុទ្ធ​ គឺជាការបាត់បង់ធនធានមនុស្ស​ ១រូបដ៏កម្ររបស់កម្ពុជា​។ ឯកឧត្តម​ ជា​អ្នកនិពន្ធខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញមួយរូប មានស្នាដៃផលិតខ្សែភាពយន្តវីដេអូ​ ចម្រៀងកាយវិការ​ កំណាព្យប្រលោមលោកជាដើម​ ក្នុងនោះខ្សែភាពយន្តដ៏ល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដេីម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិយេីង។

សូមបញ្ជាក់ថា លោក ម៉ៅ អាយុទ្ធ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទទួលមរណភាពនៅវេលា ម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

Loading...