សម្ដេចតេជោអញ្ជើញជាអធិបតី ប្រកាសបើកពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០នេះ នឹងអញ្ជើញជាអធិបតីភាពប្រកាសបើកពិធីបុណ្យទន្លេលើកទី៦ នៅក្នុងខេត្តបាត់ដំបង។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងស្ថានទូតប្រទេសជាមិត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ទឹកទន្លេ ជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រុំនូវប្បធម៌ និងអរិយធម៌។ តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមបណ្តោយទន្លេ បន្តពូជពង្ស និងរស់នៅដោយបណ្តុំគ្នាពីមួយជំនាន់ទៅមួយជំនាន់។ ទន្លេជាអំណោយពីធម្មជាតិ ដែលជាទីបង្អែកសម្រាប់ការរស់នៅរបស់មនុស្ស និងជាចំណងធម្មជាតិនៃការជួយយកអាសាគ្នា។ ទន្លេបានផ្សារភ្ជាប់ប្រទេសនានា ដែលហូបទឹកនៃទន្លេតែមួយឱ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្នាដោយស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។ ដោយមើលឃើញពីគុណតម្លៃរបស់ទន្លេបែបនេះហើយ ទើបនាំឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីបុណ្យទន្លេឡើង។ ពិធីបុណ្យទន្លេបានធ្វើឡើងចំនួន៥ឆ្នាំរួចមកហើយ នៅតាមបណ្តាខេត្តជាប់តាមដងទន្លេ និងខេត្តនៅជុំវិញបឹងទន្លេសាប។ ព្រឹត្តិការណ៍នេះ បានក្លាយទៅជាព្រឹត្តិការណ៍មួយដ៏អធិកអធមក្នុងការជួបជុំ ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ផលិតផល និងផ្ញើសារទៅកាន់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាបរិស្ថាន នៅតាមដងទន្លេ ថែរក្សាជីវៈចម្រុះនៅតាមទន្លេផងដែរ។ ប្រទេសកម្ពុជា គឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានរងគ្រោះយ៉ាងខ្លោចផ្សាជាទីបំផុត ព្រោះតែភ្លើងសង្គ្រាម។

តាមរយៈនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ទំព័រសករាជដ៏ខ្មៅងងិត ទំព័រប្រវត្តិសាស្ត្រនៃការបែកបាក់ វិលមករកការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង និងការរួបរួមជាថ្មីក្នុងប្រវត្តិសាស្ត្រនៅចុងឆ្នាំ១៩៩៨។ សន្តិភាពកើតចេញពីនយោបាយឈ្នះ-ឈ្នះ បានផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាបន្តខិតខំ ដើម្បីក្រោកឈរឡើងធ្វើឱ្យប្រទេសកម្ពុជាមានការលូតលាស់ ក្នុងអត្រានៃកំណើនសេដ្ឋកិច្ចប្រមាណជា៧ភាគរយ ក្នុងពេល២ទសវត្សរ៍ចុងក្រោយនេះ។ សន្តិភាពបាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងក្តីសង្ឃឹមឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង និងត្រចះត្រចង់។ មនុញ្ញផលនៃសុខសន្តិភាព ក៏បានជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ហើយត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។ ដើម្បីរំលឹកដល់គុណតម្លៃនៃសុខសន្តិភាព ដែលជំរុញទៅដល់ការរុងរឿង និងរីកចម្រើននេះ ពិធីបុណ្យទន្លេនៅឆ្នាំ២០២០ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។ ក្នុងសារលិខិតអបអរសាទរពិធីបុណ្យទន្លេលើកទី៦ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា។ សម្តេចតេជោបន្ថែមថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេ របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្តេជ្ញាចិត្តរួមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គមបរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋាន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយ ដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា សហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខណ្ឌតំបន់នានាដូចជាក្របខណ្ឌ CLMV ក្របខណ្ឌមហាអនុតំបន់មេគង្គ មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉េ និងមេគង្គ-គង្គាជាដើម។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងឆ្នាំ២០២០នេះ មានលក្ខណៈពង្រីកវិសាលភាព ដោយសារក្រុងបាត់ដំបង មិនស្ថិតជាប់ដងទន្លេ ប៉ុន្តែមានស្ទឹងជាប់ទន្លេ។ លោកបន្តថា តាមទស្សនទាននៃការរៀបចំពិធីបុណ្យទន្លេ និងអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បុណ្យទន្លេអាចត្រូវរៀបចំនៅតាមបណ្តាខេត្ត ដែលស្ថិតនៅដងទន្លេ ឬខ្សែទឹកភ្ជាប់ទន្លេ។ ក្នុងន័យនេះ ស្ទឹងសង្កែដែលមានភាពល្បីល្បាញដ៏យូរលង់ គឺជាខ្សែទឹកតភ្ជាប់ក្រុងបាត់ដំបង ទៅកាន់បឹងទន្លេសាប និងទន្លេសាប ដែលឆ្លើយតបទៅនឹងទស្សនទាននៃពិធីបុណ្យទន្លេ។

