សម្តេចតេជោ៖ ចៅ គីម ហុង អាចធ្វើជំនួយការឲ្យមេបញ្ជាការយោធាឬនាយសេនាធិការកងទ័ពគ្រប់កំរិតក្នុងផ្នែកផែនទី

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ថា ចៅគីម ហុង អាចធ្វើជំនួយការឲ្យមេបញ្ជាការយោធាឬនាយសេនាធិការកងទ័ពគ្រប់កំរិតក្នុងផ្នែកផែនទី ។

សម្តេចបានថ្លែងថា៖ «បន្ទាប់ពីជំនួបជាមួយចៅគីម ហុង និងក្រុមគ្រួសារ លោកគ្រូទាំង២រូបប្រម៉ាណជិត២ម៉ោង ជាមួយនឹងការសាកល្បងពីខ្ញុំផ្ទាល់ ខ្ញុំអាចនិយាយបានថា ចៅគីម ហុង ជាមនុស្សទេព។ លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះទេ។ ចៅអាចធ្វើជំនួយការឲ្យមេបញ្ជាការយោធាឬនាយសេនាធិការកងទ័ពគ្រប់កំរិតក្នុងផ្នែកផែនទី ។ ចៅអាចរកឃើញចំណុចទីតាំង និងចម្ងាយលើផែនទីក្នុងរយៈពេលខ្លីដែលខ្ញុំមិននឹកស្មានដល់។ ព្រឹកមិញខ្ញុំបានប្រៀបខ្លួនខ្ញុំជាមេបញ្ជាការយោធានៅសមរភូមិមួយ ឯចៅ គីម ហុង ជាជំនួយសេនាធិការផ្នែកកលយុទ្ធ។ ខ្ញុំត្រូវការផ្តល់ជំនួយដោយកាំភ្លើងធំ និងកងជើងអាកាសទៅកាន់ទីតាំង១ ទើបប្រាប់ទៅចៅ គីម ហុង ឲ្យរកគោលដៅ និងចម្ងាយ។ គ្រាន់តែបែរមកនិយាយជាមួយឪពុកម្ដាយរបស់គីមហុងមិនបានប៉ុន្មានម៉ាត់ផងចៅបានរកឃើញរួចស្រេចទៅហើយ។

គីម ហុង មានសមត្ថភាពច្រើនជាងខ្ញុំលើការប្រើកុំព្យួទ័រ នេះជាការពិតមួយដែលខ្ញុំត្រូវតែទទួលយក។ តាទទួលរ៉ាប់រងទាំងអស់លើការឈានឡើងរបស់ចៅ» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

Loading...