សម្តេចតេជោ៖ ខ្ញុំមិនបានប្រមាថជីវិតប្រជាជនទេ ប៉ុន្តែផ្ទុយទៅវិញជាការគោរពប្រជាជន នៅពេលដែមានឧបសគ្គកើតឡើង

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យបណ្ដារាជធានី-ខេត្ត ត្រៀមរៀបចំទីកន្លែងការបញ្ចុះ និងបូជាសព ក្នុងករណីមានមរណភាពដោយសារជំងឺកូវីដ-១៩ ឱ្យស្របទៅតាមប្រពៃណីទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិច នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសារជាសម្លេងបន្ទាន់នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ផ្ញើជូនចំពោះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងអភិបាលខេត្ត-រាជធានី សម្ដេចតេជោមានប្រសាសន៍ថា កាលពីថ្ងៃម្សិលមិញ ហើយរសៀលនេះខ្ញុំបានចេញសារទាក់ទិនជាមួយបញ្ហា សម្រាប់ការរៀចំជាបច្ឆា ដើម្បីនឹងបូជាសព សម្រាប់អ្នកដែលទទួលមរណភាពដោយជំងឺកូវីដ-១៩។ ជាងនេះទៀត ដោយមានសំណូមពរ និងគោរពទៅតាមប្រពៃណីសាសនាឥស្លាម ខ្ញុំក៏បានសម្រេចយល់ព្រម ដើម្បីឱ្យធ្វើទៅតាមប្រពៃណីរបស់ឥស្លាម។ សម្ដេចតេជោថ្លែងបន្តថា មុននេះបន្តិច ខ្ញុំក៏បានទទួលសំណូមពរ ពីអភិបាលខេត្តរតនគិរី ដែលអាចចាត់ទុកថាមានទាំងមណ្ឌលគិរីផងដែរ អំពីទំនៀមទម្លាប់បងប្អូនជនជាតិដើមភាគតិច ដែលក្នុងគឺតម្រូវឱ្យមានការបញ្ចុះសព មិនមែនជាការបូជានោះទេ។ សម្ដេចតេជោគូសបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះ ខ្ញុំសូមកែតម្រូវអំពីការត្រៀមរៀបចំ និងមានភាពបត់បែនទៅបាន សម្រាប់ការគោរពទៅដល់ប្រពៃណីទំនៀមទម្លាប់នៃបងប្អូនជនជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។

ដូច្នេះការរៀបចំនៅក្នុងសេចក្ដីព្រាងអនុក្រឹត្យ ក៏ដូចជាការរៀបចំនៅតាមទីកន្លែងនៃខេត្តនានា ក៏ត្រូវតែរៀបចំឱ្យស្របទៅតាមទំនៀមទម្លាប់ផងដែរ។ សម្ដេចតេជោលើកឡើងថា នៅក្នុងការណែនាំរបស់អង្គការសុខភាពពិភពលោក ការបូជាសព ឬការបញ្ចុះសព សម្រាប់អ្នកទទួលមរណភាពដោយសារជំងឺកូវីដ-១៩ គឺវិធីទាំងពីរនេះ អង្គការសុខភាពពិភពលោក មិនបានកំណត់ថាត្រូវបញ្ចុះ ឬបូជានោះទេ តែក៏បាននិយាយទៅដល់ការបូជា និងការបញ្ចុះផងដែរ ដែលមានទាក់ទងទៅនឹងវិធានសុខាភិបាល។ ដូច្នេះខ្ញុំសូមស្នើឱ្យនៅតាមតំបន់នីមួយៗ រៀបចំឱ្យមានជាក់ស្ដែងទៅតាមទំនៀមទម្លាប់ ក្នុងករណីដែលបងប្អូនភាគច្រើនទទួលការបូជា ក៏ត្រូវរៀបចំបច្ឆាទុកតាមទីកន្លែងដែលត្រូវរៀបចំ ហើយសម្រាប់ការបញ្ចុះទៀតសោត ក៏ត្រូវត្រៀមរៀបចំនៅទីកន្លែងសមរម្យ សម្រាប់ការបញ្ចុះសពផងដែរ ដើម្បីឱ្យស្របទៅតាមទំនៀមទម្លាប់ប្រពៃណីនៃជនជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។

សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា នេះជាការកែតម្រូវមួយ ដើម្បីឱ្យស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះគ្រប់ជាតិសាសន៍ សាសនា ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាគោលនយោបាយដ៏ត្រឹមត្រូវមួយ ដែលចាត់ទុកថាជាសុខដុមនីយកម្មជនជាតិ និងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោក៏បានស្នើឱ្យរាជធានី-ខេត្តទាំងអស់រៀបចំទាំងពីរទិស គឺទិសទីមួយ រៀបចំបច្ឆា និងទិសទីពីរ រៀបចំដីធ្លី សម្រាប់ការបញ្ចុះសពនៅទីកន្លែងសមរម្យ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបន្ថែមទៀតថា ពិតមែនហើយមានមនុស្សមួយក្រុមបានចេញមកនិយាយថា នៅពេលដែលខ្ញុំឱ្យត្រៀមលក្ខណៈបែបនេះ គឺជាការប្រមាថជីវិតប្រជាជន។ ខ្ញុំសូមយកឱកាសនេះជម្រាបជូនប្រជាពលរដ្ឋយើងថា ខ្ញុំមិនបានប្រមាថជីវិតប្រជាជនទេ ប៉ុន្តែផ្ទុយទៅវិញជាការគោរពប្រជាជន នៅពេលដែមានឧបសគ្គកើតឡើង ទាក់ទិនជាមួយនឹងមរណភាពដោយសារកូវីដ-១៩ និងជាការទទួលខុសត្រូវក្នុងការការពារសុវត្ថិភាព និងសុខមាលភាពប្រជាជនដែលកំពុងរស់នៅ៕

Loading...