សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តស្ទឹងត្រែង ភាគឦសាន្តកម្ពុជា !  

 

ខេត្តស្ទឹងត្រែង៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បន្តផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងបរិក្ខាប្រើប្រាស់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង។ អំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ត្រូវបានអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន រួមជាមួយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ និងមន្ត្រីពាក់ព័ន្ធ នាំយកទៅផ្តល់ជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី៤វិច្ឆិកាឆ្នាំ២០២០ នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានបង្ហាញឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ដែលត្រូវទទួលបានអំណោយពី សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នៅពេលនេះ គឺមានចំនួន ៣២១គ្រួសារ មកពីឃុំចំនួន ២ គឺ ឃុំកោះព្រះ និងឃុំសៀមបូក ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋទាំង ៣២១គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៊ី ១យួរ ត្រីខកំប៉ុង ១យួរ ទឹកបរិសុទ្ធ ១កេស និងមុងច្រលក់ថ្នាំ ១ថែមទៀតផង។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមកទទួលយកអំណោយពី សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នៅពេលនេះ គឺជាប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ លោកអភិបាលខេត្ត បានបន្តថា នៅពេលបងប្អូនប្រជាពលរដ្ឋជួបការលំបាក សម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ គិតគូរ ពីសុខទុក្ខរបស់បងប្អូននៅគ្រប់ទីកន្លែង ជាពិសេស ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ និងចាស់ជរា។ រីឯការចែកអំណោយជូននៅក្នុងពេលនេះ ធ្វើឡើងដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ។ លោកអភិបាលខេត្ត បានបន្តទៀតថា ទន្ទឹមនឹងការរងគ្រោះដោយទឹកជំនន់នោះ សម្តេចតេជោ បានផ្តល់ថវិកា ៥ពាន់ដុល្លារ ដល់គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានថ្លែងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំគ្រប់មុខ និងការចិញ្ចឹមសត្វ ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ បន្ទាប់ទឹកជំនន់បានស្រកចុះអស់ទៅវិញនេះ។

សូមបញ្ជាក់ថា នៅពេលថ្មីៗកន្លងមកនេះ អាជ្ញាធរខេត្ត បាននាំយកអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនប្រជាពលរដ្ឋ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ជាប់ព្រំដែនឡាវ មានចំនួន ១៨០គ្រួសារ រួចមកហើយដែរ ៕

 

 

Loading...