សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៥១អណ្តូង គិតជាទឹកប្រាក់ចំនួន ១១៨.៧៩២ដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តចំនួនប្រាំ​

ភ្នំពេញ៖ ដើម្បីបន្តដោះស្រាយតម្រូវការទឹកនៅតាម​ទី​ជនបទដាច់​ស្រយាល នៅដើមឆ្នាំ ២០១៨ គិតត្រឹមថ្ងៃទី ៥ ខែកុម្ភៈ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ៥១អណ្តូង គិតជាទឹកប្រាក់ចំនួន ១១៨.៧៩២ដុល្លារ (មួយសែនមួយម៉ឺនប្រាំបីពាន់ប្រាំពីររយកៅសិបពីរដុល្លារអាមេរិក) ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៩០០គ្រួសារ ស្មើមនុស្ស ៣.៨៤៤នាក់ រស់ក្នុងខេត្តចំនួនប្រាំ ក្នុងនោះ អណ្តូងចំនួន ៥ សម្រាប់​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ​ ៣១៧​ តេជោភ្នំឆ័ត្រ​ ខេត្តបន្ទាយមានជ័យ, ១២អណ្តូង សម្រាប់ខេត្តព្រះវិហារ, ១០អណ្តូង សម្រាប់ខេត្តក្រចេះ, ១២អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង និង ១២អណ្តូង សម្រាប់ខេត្តរតនគិរី។

សូមបញ្ជាក់ដែរថា គិតចាប់តាំងពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹក។ល។ ដោយឡែក ក្នុងឆ្នាំ ២០១៧ កន្លងទៅ បានផ្តល់អណ្តូងសរុបចំនួន ៣២១ និងជីក-ស្តារស្រះទឹកចំនួន ៩ នៅក្នុងខេត្តចំនួន ២៣៕

Loading...