សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាចំពោះកីឡាករកីឡាការិនី ទទួលបានជ័យពីស៊ីហ្គេមជាង១៤ម៉ឺនដុល្លារ

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា បាននាំយកថវិកា របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និង សម្តេចកត្តិព្រឹទ្ធបណ្ឌិតយកប្រគល់ជូន លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី ម្ចាស់មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ កីឡាស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧កន្លងទៅ នាយប់ថ្ងៃទី៣ខែមេសាឆ្នាំ២០១៨ គឺបន្ទាប់ពីសម្តេចប្រកាលជាផ្លូវការ ក្នុងពិធីជួបសំណេះ សំណាល និងពិសារអាហារសាមគ្គីជាមួយមហាគ្រូសារកីឡា នៅមជ្ឍមណ្ឌលកោះពេជ្រ ។

លោក ថោង ខុន បានមានប្រសាសន៍ថា សម្តេចតេជោ បានធ្វើតាមការសន្យារបស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចទាំង២អស់ចំនួន១៤៥,៣០០ដុល្លារអាមេរិក ដើម្បីលើកទឹកចិត្ត ដល់ម្ចាស់ជ័យលាភីមេដាយមាស, ប្រាក់ និងសំរឹទ្ធិ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ស្របពេលដែលរដូវចូលឆ្នាំប្រពៃណីជាតិក៏ខិតជិតមកដល់ផងនោះ។

លោកប្រធានគណៈកម្មាធិកាជាតិ មានប្រសាសន៍បន្តថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ក្រោយបញ្ចប់ពិធីពិសារអាហារសាមគ្គី មហាគ្រួសារកីឡាជាតិ លើកទី៣ រវាងសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងកីឡាករ-កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ ថ្នាក់ដឹកនាំ សមាជិករបស់សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធ រួមទាំងព្រឹទ្ធាចារ្យកីឡាជើងចាស់សរុបប្រមាណ ៣,៩៩៧នាក់ នោះ។ សម្តេចតេជោ បានផ្តល់ថវិកាឧបត្ថម្ភ របស់សម្តេចទាំង២ ដល់ឯ ឧ រដ្ឋមន្ត្រី យកមកប្រគល់ជូនឲ្យដល់ដៃនិងកីឡាករ-កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ ភ្លាមៗដោយមិនបានបង្កកទុកឡើយ ។

សូមជម្រាប់ថា សមិទ្ធិផលដែលទទួលបានពីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៧ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាសសរុប ៤គ្រឿង, មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធិ ៣៥គ្រឿង ។

តាមគោលការណ៍របស់សម្ដេច រាល់ការដណ្ដើមបានមេដាយស៊ីហ្គេម ក្រៅពីទទួលបានប្រាក់រង្វាន់ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល សម្ដេចបានឧបត្ថម្ភថវិកាបន្ថែម ដែលជាថវិកាផ្ទាល់របស់សម្ដេច គឺមេដាយមាស ១គ្រឿងទទួលបាន ៥,០០០ដុល្លារ , មេដាយប្រាក់ ១គ្រឿង ៣,០០០ដុល្លារ និងមេដាយសំរឹទ្ធិ ១គ្រឿង ២,០០០ដុល្លារ ៕

 

Loading...