សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម

ភ្នំពេញ៖ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូល កាន់មុខតំណែងអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធាន សមាជិក មន្ត្រីលេខាធិការដ្ឋាននៃ គ.ជ.ប.ទ អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានា ជាច្រើនផងដែរ ។

នាឱកាសនោះ ឯកឧត្តម នុត សាអាន ប្រធាន គ.ជ.ប.ទ បានថ្លែងថា ដោយស្មារតីទទួលខុសត្រូវខ្ពស់ សមាជិក-សមាជិកា គ.ជ.ប.ទ និងមន្ដ្រីលេខាធិការដ្ឋាន បានចាប់បំពេញតួនាទីរបស់ខ្លួនចាប់ពីខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីមន្ដ្រី នៃគណៈកម្មាធិការជាតិរៀបចំផ្លាស់ប្ដូរទៅកន្លែងថ្មី។

បើគិតមកដល់ថ្ងៃនេះ មានរយៈពេលជាង២ឆ្នាំហើយ ទោះបីមិនទាន់មានការិយាល័យ និងថវិកាដំណើរការការងារគ្រប់គ្រាន់ សមស្រប និងគ្មានមធ្យោបាយធ្វើដំណើរ របស់អង្គភាព ជាពិសេស នៅដើមឆ្នាំ២០២០នេះ ដោយសារ បញ្ហាជំងឺកូវីដ-១៩ ធ្វើឲ្យរាំងស្ទះដល់ការងារចុះត្រួតពិនិត្យតាម ទីកន្លែងដកហូតសេរីភាព និងការចុះអប់ រំផ្សព្វផ្សាយលិខិតបទដ្ឋាននានា តាមបណ្ដារាជធានី-ខេត្ត។

ឯកឧត្តម នុត សាអាន បានបញ្ជាក់ថា គ.ជ.ប.ទ បានចុះត្រួតពិនិត្យតាមទីកន្លែងឃុំ ឃាំង និងបានចុះត្រួតពិនិត្យភាពមិនប្រក្រតី ដែលពាក់ព័ន្ធនឹងទារុណកម្ម បានរកឃើញបញ្ហាប្រឈម នានា និងបានផ្ដល់អនុសាសន៍កែលម្អជូនអាជ្ញាធរពាក់ព័ន្ធផងដែរ។

សូមជម្រាបថា មន្រ្តីរាជការដែលត្រូវបានប្រកាសចូលកាន់មុខតំណែងជា សមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងបំពាក់ឋានន្តរស័ក្តិ ព្រមទាំងគ្រឿងឥស្សរិយយសជូននាពេលនេះ រួមមាន៖ សមាជិក គណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម មានចំនួន៤រូប, បំពាក់ឋានន្ដរស័ក្តិថ្នាក់ឧត្តមសេនយ៍ឯក មានចំនួន១រូប, បំពាក់ឋានន្ដរស័ក្តិថ្នាក់ឧត្តមសេនយ៍ទោ មានចំនួន២រូប និងបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ មានចំនួន១រូប ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្នពន្ធនាគារទាំង២៨នៅទូទាំងប្រទេសផ្ទុកអ្នកជាប់ឃុំ គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ សរុបចំនួន៣៩.៣១៦នាក់ ស្ដ្រី២.៥៧១នាក់ ក្នុងនោះ មានជនបរទេសចំនួន១.៨៧៣នាក់ ស្ដ្រី២៤៨នាក់ អនីតិជន១.៦៨២នាក់ ស្ដ្រី៧២នាក់។

ក្នុងចំណោមជនជាប់ឃុំសរុបត្រូវបានបែងចែកជាប្រភេទជនជាប់ឃុំ ដូចជា ៖ ជនត្រូវចោទ៨.៩០០នាក់ ក្នុងនោះ៥៦៧នាក់ ជនបរទេស៥៨៩នាក់ អនីតិជន៤៥៥នាក់។ ជនជាប់ចោទ៤.៦៤៩នាក់ ក្នុងនោះស្ដ្រី២៥៩នាក់ ជនបរទេស៣០៩នាក់ អនីតិជន៣៤៨នាក់។ ពិរុទ្ធជន១៤.៨១៧នាក់ ក្នុងនោះស្ដ្រី១.០០៦នាក់ ជនបរទេស៦៨៣នាក់ អនីតិជន៧៣៥នាក់។ ទណ្ឌិត១០.៩៥០នាក់ ក្នុងនោះស្ដ្រី៧៣០នាក់ ជនបរទេស២៩៣នាក់ អនីតិជន២០៧នាក់។ ហើយបទល្មើសភាគច្រើនគឺគ្រឿងញៀនស្មើនឹង៥៨,៨៧% បទល្មើសលួចមានទម្ងន់ទោស៩,៥៤% បទល្មើសលួច៧,២៧% រំលោភសេពសន្ថវៈ៥,៨៧% បទល្មើសឃាតកម្ម៥,៣៥% និងបទល្មើសផ្សេងៗ១៣,១០%៕

Loading...