សម្តេចក្រឡាហោម ស ខេង បានផ្តល់ទូក៤គ្រឿង មានតម្លៃច្រើនពាន់ដុល្លារ ជូនដល់កម្លាំងនគរបាល ទុកចុះបំពេញកិច្ចការងារ រក្សាសន្តិសុខ និងទប់ស្កាត់ការកើតឡើងបទល្មើសនានា នៅតាមដងទន្លេទាំង៤ ក្នុងខេត្តស្ទឹងត្រែង !

ខេត្តស្ទឹងត្រែង៖ អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្តម ឡូយ សុផាត បាននាំយកទូកស្មាច់៤គ្រឿង មានតម្លៃច្រើនពាន់ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មកផ្តល់ជូនអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង និងអធិការដ្ឋាននគរបាលស្រុកសេសាន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។

ពិធីប្រគល់ទូកស្មាច់ទាំង៤គ្រឿង ជូនដល់អធិការដ្ឋាននគរបាលក្រុង ស្រុកទាំងពីរនេះ បានធ្វើឡើងក្រោមវត្តមាន អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្តម ឡូយ សុផាត និងមានការចូលរួមពី អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល និងអធិការក្រុង ស្រុកទាំងពីរ នៅរមណីដ្ឋានចំការក្រូច របស់អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង នាល្ងាចថ្ងៃទី៤ឧសភាម្សិលមិញ។
អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្តម ឡូយ សុផាត បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ក្នុងខេត្តស្ទឹងត្រែង ពិសេស កម្លាំងនគរបាល នៅគ្រប់អធិការដ្ឋានក្រុង ស្រុក និង កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អោយសម្រេចបានភារកិច្ចថ្មីៗ ដែលថ្នាក់លើប្រគល់ជូន នៅចំពោះមុខជាបន្តបន្ទាប់ទៀត ។

ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចបានឧបត្ថម្ភថវិកា ដើម្បីទិញទូកស្មាច់ចំនួន ៤គ្រឿង នាំយកមកប្រគល់ជូន អធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ២គ្រឿង និងអធិការដ្ឋាននគរបាលស្រុកសេសាន ២គ្រឿង ដែលទូកទាំង៤គ្រឿងនេះ បានចំណាយថវិកាអស់ ច្រើនពាន់ដុល្លារអាមេរិក។ ឯកឧត្តមអ្នកតំណាងរាស្ត្រ បានបន្តថា អធិការដ្ឋាននគរបាលក្រុង និងស្រុកទាំង២នេះ នៅមានការខ្វះខាតមធ្យោបាយផ្លូវទឹក សម្រាប់ចុះបំពេញភារកិច្ច ទាំងពេលយប់ និងនៅពេលថ្ងៃ នៅគ្រាដែលមានសភាពការណ៍នានាកើតឡើង ដូចជា ការកើតឡើងនៃបទល្មើស លើដងទន្លេទាំង៤ក្នុងខេត្ត ឧបទ្ទវហេតុគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ គ្រោះទឹកជំន់ និងហេតុការនានាជាច្រើនផ្សេងៗទៀត ដែលបានកើតមាននៅក្នុងភូមិសាស្ត្រ នៃដងទន្លេមេគង្គ សេកុង សេសាន និងទន្លេស្រែពក។ ឯកឧត្តមអ្នកតំណាងរាស្ត្រ បានណែនាំដល់អធិការនគរបាលក្រុងស្ទឹងត្រែង លោកវរៈសេនីយ៍ឯក ឈូក កុម្មល់ និងអធិការនគរបាលស្រុកសេសាន លោកវរៈសេនីយ៍ឯក ទេស ភាលាភ ក្រោយទទួលបានទូក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចប្រមុខក្រសួងមហាផ្ទៃនេះទៅ ត្រូវយកទៅបម្រើអោយផលប្រយោជន៍រួម ត្រូវសហការណ៍ជាមួយស្ថាប័ននានា ដូចជា ផ្នែករដ្ឋបាលជលផល និងផ្នែកពាក់ព័ន្ធជាច្រើនទៀត ដើម្បីសហការបំពេញមុខងារ ការពារសន្តិសុខ ជួយសង្គ្រោះប្រជាជន នៅពេលមានគ្រោះអាសន្នកើតឡើង និងធ្វើប្រតិបត្តិការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងជលផល ដែលកើតមាននៅក្នុងផ្ទៃទឹកទន្លេទាំង៤ ក្នុងខេត្តស្ទឹងត្រែង របស់យើងនេះ។ ម្យ៉ាងទៀត ក្រោយពីទទួលបានទូកនេះទៅ ត្រូវខិតខំថែរក្សាការពារ ដើម្បីជាគុណប្រយោជន៍ ក្នុងការអនុវត្តតួនាទី ភារកិច្ចទៅតាមជំនាញ បម្រើការពារសន្តិសុខ ជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។

អធិការនគរបាលក្រុងស្ទឹងត្រែង លោកវរៈសេនីយ៍ឯក ឈូក កុម្មល់ រួមនឹងអធិការដ្ឋាននគរបាលស្រុកសេសាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចក្រឡាហោម ស ខេង ប្រមុខក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួង និងអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រប់លំដាប់ថ្នាក់ និងអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្តម ឡូយ សុផាត អ្វីដែលថ្នាក់ដឹកនាំបានប្រគល់ជូននៅក្នុងពេលនេះ អធិការដ្ឋាននឹងបន្តខិតខំបម្រើ និងបំពេញភារកិច្ចអោយបានល្អ ជូនប្រជាជន និងប្រទេសជាតិ ជាពិសេស ពេលនេះ គឺស្ថិតនៅក្នុងរង្វង់ដែលខេត្តស្ទឹងត្រែង បានបិទរដូវនេសាទ ហើយទូកដែលទទួលបានមកនេះ គឺសម្រាប់ទុកការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងទប់ស្កាត់ការកើតឡើង នៃបទល្មើសនានា ពិសេស បទល្មើសនេសាទនៅក្នុងរដូវបិទការនេសាទ នៅលើដងទន្លេក្នុងខេត្ត និងត្រៀមទុកជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងហេតុការណ៍ណាមួយដែលបានកើតឡើង នៃគ្រោះមហន្តរាយធម្មជាតិផ្សេៗទៀត ផងដែរ៕

Loading...