សម្ដេចក្រឡាហោម ស ខេងដឹងឬទេ លោកស័ក្តិ៤ ប៉ូលិសសេដ្ឋកិច្ចខេត្តកំពង់ចាម កំពុងបើកល្បែងជល់មាន់

ខេត្តកំពង់ចាមៈ ប្រជាពលរដ្ឋបានលើកឡើងថា តើសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានបានជ្រាបដែរទេថា លោកស័ក្តិ៤ ប៉ូលិសសេដ្ឋកិច្ចខេត្តកំពង់ចាម ម្នាក់កំពុងបើកល្បែងជល់មាន់ ។

បញ្ហាល្បែងស៊ីសង កំពុងបំផ្លាយវាសនាមនុស្សបានគ្រប់ពេល ដូចជា ធ្វើឲ្យគ្រួសារមួយត្រូវអន្តរាយ ធ្វើឲ្យមនុស្សញៀន មិនស្គាល់តម្លៃនៃសង្គម ពិសេសអាចធ្វើឲ្យមនុស្សប្រព្រឹត្តបទល្មើសផ្សេងៗ។ កាលពីពេលថ្មីៗ​មកនេះ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹក និងជំរុញឲ្យមន្រ្តីទាំងអស់ បង្ក្រាបបទល្មើសល្បែងស៊ីសង ដោយលោកយល់ថា ល្បែងធ្វើឲ្យមនុស្សញៀន និងប្រព្រឹត្តបទល្មើស។

ជាមួយគ្នានោះ មន្រ្តីទាំងអស់ ក៏បានចាប់ផ្ដើមអនុវត្តន៍យុទ្ធនាការមួយនេះ បែបផ្លេកបន្ទោរ ក្រោយមក​ហាក់​រយាលទៅវិញ។ ជាក់ស្តែង មានសេចក្តីរាយការណ៍មក​ថា មានល្បែងដ៏ធំមួយកំពុង​បើកយ៉ាងចំហនៅក្នុងឃុំសូទិន ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលចូលពីផ្លូវជាតិលេខ៦អា មិនបានប៉ុន្មានម៉ែត្រ ។

លោក អែម កុសល ដែលទើបឡើងកាន់តំណែងថ្មី ជាស្នងការនគរបាល​ខេត្តកំពង់ចាម មិនបានបរិយាយរឿងល្បែងទេ ដោយបញ្ជាក់ថា កំពុងជាប់ប្រជុំ ក៏បិទទូរស័ព្ទទៅ។

អធិការនគរបាលស្រុកជើងព្រៃ លោក ប្រាក់ សុគន្ធ នៅថ្ងៃទី១៨ កក្កដា ២០១៧ ថ្លែងថា ពិតជាមានល្បែង​ស៊ីសងជល់មាន់​ នៅស្រុកជើងព្រៃមែន។ លោកបញ្ជាក់ថា “អ្នកបើកល្បែងឈ្មោះ ប៊ួរ គេង ហៅ (គ្រី) ជានាយរងការិយាល័យនគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន​នគរបាលខេត្តកំពង់ចាម​ ពាក់ស័ក្តិ៤” ។

សេចក្តីរាយការណ៍បញ្ជាក់ថា ទីតាំងបើកល្បែងជល់មាន់នេះ បានដំណើរការយូរមកហើយ ដោយពាក់ព័ន្ធមន្រ្តីក្នុងស្រុក និងខេត្តមួយចំនួន ហើយទីតាំងល្បែងនេះ មានគោលដៅ​ចល័ត៣កន្លែង ស្ថិតក្នុងឃុំ/ស្រុកមួយនេះតែម្តង ៕

Loading...