សម្តេចតេជោ៖ ទោះបីឆ្នាំនេះ ប្រទេសជាតិយើង កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឲ្យមានការរៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នៅក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៥ នៃទិវា ពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍ថា ទោះបីឆ្នាំនេះ ប្រទេសជាតិយើង កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឲ្យមានការរៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះដែរ ។

សារលិខិតលេខ១១ សលខ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖

បងប្អូនក្មួយៗ កម្មករ និយោជិត និយោជក និងជនរួមជាតិទាំងអស់ជាទីស្នេហា !

តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាមួយបងប្អូនក្មួយៗ កម្មករ និយោជិត និយោជក និងជនរួមជាតិទាំងអស់ នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “សន្តិភាពសុខភាព និងការងារ” ។ ប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្តជាសកល ជាពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ទទួលបានការញាំញីដោយសង្គ្រាមបំផ្លិចបំផ្លាញខ្ទេចខ្ទាំរាប់សតវត្សរ៍មកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ ការបង្កើតការងារ និងស្ថិរភាពការងារក្នុងបរិបទជំងឺកូវីដ-១៩ ។

ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ។ ទោះបីឆ្នាំនេះ ប្រទេសជាតិយើង និងពិភពលោកទាំងមូលកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឲ្យមានការរៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ។

ដោយសារតែរាជរដ្ឋាភិបាលអាចបន្តរក្សា និងការពារបានយ៉ាងរឹងមាំនូវសន្តិភាពស្ថិរភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈទើបប្រទេសជាតិយើងទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ។

រាជរដ្ឋាភិបាលបាន និងកំពុងខិតខំអនុវត្តបានដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤រួមទាំងគោលនយោបាយអាទិភាពសំខាន់ៗដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋក្នុងនោះរួមមានគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងអនុវត្តនូវការកែទម្រង់មុតស្រួចក្រោមអភិក្រម “ឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាល និងវះកាត់” និងបាវចនា “កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ” ។

ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃជំងឺកូវីដ-១៩ក៏ដោយរាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឲ្យផលប៉ះពាល់លើចំនួនការងារស្ថិតក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន ។ ជាក់ស្តែងរោងចក្រសហគ្រាសចំនួន១១០៣បានបើកដំណើរការថ្មី ដែលផ្តល់ការងារដល់កម្មករនិយោជិតសរុបជាង៦ម៉ឺននាក់បន្ថែម ។ លើសពីនេះចំនួនរោងចក្រសហគ្រាស ដែលបានព្យួរកិច្ចសន្យាការងារបានធ្លាក់ចុះពីចំណុចកំពូលនៅ ខែមិថុនា ឆ្នាំ២០២០ពីចំនួន៤៣៣ស្មើនឹងកម្មករនិយោជិតជាង១៥ម៉ឺននាក់មកត្រឹម១៥០រោងចក្រសហគ្រាសស្មើនឹងកម្មករជាង២ម៉ឺននាក់គិតត្រឹមបំណាច់ ឆ្នាំ២០២០ និងបន្តធ្លាក់ចុះជាបណ្តើរៗផងដែរ ។ ទន្ទឹមនឹងនេះទីភ្នាក់ងារជាតិមុខរបរ និងការងារក៏បានចុះឈ្មោះស្វែងរកការងារចំនួន១៧២០១នាក់, បានផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន១៨៤៨០៨នាក់ និងបានបន្តជួយស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិ ឃុំ ។

កន្លងទៅនេះដើម្បីជំរុញការអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្មខ្ញុំផ្ទាល់បានចុះជួបជាមួយបងប្អូនកម្មករនិយោជិតបានចំនួន៧៧លើកសរុបកម្មករនិយោជិតចំនួនប្រមាណជិត១លាននាក់គិតចាប់ពី ឆ្នាំ២០១៧ដល់ ឆ្នាំ២០១៩ ដែលតាមរយៈជំនួបទាំងនេះបានរកឃើញបញ្ហាមួយចំនួន និងបានដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើនជាពិសេសអនុសាសន៍១០ចំណុចដើម្បីលើកកម្ពស់ជីវភាពសុខុមាលភាពកម្មករនិយោជិត និងទំនាក់ទំនងវិជ្ជាជីវៈហើយខ្ញុំនឹងបន្តសកម្មភាពនេះជារៀងរហូតនៅក្នុងតំណែងរបស់ខ្ញុំជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែខ្ញុំក៏សូមការអធ្យាស្រ័យ ដែលនៅ ឆ្នាំ២០២១នេះយើងមិនអាចរៀបចំការជួបជុំដូចសព្វដងដោយសារការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ ដែលកំពុងគំរាមកំហែងសុខភាពសាធារណៈសេចក្តីសុខ និងអាយុជីវិតប្រជាជនកម្ពុជាក៏ដូចជាប្រជាជនទូទាំងសកលលោក ។

រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈថែរក្សាសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈផ្តល់អត្ថប្រយោជន៍នានាជូនបងប្អូនកម្មករនិយោជិតរួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលច្បាប់ស្តីពីការងារច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័នតាមរយៈយន្តការត្រីភាគីសម្រាប់សំវាទសង្គមជាអាទិ៍ក្រុមប្រឹក្សាអាជ្ញាកណ្តាលគណៈកម្មការប្រឹក្សាការងារក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារួមទាំងយន្តការត្រីភាគីបូកជាច្រើនទៀត ។ ការបើកចំហរសេរីភាពអង្គការវិជ្ជាជីវៈបានធ្វើឲ្យកំណើន នៃការចុះបញ្ជីកើនឡើងគួរឲ្យកត់សម្គាល់ដោយគិតត្រឹម ឆ្នាំ២០២០នេះមានអង្គការវិជ្ជាជីវៈចំនួន៥៤៨៤កំពុងប្រតិបត្តិការក្នុងនោះសហជីពមូលដ្ឋានមានចំនួន៥២០៦សហព័ន្ធសហជីពមានចំនួន២៣១សហភាពសហជីពមានចំនួន៣៦ និងសមាគមនិយោជកមានចំនួន១១ ។

រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមគ្រប់រោងចក្រសហគ្រាសដោយតម្រូវឲ្យមានគិលានដ្ឋានកន្លែងហូបបាយបន្ទប់បំបៅកូន និងទារកដ្ឋាន ដែលបានជួយធ្វើឲ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់កម្មករនិយោជិត ។ កម្មវិធីបង្ការគ្រោះថ្នាក់ការងារ និងបង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិតក៏ត្រូវបានជំរុញការអនុវត្តយ៉ាងសកម្មផងដែរ ។

រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍរបបសន្តិសុខសង្គមដើម្បីពង្រីកវិសាលភាពកាន់តែទូលំទូលាយដោយគ្របដណ្តប់៤ផ្នែករួមមានផ្នែកប្រាក់សោធនផ្នែកថែទាំសុខភាពផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារសំដៅធានាសង្គតិភាព និងសមធម៌រវាងមន្ត្រីសាធារណៈ និងកម្មករនិយោជិតតាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការរៀបចំដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងរបបសោធនសម្រាប់កម្មករនិយោជិតនៅក្នុង ឆ្នាំ២០២០ ។ ដើម្បីផ្តល់នូវកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិតបេឡាជាតិសន្តិសុខសង្គមបានផ្តល់នូវរបបហានិភ័យការងារ និងរបបថែទាំសុខភាពចាប់ពី ឆ្នាំ២០០៨មកម្ល៉េះ ដែលមានរោងចក្រសហគ្រាសជាង១ម៉ឺន៤ពាន់ជាសមាជិក ដែលមានកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈសរុបប្រមាណជាង២លាន១សែននាក់កំពុងទទួលបានអត្ថប្រយោជន៍ពីរបបទាំងនេះ ។ បន្ថែមពីនេះចាប់ពី ឆ្នាំ២០១៨រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូនដោយក្នុង ឆ្នាំ២០២០នេះ ប.ស.ស. បានផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូនបានចំនួន៨១ ៩៩០នាក់ (កើនឡើងប្រមាណ៧, ៣%) ស្មើនឹងចំនួនកូន ៨២ ៥២៧នាក់ (កើនឡើងប្រមាណ៧, ៣%) ដែលគិតជាទឹកប្រាក់សរុបចំនួន៣៣ប៊ីលានរៀលហើយបើគិតចាប់ពី ឆ្នាំ២០១៨រហូតដល់ ឆ្នាំ២០២០ស្រ្តីសម្រាលកូនមានចំនួន២១៦២០២នាក់ដោយចំណាយថវិកាសរុបចំនួន៨៧, ១ប៊ីលានរៀល ។

បងប្អូនក្មួយៗកម្មករនិយោជិតនិយោជក និងជនរួមជាតិទាំងអស់ជាទីស្នេហា!