លោករដ្ឋមន្ត្រីបន្ថែមថា ក្រៅពីនេះ ខេត្តបាត់ដំបង ត្រូវបានចាត់ទុកជាជង្រុកស្រូវដ៏ធំរបស់ប្រទេស ជាទីក្រុងស៊ីវិល័យ ជាទីក្រុងបេតិកភណ្ឌដែលគ្រោងដាក់បញ្ចូលក្នុងបញ្ជីអង្គការ UNESCO មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ល្អប្រសើរ ជាទីក្រុងបណ្តុំទៅដោយម្ហូបអាហារឆ្ងាញ់ៗ ប្លែកៗ និងសំបូរទៅដោយរមណីយដ្ឋានជាច្រើន ទាំងទេសចរណ៍បេតិកភណ្ឌរូបិយ អរូបិយ អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ កសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត។ បើតាមលោក ថោង ខុន ពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នេះ គណៈកម្មការអន្តរក្រសួងបានរៀបចំឱ្យមានសកម្មភាពសំខាន់ៗមួយចំនួន ដូចខាងក្រោម៖ ១៖ ការតាំងពិព័រណ៍សមិទ្ធផល ពិសេសផលិតផលក្នុងស្រុក មហោស្រព ម្ហូបអាហារនិងភេសជ្ជៈ រួមមានប្រមាណ ៣០០ ស្តង់ និងស្តង់ពិព័រណ៍បរទេសប្រមាណ៣០០ស្តង់ ពិសេសការរៀបចំវិថីម្ហូបអាហារក្នុងក្រុងបាត់ដំបង។ ២៖ ការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការីជាតិ និងអន្តរជាតិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ពោធិសាត់ និងសាធារណរដ្ឋឥណ្ឌូណេស៊ីជាមិត្ត។ ៣៖ សកម្មភាពកីឡាដែលរួមមាន៖ កីឡាបាល់ទាត់មិត្តភាព កីឡាបាល់ទះ កីឡាប៉េតង់ កីឡាចំបាប់បុរាណ កីឡាទាញព្រ័ត្រ និងប្រដាល់គុនខ្មែរអន្តរជាតិ កីឡាប្រណាំងកង់ រត់កំសាន្ត។ល។ ទន្ទឹមនឹងនេះ ក៏មានការរៀបចំសកម្មភាពមុនព្រឹត្តិការណ៍ (Pre-Event) មួយចំនួនផងដែរ ដូចជាសិក្ខាសាលា អមដោយការចែកជ័យលាភីជូនដល់អាជីវកម្មទេសចរណ៍ដែលមានស្នាដៃឆ្នើម រួមមានសេវាស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន ជ្រើសរើសមកពីចំនួន០៥ ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងកំពង់ឆ្នាំង ពិធីដាំដើមឈើអនុស្សវរីយ៍ ការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅសហគមន៍ រួមជាមួយព្រឹត្តិការណ៍អបអរសាទរជាច្រើនផ្សេងទៀត៕

Loading...