សម្តេចតេជោហ៊ុន សែន សុំឲ្យអ្នកសារព័ត៌មានប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យក្នុងការស្វះស្វែង ប្រមាញ់រកព័ត៌មានល្អឲ្យបានគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រលប់ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា​ នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ បានចំណាយពេលដ៏មានតម្លៃ និងដ៏ខ្ពង់ខ្ពស់បំផុតអញ្ជើញជួបជុំជាលើកទី២ សំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានប្រុស ស្រីប្រមាណ៣៤០០នាក់នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រុងភ្នំពេញ។

ទាក់ទងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាសព្វថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា មានចំណុចអវិជ្ជមាន និងចំណុចវិជ្ជមាន។ សារព័ត៌មានមួយចំនួនបានដើរធ្វើសកម្មភាពជំរិតទារប្រាក់គេពាសវាលពាសកាល, សារព័ត៌មានខ្លះទៀតមិនបង់ព័ន្ធជូនរដ្ឋ ហើយសារព័ត៌មានខ្លះទៀត ផ្សាយបំពុលសង្គម បំភ្លៃពីព័ត៌មានពិតទៅជាព័ត៌មានមិន ហើយពីព័ត៌មានមិនពិត ទៅជាព័ត៌មានពិតទៅវិញ ។

សម្តេចតេជោបញ្ជាក់ថា សម្តេចទុកឱកាសឲ្យអ្នកដែលប្រព្រឹត្តខុសទាំងនេះ កែខ្លួនឡើងវិញ ។ សម្តេចមានទាំងឈ្មោះ និងសំឡេងខ្សែអាតចំពោះអ្នកកាសែតដែលធ្វើសកម្មភាពប្រាសចាកពីវិជ្ជាជីវៈទាំងនោះផងដែរ ។

សម្តេចតេជោបានសុំឲ្យអ្នកសារព័ត៌មានប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យក្នុងការស្វះស្វែង ប្រម៉ាញ់រកព័ត៌មានល្អអោយបានគ្រប់ជ្រុងជ្រោយ និងមានសេចក្តីក្លាហាន មានសុច្ចរិតភាព ។ សម្តេចហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា«ខ្ញុំសូមអ្នកសារព័ត៌មានប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យក្នុងការស្វះស្វែង ប្រម៉ាញ់រកព័ត៌មានល្អអោយបានគ្រប់ជ្រុងជ្រោយ និងមានសេចក្តីក្លាហាន មានសុច្ចរិតភាព គោរពក្រមសីលធម៍ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតក្នុងការផ្សាយព័ត៌មានពិតទាំងនៅក្នុង និងក្រៅប្រទេស»៕

 

Loading...