សម្តេចក្រឡាហោម ស ខេងអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្វាយរៀងអាណត្តិទី៣

ខេត្តស្វាយរៀង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្វាយរៀងអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានអ្នកចូលរួមប្រមាណ៤០០នាក់។

នាឳកាសនោះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដែលអាជ្ញាធរខេត្តស្វាយរៀងបានបំពេញនាពេលកន្លងមកជូន សម្ដេចក្រឡាហោម ដូចជាស្ថានភាពរដ្ឋបាលដែនដី និងសមិទ្ធផលសំខាន់ៗដែលគណៈអភិបាលនិងក្រុមប្រឹក្សាខេត្តស្វាយរៀង ក្នុងអាណត្តិទី២សម្រេចបានព្រមទាំងអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្តស្វាយរៀងនិងក្រុមប្រឹក្សាក្រុង ស្រុកអាណត្តិទី៣ ផងដែរ។

លោកបន្តថា សមិទ្ធផលនិងស្នាដៃការងារដែលគណៈអភិបាលនិងក្រុមប្រឹក្សាខេត្តស្វាយរៀងសម្រេចបាន ព្រមទាំងលទ្ធផលនៃការបោះឆ្នោតនាពេលនេះ គឺជាមូលដ្ឋានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញជាប់ជាប្រចាំរបស់សម្ដេច។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត។ ហេតុនេះក្រុមប្រឹក្សាខេត្ត ត្រូវតែខិតខំបម្រើផលប្រយោជន៍ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយមិនត្រូវប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

សម្តេចក្រឡាហោមស ខេងបានបន្តទៀតថា ការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

សម្តេចក្រឡាហោមស ខេងបានបញ្ជាក់ថាគណៈបញ្ជាការឯកភាពខេត្តត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈក្នុងក្របខណ្ឌខេត្តទាំងមូល ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗ ក្នុងនោះត្រូវជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់និងល្បែងស៊ីសងខុសច្បាប់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត។

សូមបញ្ជាក់ថានៅអាណត្តិទី៣នេះ ក្រុមប្រឹក្សាខេត្តស្វាយរៀងមានចំនួន២៣រូបក្នុងនោះលោក ជុំ ហាត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង៕

 

Loading...