សម្តេចតេជោហ៊ុន សែន សំណូមពរ​តារាៗនារីមួយចំនួនកុំបញ្ចេញរឿងលើគ្រែនៅលើប្រព័ន្ធផ្សព្វផ្សាយ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ បានថ្លែងស្នើសុំឲ្យតារាៗនារីមួយចំនួនតូច មេត្តាបញ្ឈប់សកម្មភាពបញ្ចេញបញ្ហា រឿងលើគ្រែ ដែលថាមានអ្នកធំនេះ មានអ្នកធំនោះស្រឡាញ់ខ្លួន នៅតាមប្រព័ន្ធផ្សព្វផ្សាយ ពីព្រោះថាការបញ្ចេញបែបនេះ នាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកធំ ក៏ដូចថ្នាក់ដឹកនាំដទៃផ្សេងទៀតដែលមិនបានដឹងអ្វីផងនោះ ។

កាលពីល្ងាចថ្ងៃទីអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ តាមការគ្រោងទុក សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអញ្ជើញជួបជុំជាលើកទី២ សំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានចំនួន៣៤០០នាក់ ដែលពិធីនេះបានប្រព្រឹត្តឡើងនៅឯមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ ក្រុងភ្នំពេញ។​

សម្តេចតេជោបានថ្លែងថា ឆ្លៀតក្នុងឱកាសនេះ បានថ្លែងសុំសំណូមពរដល់តារាៗនារីមួយចំនួនតូច ដែលឡើងសម្ភាសន៍នៅតាមទូរទស្សន៍ កាសែត ឬវិទ្យ ហើយនិយាយថា ខ្លួនមានអ្នកធំៗ ឧកញ៉ាៗ តាមស្រឡាញ់ខ្លួនច្រើនណាស់នោះ ឲ្យបញ្ឈប់ការនិយាយបែបនេះជាបន្តទៀត ។ សម្តេចតេជោបញ្ជាក់ថា ការលើកឡើងបែបនេះរបស់តារាៗស្រីមួយចំនួននោះ វាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ដល់កិត្តិយសអ្នកធំៗ ឧកញ៉ាៗ ដទៃផ្សេងទៀតដែលមានច្រើនណាស់នៅកម្ពុជា ។

សម្តេចតេជោបញ្ជាក់ថា ចាប់តាំងពីថ្ងៃនេះទៅ សម្តេចសង្ឃឹមថា តារាៗស្រីមួយចំនួនតួចនោះ ទោះមានអ្នកធំនេះ ស្រឡាញ់ ឧកញ៉ានោះស្រឡាញ់បែបណាក៏ដោយ សុំឲ្យស្ងាត់ស្ងៀមចុះ ពីព្រោះនេះជាបញ្ហាលើគ្រែនោះទេ ៕

Loading...