ជាមួយសមិទ្ធផលជោគជ័យដ៏ធំធេងខាងលើជាអកុសលវិបត្តិ នៃការផ្ទុះឡើង នៃជំងឺកូវីដ-១៩បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលហើយប្រទេសកម្ពុជាក៏មិនអាចចៀសផុតពីផលប៉ះពាល់យ៉ាងធំធេងក្នុងសង្គម-សេដ្ឋកិច្ចនេះផងដែរ ។ ដើម្បីធ្វើការឆ្លើយតបទៅនឹងវិបត្តិ នៃជំងឺកូវីដ-១៩រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន៧ជុំរួចមកហើយ ។

នាពេលបច្ចុប្បន្ននេះប្រទេសមួយចំនួនបាន និងកំពុងអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ព្រមទាំងបានសម្រេចចិត្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ ។ ដូចប្រទេសមួយចំនួនទៀតប្រទេសកម្ពុជាក៏បាន និងកំពុងខិតខំស្វែងរកព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភព ដែលរួមមាន១លានដូសជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន, ៣២ម៉ឺនដូសតាមយន្តការខូវ៉ាក់, ១, ៥លានដូសបញ្ជាទិញពីប្រទេសចិន និងបន្តបញ្ជាទិញចំនួន៤លានដូសបន្ថែមទៀតហើយក៏ខិតខំស្វះស្វែងបញ្ជាទិញបន្ថែមទៅតាមតម្រូវការចាំបាច់ជាក់ស្តែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខដូចជាមន្ត្រីជួរមុខកម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ ។ យ៉ាងណាក៏ដោយទោះបីជាយុទ្ធនាការនេះបាន និងកំពុងប្រព្រឹដោយរលូនក៏មិនមានន័យថាយើងទាំងអស់គ្នាអាចរួចផុតពីការឆ្លងជំងឺកូវីដ-១៩បាន១០០%ដែរហើយស្ថានភាពសង្គម-សេដ្ឋកិច្ចអាចវិលត្រឡប់ទៅរកប្រក្រតីភាពដូចមុនក្នុងរយៈពេលដ៏ខ្លីនោះបានឡើយ ។

“ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ បានបណ្តាលឲ្យករជាវិជ្ជមាន នៃជំងឺកូវីដ-១៩កើនឡើងយ៉ាងគំហុក និងគួរឲ្យព្រួយបារម្ភព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ផងដែរ ។ រាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ជុំទី៨ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍ នៃវិបត្តិជំងឺកូវីដ-១៩នេះក្នុងគោលបំណង (១) កាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គមសេដ្ឋកិច្ច ដែលបណ្តាលមកពីការឆ្លង នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ, (២) បន្តសុពលភាព នៃវិធានការ ដែលបានដាក់ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់ក្នុងពេលឆាប់ៗខាងមុខ, (៣) បន្តដាក់ចេញ និងអនុវត្តនូវវិធានការទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ចឲ្យងើបឡើងវិញដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍ក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ និង (៤) បន្តជួយទំនុកបម្រុងជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលរួមមាន៖

១-វិធានការបន្តជួយវិស័យវាយនភណ្ឌកាត់ដេរផលិតស្បែកជើងផលិតផលធ្វើដំណើរ និងកាបូប និងវិស័យទេសចរណ៍

បន្ទាប់ពីរោងចក្រ សហគ្រាស និងអាជីវកម្មក្នុងវិស័យវាយនភណ្ឌកាត់ដេរផលិតស្បែកជើងផលិតផលធ្វើដំណើរ និងកាបូប និងវិស័យទេសចរណ៍ទទួលបានលិខិតអនុញ្ញាតឲ្យព្យួរកិច្ចសន្យាការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្អែកតាមលក្ខខណ្ឌ នៃការព្យួរកិច្ចសន្យាការងាររាជរដ្ឋាភិបាលកម្ពុជានឹង៖

-បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាម៉េរិកក្នុងមួយ ខែសម្រាប់កម្មករនិយោជិត១នាក់ ដែលបំពេញការងារក្នុងវិស័យវាយនភណ្ឌកាត់ដេរផលិតស្បែកជើងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់រយៈពេល៣ ខែបន្ថែមទៀតចាប់ពី ខែមេសាដល់ ខែមិថុនា ឆ្នាំ២០២១ ។ ម្ចាស់រោងចក្រសហគ្រាសក្នុងវិស័យនេះត្រូវបន្ថែមចំនួន៣០ដុល្លារអាម៉េរិកសម្រាប់កម្មករនិយោជិត១នាក់ (ជាសរុបកម្មករនិយោជិត១នាក់ទទួលបាន៧០ដុល្លារអាម៉េរិកក្នុងមួយ ខែ) ។

-បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាម៉េរិកក្នុងមួយ ខែជូនកម្មករនិយោជិត១នាក់ ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ ដែលមានដូចជាសណ្ឋាគារផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍សម្រាប់រយៈពេល៣ ខែបន្ថែមទៀតចាប់ពី ខែមេសាដល់ ខែមិថុនា ឆ្នាំ២០២១ ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែងបន្ថែមពីលើប្រាក់ឧបត្ថម្ភ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ។

-បានចាប់ផ្តើមអនុវត្តឡើងវិញនូវការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុន ឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុង ឆ្នាំ២០២០ និង ឆ្នាំ២០២១ដោយបានកំណត់កាលបរិច្ឆេទ នៃការទូទាត់ជាដំណាក់កាលដើម្បីផ្តល់អត្ថប្រយោជន៍បន្ថែមសម្រួលដល់ជីវភាពបងប្អូនកម្មករនិយោជិតក៏ដូចជាជួយសម្រាលបន្ទុកនិយោជកក្នុងការទូទាត់ប្រាក់បំណាច់អតីតភាពការងារនេះក្នុងគោលបំណងរក្សាបាននូវនិរន្តរភាពការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ។

-បន្តលើកលែងការបង់ពន្ធប្រចាំ ខែគ្រប់ប្រភេទចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញខេត្តសៀមរាបខេត្តព្រះសីហនុខេត្តកែបខេត្តកំពតក្រុងបាវិត និងក្រុងប៉ោយប៉ែតសម្រាប់រយៈពេល៣ ខែបន្ថែមទៀតចាប់ពី ខែមេសាដល់ ខែមិថុនា ឆ្នាំ២០២១ ។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ ខែក្នុងអំឡុងពេល នៃការលើកលែងនេះ ។

-បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គមក្នុងអំឡុងពេលព្យួរឬផ្អាកដំណើរការអាជីវកម្ម ។

២-វិធានការបន្តជួយវិស័យអាកាសចរណ៍

-បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum’Tax) សម្រាប់រយៈពេល៣ ខែបន្ថែមទៀតចាប់ពី ខែមេសាដល់ ខែមិថុនា ឆ្នាំ២០២១ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា ។

-បន្តពន្យារការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិលសម្រាប់រយៈពេល៣ ខែបន្ថែមទៀតចាប់ពី ខែមេសាដល់ ខែមិថុនា ឆ្នាំ២០២១ជាមួយនឹងការអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះរៀបចំបង់ប្រាក់ជំពាក់នោះជាដំណាក់កាលក្រោយពីរយៈពេល នៃការពន្យារនេះ ។

៣-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ

-បន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩សម្រាប់រយៈពេល៣ ខែបន្ថែមទៀតចាប់ពី ខែមេសាដល់ ខែមិថុនា ឆ្នាំ២០២១ ។

ជាមួយគ្នានេះដែររាជរដ្ឋាភិបាលនឹងបន្តណែនាំដល់ក្រសួងស្ថាប័នទាំងអស់ និងអំពាវនាវដល់បុគ្គលឯកជន ដែលជាម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រសហគ្រាសជួយសម្រួលដល់ភាគីជួលដោយចៀសវាងការបញ្ឈប់កិច្ចសន្យាឬការបណ្តេញចេញតាមរយៈការពន្យារពេល នៃការបង់ថ្លៃឈ្នួលឬបញ្ចុះថ្លៃឈ្នួលឬមិនយកថ្លៃឈ្នួលតាមលទ្ធភាពជាក់ស្តែង ។

នាឱកាសនេះរាជរដ្ឋាភិបាលសូមបន្តអំពាវនាវជាថ្មីម្តងទៀតដល់ម្ចាស់រោងចក្រសហគ្រាស និងបងប្អូនកម្មករនិយោជិតចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដោយស្ម័គ្រចិត្ត និងអនុវត្តឲ្យបានហ្មត់ចត់បំផុតនូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩តាមរយៈការអនុវត្តវិធាន-៣ការពារ” និង “៣កុំ” និងតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការអនុវត្តវិធានការសុវត្ថិភាព និងសុខភាពការងារជូនបងប្អូនកម្មករនិយោជិត ។

សម្តេចតេជោបានបញ្ជាក់ថា ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិ ដែលកំពុងធ្វើការទាំងក្នុង និងក្រៅប្រទេសក៏ដូចជាលោកលោកស្រីជានិយោជក, កម្មករ និយោជិតបរទេស, មន្ត្រីអន្តរជាតិ និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដែលកំពុងស្នាក់នៅ និងបំពេញភារកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាសូមប្រកបដោយពុទ្ធពរទាំង៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ថាច់ យ៉ាត

Loading...