សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់អ្នករងគ្រោះស្លាប់-របួស​ ១១នាក់​ ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅស្រុករុក្ខគិរី 

(បាត់ដំបង)​ ៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ នៅក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង បណ្តាលឱ្យមនុស្ស ០៨នាក់ស្លាប់ និង០៣នាក់រងរបួស ។ សម្តេចបានចាត់មន្ត្រីក្រោមឱវាទ ទៅចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដេីម្បីរៀបចំកម្មវិធីបុណ្យ​សព និងជួយសម្រាលការលំបាកផ្នែកជីវភាពរស់នៅ។

ជាក់ស្តែង​កាលពីរសៀលថ្ងៃទី ២១​ ខែកញ្ញា ឆ្នាំ២០២០​ កក្រុមការងារដឹកនាំដោយលោក វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលបុណ្យសពជនរងគ្រោះចំនួន ៧នាក់​ (ក្នុងនោះ​មាន​គ្រួសារ​មួយ​ បានស្លាប់សមាជិក​ ០៤នាក់​ ប្តី​ ប្រពន្ធ​ និងកូន០២នាក់)​ ព្រមទាំង​ផ្តល់អំណោយដល់អ្នករងរបួស​០៣នាក់ទៀត​បានធូរស្បេីយចេញពីមន្ទីរពេទ្យ ជនរងគ្រោះខាងលេី រស់នៅក្នុងស្រុករុក្ខគិរី​ និងក្រុងបាត់ដំបង​ នៃខេត្តបាត់ដំបង។

ដោយឡែក​ នៅព្រឹកថ្ងៃទី​ ២២​ ខែកញ្ញា​ ឆ្នាំ២០២០នេះ ក្រុមការងារដែលដឹកនាំដោយ លោកជំទាវ​ ហួន​ ច័ន្ទបូរ៉ា​ នាយិកានាយកដ្ឋានទំនាក់ទំនង​ កាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលបុណ្យ​ ០៧ថ្ងៃ​ ជនរងគ្រោះ ០១នាក់ ដែលបានដឹកយកមកធ្វើបុណ្យសព​នៅ​ស្រុក​កំណើតស្ថិតនៅភូមិងេកងក់​ ឃុំបន្ទាយចក្រី​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង។

នាឱកាសនោះ គណៈប្រតិភូ​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ដោយបានផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ធម្មជាតិ ដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ​ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​ ព្រមទាំងសូមជូនពរដល់អ្នករងរបួសឆាប់បានជាសះស្បើយដេីម្បីបានប្រកបជីវភាពរស់នៅប្រចាំថ្ងៃជាប្រក្រតីឡើងវិញឆាប់ៗ។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បានចូលរួមបុណ្យសពទាំង ០៨រូប ដោយសពនីមួយៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ០៥លានរៀល។ ដោយឡែកឧបត្ថម្ភដល់អ្នករងរបួស​០៣នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ០២លានរៀល និងឃីត០១។

គួរបញ្ជាក់ថា ឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ដែលបានផ្ដាច់យកជីវិតជនរងគ្រោះ០៨នាក់ និង០៣នាក់ទៀតរងរបួសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង១៥នាទីល្ងាច ថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០២០កន្លងទៅ នៅចំណុចភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ខណៈជនរងគ្រោះរួមទាំងញាតិមិត្តមួយចំនួនទៀតកំពុងជួបជុំទទួលទានអាហារពេលល្ងាចក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ៕

Loading...