សម្តេចតេជោ ផ្តល់ជូនស័ង្កសីចំនួន ១២០០០សន្លឹក សម្រាប់ការកសាងអង្គភាពទ័ព និងការស្នាក់នៅ របស់កងទ័ពនិង គ្រួសារកងទ័ពក្នុងខេត្តកោះកុង

ខេត្តកោះកុង ៖ ស័ង្កសីចំនួន ១២.០០០សន្លឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកោះកុងនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីសាងសង់ផ្ទះជូនគ្រួសារយោធិន ដែលបច្ចុប្បន្ននេះ អង្គភាពបានកសាងផ្ទះជាង១០០០ខ្នងរួចហើយ និងបន្តកសាងបន្ថែម២០០ខ្នងទៀត ។

ឧត្តមសេនីយ៍ទោ សុខ សុវត្តិទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានមានប្រសាសន៍ថា នេះគឺជាគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខនិងការរស់របស់កងទ័ពនិងគ្រួសារកងទ័ពនៅទូទាំងប្រទេស។ ដោយឡែក សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ចំពោះសុខទុក្ខនិងការរស់របស់កងទ័ពនិងគ្រួសារកងទ័ពនៅក្នុងតំបន់ប្រតិបត្តិការសឹករងកោះកុង សំដៅលើកតម្កើនចំកិត្តិយស និងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់កងទ័ពនិងគ្រួសារកងទ័ព ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជំនួសមុខឱ្យនាយទាហាននាយទាហានរងនិងពលទាហានទាំងអស់នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់លើវិស័យការពារជាតិតាមរយៈការគិតគូយកចិត្តទុកដាក់ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ពនិងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ពនិងក្នុងអង្គភាពដែលកន្លងមកសម្តេចបានផ្តល់នូវ គ្រឿងឧបភោគបរិភោគជាច្រើនទៀត ។

គួររំលឹកផងដែរថា ការប្រគល់អំណោយស័ង្កសីចំនួន១២.០០០សន្លឹក សម្រាប់កសាងផ្ទះជូនគ្រួសារយោធិននៅក្នុងបញ្ជាការសឹករងកោះកុង បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនបានប្រកាសផ្តល់ជូននៅក្នុងឱកាសដែលលោកហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជននៅខេត្តកោកុងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ៕

 

Loading...