សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យ ស្ថាប័នសារព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយ បំពុលបរិយាកាសសង្គម

ភ្នំពេញ៖ តាមរយៈសារមួយផ្ញើជូនដល់ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្ដីពី «តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យ ស្ថាប័នព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយផ្សព្វផ្សាយនូវព័ត៌មានពិត និងធ្វើការបកស្រាយឱ្យបានទាន់សភាពការណ៍ ដើម្បីបន្សាប និងបំផ្លាញចោលរាល់ព័ត៌មានក្លែងក្លាយរបស់ក្រុមអគតិក្រុមឱកាសនិយម ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនានា ដើម្បីបំពុលបរិយាកាសសង្គម និងក្រុមទុច្ចរិតដែលកំពុងជ្រកក្រោមស្លាកស្ថាប័នសារព័ត៌មាន ធ្វើសកម្មភាពខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលបានអនុវត្តន៍វិជ្ជាជីវៈត្រឹមត្រូវ ។

ក្នុងសារលិខិតនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ និងចូលរួមប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដែលកម្ពុជាក៏ដូចជាសកលលោកទាំងមូល កំពុងទទួលរងគ្រោះមហន្តរាយដែលបង្កឡើងដោយជំងឺកូវី១៩ ដ៏គួរឲ្យព្រួយបារម្ភ ក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមឱកាសនិយមមួយចំនួន ដែលបានប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញទំនាក់ទំនងសង្គមនានា ធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយ បំភ្លៃការពិត បំប៉ោងសភាពការណ៍ បំពុលបរិយាកាសសង្គម ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយអូសទាញប្រទេសជាតិ ឲ្យធ្លាក់ទៅក្នុងសង្គ្រាម ដើម្បីបម្រើមហិច្ឆិតាលោភលន់របស់ពួកគេ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្តទៀតថា រាល់ឧបាយកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមទាំងនោះ ត្រូវបានទទួលបរាជ័យជាបន្តបន្ទាប់ ដោយចំណាត់ការសមស្រប និងបានទាន់ពេលវេលារបស់ រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីស្ថាប័នសារព័ត៌មាន ដែលបានផ្សព្វផ្សាយព័ត៌មាន និងធ្វើការបកស្រាយអំពីល្បិចកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមជូនដល់ប្រជាពលរដ្ឋបានយល់ដឹងពីសភាពការណ៍ពិតនៅកម្ពុជា ៕

Loading...