សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់ជូនសមិទ្ធផលនានាជាច្រើន ដល់ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍នាកន្លងមក

ខេត្តកំពង់ធំ៖ សមិទ្ធផលជាច្រើន របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់ជូន ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ ពិសេសពលរដ្ឋក្នុងភូមិគោត្របែក អំណោយទាំងនេះ សម្តេចបានប្រគល់ជូនពលរដ្ឋតាមរយៈក្រុងការងារថ្នាក់ជាតិចុះជួយស្រុកបារាយណ៍ ។ ជាមួយនឹងសមិទ្ធផល ដ៏ច្រើនសន្ធឹកសន្ធប់ខាងលើនេះ ប្រជាពលរដ្ឋភូមិគោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានត្រេកអរយ៉ាងខ្លាំង ចំពោះសមិទ្ធផលដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ជូនពួកគាត់ តាំងពីឆ្នាំ២០១១ កន្លងមក ។

ការអបអរសាទរនេះ ត្រូវបានបង្ហាញឡើងក្នុង សំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនោះ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ដោយមានការអញ្ជើញជាអធិបតីភាព ពីសំណាក លោក ថោង ខុន រដ្ឋមន្ត្រីមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបារាយណ៍ រួមជាមួយលោកអភិបាលខេត្តកំពង់ធំ ស្នងការនគរបាលខេត្ត ព្រះតេជគុណ អនុគុណស្រុកនិងលោកអភិបាលស្រុកបារាយណ៍ផងដែរ។

សមិទ្ធផលដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនប្រជាពលរដ្ឋនៅភូមិនៅគោកត្របែកនោះ រួមមាន៖ ព្រះវិហារ មណ្ឌលសុខភាព សាលារៀន អណ្ដូងទឹក សាលាឆាន់ កាណូត ប្រឡាយទឹក ជួយកសាងផ្ទះជូនពលរដ្ឋក្រីក្រជាដើម ។ ក្នុងឱកាសជួបសំណេះសំណាលបនេះដែរ លោក ថោង ខុន ក៏បានប្រកាសផ្ដល់ជូនប្រជាពលរដ្ឋភូមិគោកត្របែក នូវផ្លូវលំ១ខ្សែប្រវែង១៣គីឡូម៉ែត្រ ជួសជុលទំនប់បឹងកក់ឲ្យបានខ្ពស់ជាងមុន ជីកប្រឡាយទឹក ឧបត្ថម្ភឧបករណ៍ភ្លេងឆៃយ៉ាំមួយវង់ ជួសជុលកាណូត ជួសជុលអណ្តូងទឹកដើម្បីទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។

លោក រដ្ឋមន្ត្រីក៏បានណែនាំដល់គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ ត្រូវបង្កើនការងារផ្ដល់សេវាសុខាភិបាល និងបង្ហាត់បង្រៀនសិស្សឲ្យបានជាប់ជាប្រចាំ ។ ក្នុងឱកាសនោះលោកប្រធានក្រុមការងារក៏បានប្រកាស សមាសភាព ក្រុមការងារពិសេស មួយទៀត ចុះពង្រឹងដោយឡែកភូមិគោកត្របែកផងដែរ សំដៅពង្រឹងការងារបក្ស ការងារគ្រប់គ្រងរដ្ឋបាលភូមិ និងការងារផ្ដល់សេវាសាធារណៈឲ្យបានឆាប់ល្អប្រសើរនៅនឹងកន្លែង ពីព្រោះភូមិនេះជាភូមិដាច់ស្រយាល ។ ក្រោយមក លោករដ្ឋមន្ត្រីក៏បានឆ្លៀតចូលជួបសំណេះសំណាល សាកសួរសុខទុក ប្រជាពលរដ្ឋនៅតំបន់កោះរះប្រមាណ ៣០គ្រួសារ ។ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋភូមិកោះរះក៏បានស្នើសុំលោកប្រធានក្រុមការងារ នូវសាលាឆទាន១ខ្នង និងអណ្ដូងស្នប់មួយ ។ដោយមើលឃើញពីភាពចាំបាច់ របស់ពលរដ្ឋក្នុងភូមិកោះរះ ជាការឆ្លើយតប លោក រដ្ឋមន្ត្រី ថោង ខុន ក្នុងនាមប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកបារាយណ៍ បានសន្យាជួយ ពួកគាត់ តាមសំណូមពរ ព្រមទាំងបានផ្ដល់ជូនអំណោយមួយចំនួនផងដែរ ។

ទន្ទឹមនិងសមិទ្ធដ៏ច្រើនសំបូរបែបខាងលើនេះ លោករដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធទាំងឲ្យបានគង់វង្ស ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់ជូនបងប្អូន ជាពិសេស បងប្អូនត្រូវថែរក្សាការពារសន្តិភាព ព្រោះសន្តិភាពបានផ្តល់អ្វីៗគ្រប់យ៉ាងក្នុងស្រុកបារាយណ៍ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ។ ប្រជាពលរដ្ឋបានប្ដេជ្ញាគាំទ្រ និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ដឹកនាំប្រទេសជាតិតទៅទៀត ។

សូមជម្រាបថា ភូមិគោកត្របែក ជាភូមិដាច់ស្រយាលតូចមួយស្ថិតនៅខាងកើតបឹងទន្លេសាប គៀកព្រំប្រទល់រវាងខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ។ ផ្ទះប្រជាពលរដ្ឋភាគច្រើនសង់ខ្ពស់ផុតពីដីជៀសវាងទឹកលិចនៅរដូវវស្សា ហើយប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្មធ្វើស្រែ និងនេសាទត្រីសម្រាប់ចញ្ចឹមជីវិតប្រចាំថ្ងៃ ៕

 

 

Loading...