សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ទាវ ឡាយចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបព្រឹកមិញនេះ លោកជំទាវ Teo Lay Cheng បានគោរពអរគុណ សម្ដេចតេជោនាយករដ្ឋមន្ត្រីថា ដែលបានផ្តល់កិត្តិយសអោយលោកជំទាវបានចូលជួបក្នុងពេលដែលលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមារញឹកនេះទទួលលោកជំទាវ។ ជាមួយគ្នានោះដែរលោកជំទាវក៏បានគោរពសំដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ បានយ៉ាងឆាប់រហ័សជាទីបំផុតដែលធ្វើអោយកម្ពុជាមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ។ រីឯការកាត់បន្ថយភាពក្រីក្រក៏មានល្បឿនលឿនគួរអោយកត់សម្គាល់ផងដែរ។

ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកជំទាវ បានមានប្រសាសន៍ថា កម្ពុជា សិង្ហបុរី មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ។ ទោះជាយ៉ាងណាក៏ដោយ លោកជំទាវបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរនៅមានសក្ដានុពលច្រើនទៀត។

នៅក្នុងបេសកកម្មរបស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះ លោកជំទាវនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងរីកចម្រើនឡើងថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្វាគមន៍ និងអបអរសាទរជូនចំពោះលោកជំទាវ Teo Lay Cheng ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសសិង្ហបុរីប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកជំទាវពាក់ព័ន្ធនឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ។ ក្នុងនោះ សម្ដេចតេជោក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរគឺមានជាយូរលង់ណាស់មកហើយ ដែលចាប់ផ្ដើមតាំងពីប្រទេសសិង្ហបុរីបានទទួលឯករាជ្យដោយបានភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងកម្ពុជាតាំងពីពេលនោះមក ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍បន្ថែមដែរថាជំងឺកូវីដ- ១៩ បានបំផ្លាញយើងគ្រប់គ្នាដោយបានដាក់គម្លាតឲ្យយើងនៅឆ្ងាយពីគ្នា មិនតែប៉ុណ្ណោះទេ ថែមទាំងឲ្យយើងពាក់ម៉ាសនៅពេលសន្ទនាជាមួយគ្នាទៅវិញទៅមកទៀតផង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោបានមានប្រសាសន៍ថា យើងត្រូវតែជំនះនូវបញ្ហានេះ គឺយើងត្រូវបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយដែលបានចុះហត្ថលេខាកន្លងមក និងបន្ថែមជាមួយនូវកិច្ចសហប្រតិបត្តិការផ្សេងៗជាច្រើនទៀតស្របតាមសក្កានុពលដែលប្រទេសយើងទាំងពីរមាន គឺយើងត្រូវខិតខំធ្វើ ទោះបីយើងត្រូវអនុវត្តការងារនេះតាមគន្លង បែបថ្មីដូចសព្វថ្ងៃយ៉ាងណាក៏ដោយ។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុចា បានជូនពរលោកជំទាវ Teo Lay Cheng ទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Loading...